ជាតិ
បទសម្ភាសន៍
កង្វះ​សៀវភៅ​ឈ្នះ​អាហារូបករណ៍​នៅ​បរទេស ធ្វើ​ឲ្យ​លោក យ៉ាន់ ឧ​ត្ត​ម និពន្ធ​សៀវភៅ​«Inside Scholarships»
08, Dec 2018 , 8:09 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖«Inside Scholarships»​ជា​ចំណងជើង​សៀវភៅ​ថ្មី​មួយ ដែល​រៀបរាប់​ពី​វិធីសាស្ត្រ​ដើម្បី​ឈ្នះ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​។ លោក យ៉ាន់ ឧ​ត្ត​ម ដែលជា​អ្នកនិពន្ធ​សៀវភៅ​នេះ ឲ្យ​ដឹងថា​គឺ​ដោយសារតែ​លោក​មើលឃើញថា កង្វះខាត​សៀវភៅ​ប្រភេទ​នេះ​នៅ​កម្ពុជា ហើយ​លោក​ចង់​ចែក​រំលែ​ក​បទពិសោធន៍​របស់ខ្លួន ទៅ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ដែលមាន​ក្តី​ស្រមៃ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​។ ដ្បិត​«Inside Scholarships»​ជា​ភាសា​អង់គ្លេស​នេះ ជា​ស្នាដៃ​សៀវភៅ​ដំបូង​បំផុត​របស់ខ្លួន តែ​លោក ឧ​ត្ត​ម សង្ឃឹមថា​សៀវភៅ​នេះ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន ពី​អ្នកអាន ជាពិសេស​យុវជន​ដែលមាន​មហិច្ឆតា​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​។​


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​លោក​អ្នកនាង​ស្តាប់​បទ​សម្ភាស រវាង កញ្ញា សៅ សុខ​អេង នៃ​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក យ៉ាន់ ឧ​ត្ត​ម​ដូចតទៅ​៖


 
 
«Inside Scholarships បែប​អាហារូបករណ៍​អន្តរជាតិ​» ជា​សៀវភៅ​ភាសា​អង់គ្លេស ដែល​និពន្ធ​ដោយ​លោក យ៉ាន់ ឧ​ត្ត​ម ក្នុង​បំណង​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ទៅ​ឲ្យ​យុវជន​ដែលមាន​គោលដៅ បន្ត​សិក្សា​នៅក្រៅ​ប្រទេស​។ លោក យ៉ាន់ ឧ​ត្ត​ម បាន​ឲ្យ​ដឹងថា លោក​បាន​ចំណាយពេល​ប្រមាណ​១​ឆ្នាំ ដើម្បី​សរសេរ​សៀវភៅ​ជា​ភាសា​អង់គ្លេស កម្រាស់​១៥៥​ទំព័រ​នេះ​។ លោក យ៉ាន់ រៀបរាប់​ដូច្នេះ​៖« សៀវភៅ​នេះ​ជា​សៀវភៅ​បែប​បច្ចេកទេស ដែល​រៀបរាប់​ពី​គន្លឹះ​សរសេរ​ឯកសារ និង​ការ​រៀបចំខ្លួន​មុន​ទៅ​សិក្សា​នៅក្រៅ​បរទេស​។ សៀវភៅ​នេះ ក៏​បង្ហាញ​ពី​គំរូ​សរសេរ CV, Personal Statement, ឬ​Research Proposal  និង​ការរៀបចំ​ឯកសារ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការដាក់​ពាក្យ​ស្នើ​អាហារូបករណ៍​ផងដែរ​»​។​


 
​លោក យ៉ាន់ ឧ​ត្ត​ម ដែលមាន​បទពិសោធន៍​ជោគជ័យ​ទៅ​សិក្សា​នៅក្រៅ​ប្រទេស និង​ការធ្វើការងារ​ជាច្រើន​ឆ្នាំ​ក្នុងការ​បញ្ជូន​សិស្ស​ទៅ​សិក្សា​នៅ​បរទេស​ផង​នោះ រំពឹងថា​សៀវភៅ​ដែលជា​ស្នាដៃ​ដំបូង​របស់ខ្លួន​មួយ​នេះ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អ្នកអាន ជាពិសេស​ស្រទាប់​យុវជន​ដែលជា​សិស្ស​វិទ្យាល័យ ឬ​អ្នក​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​ដែល​បំណង​ទៅ​សិក្សា​នៅ​បរទេស​។ មានសង្ឃឹម​ខ្ពស់ ព្រោះ លោក ឧ​ត្ត​ម មើលឃើញថា សៀវភៅ​របស់ខ្លួន ជា​ប្រភេទ​សៀវភៅ​ដែល​កម្រ​មាន​អ្នកនិពន្ធ និង​ម្យ៉ាងទៀត វា​ត្រូវបាន​សរសេរ​ឡើងជា​ភាសា​អង់គ្លេស ដែល​វា​ជា​គំរូ​ជាក់ស្តែង​បង្ហាញ​ឲ្យ​អ្នកអាន​បាន​យល់ ពី​គោលនយោបាយ​ការបរទេស​របស់​ប្រទេស​នីមួយៗ ដែល​ពួកគេ​ចង់ទៅ​សិក្សា​ផងដែរ​។​


 
​សូមបញ្ជាក់ថា​សៀវភៅ «Inside Scholarships បែប​អាហារូបករណ៍​អន្តរជាតិ​» នឹងមាន​ដាក់លក់​នៅក្នុង​ពិព័រណ៍​សៀវភៅ​កម្ពុជា ពីថ្ងៃ​ទី​៧-៩​ធ្នូ​នៅ​បណ្ណាល័យ​ជាតិ​កម្ពុជា​ផងដែរ​៕
 

Tag:
 យ៉ាន់ ឧ​ត្ត​ម​
 ​អាហារូបករណ៍​
 ​សៀវភៅ​
 ​អប់រំ​
 ​និពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com