ជាតិ
ក្រោយ​អវត្តមាន​១០​ឆ្នាំ អ្នកនិពន្ធ ម៉ៅ សំណាង កាន់តែ​ស្រឡាញ់​ប្រលោមលោក​
08, Dec 2018 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ បាក់​ទឹកចិត្ត​អស់​រយៈពេល​១០​ឆ្នាំ ព្រោះតែ​ការលួចចម្លង​ស្នាដៃ និង​ការ​មិនឱ្យ​តម្លៃ​ពី​បណ្ណាគារ លើ​ស្នាដៃ​ប្រលោមលោក​របស់ខ្លួន អ្នកនិពន្ធ ម៉ៅ សំណាង មិនដែល​គិតថា​នឹង​បោះបង់ចោល​ការនិពន្ធ​ប្រលោមលោក​ឡើយ​។ ការសរសេរ​ប្រៀប​បានជា​មិត្ត​យល់ចិត្ត​បំផុត ដែល​វា​បាន​កំដរ​អ្នកនិពន្ធ​រូបនេះ​ស្ទើរ​ពេញ​មួយជីវិត​ទៅហើយ​។ ក្រោយពី​អាក់ខាន​ចេញ​សៀវភៅ​ប្រលោមលោក​ប្រមាណ​មួយ​ទសវត្សរ៍​មកនេះ អ្នកនិពន្ធ​ដែលមាន​រហស្សនាម ទន្សាយ នឹង​ចំណាយពេល​កាន់តែច្រើន​លើ​ប្រលោមលោក ដែល​អ្នកស្រី​ថា វា​បាន​ប្រលោម​មនុស្ស តាម​វិធី​ត្រជាក់​ឱ្យទទួល​យកគំនិត​ល្អរ​បស់​អ្នកនិពន្ធ​។​


 
​សូម​ស្ដាប់​ជីវ​ព័ត៌មាន​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖ 



 
​ផ្ដើមចេញពី​ការសរសេរ​ប្រលោមលោក ដើម្បី​ចិញ្ចឹម​ប្អូន​៥​នាក់ អ្នកស្រី ម៉ៅ សំណាង បាន​ក្លាយជា​អ្នកនិពន្ធ​តាំងពី​អាយុ​២២​ឆ្នាំ​។ ក្នុង​មួយខែ​ត្រូវតែ​សរសេរ​ឱ្យបាន​៤​រឿង អ្នកនិពន្ធ​រូបនេះ​បានដាក់​កំហិត​ខ្លួនឯង ក៏​ដើម្បី​អាចមាន​ប្រាក់​ទិញ​អង្ករ​ដាំបាយ​បាន​គ្រប់​មួយខែ​ដែរ​។ អ្នកស្រី ម៉ៅ សំណាង បញ្ជាក់​៖«​ជំនាន់​នោះ​តម្លៃ​ប្រលោម​គេ​គិត​ឱ្យ​ជា​មាស ដោយ​មួយ​រឿង​បាន​៣​ហ៊ុន​មាស អ្នកគ្រូ​អាច​ទិញ​អង្ករ​បាន​១​អាទិត្យ ចឹ​ង​អ្នកគ្រូ​ត្រូវ​ល័យ​យ៉ាងណា​មួយខែ​ត្រូវតែ​សរសេរ​ឱ្យបាន​បួន​រឿង​»​។​
 
​ទើបតែ​សម្ពោធ​សៀវភៅ​ថ្មី “​ប្រលោម​ចិត្ត​” ក្រោយពី​អវត្តមាន​១០​ឆ្នាំ អ្នកស្រី​ម៉ៅ​សំណាង មានឱកាស​បង្ហាញ​ពី​អារម្មណ៍​របស់ខ្លួន ដែល​លាក់ទុក​អស់​មួយ​ទសវត្ស​ន៍​មកហើយ​ដែរ​។ មិនមែន​មានតែ​បញ្ហា​សុខភាព​នោះទេ ដែល​ធ្វើឱ្យ​ស្ត្រី​វ័យ​៦១​ឆ្នាំ​រូបនេះ សម្រាក​សរសេរ​ប្រលោមលោក​រហូតដល់​១០​ឆ្នាំ តែ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ការលួចចម្លង​ស្នាដៃ និង​ការ​មិនឱ្យ​តម្លៃ​ពី​បណ្ណាគារ​ដែល​ទទួល​ស្នាដៃ​របស់​អ្នកស្រី​ទៅ​បោះ​ពុ​ម្ភ​។ «​អ្នកគ្រូ​បាក់​ទឹកចិត្ត​ហ្នឹង អ្នកគ្រូ​គិត​ដែរ គិត​ច្បាប់ទម្លាប់​យើង​មិនសូវមាន​អ្នក​គោរព​។ ហើយ​បើ​គ្រាន់តែ​រឿង​លួច​ចម្លង​ស្នាដៃ​ហ្នឹង​ក៏​អ្នកគ្រូ​មិន​សម្រាក​ដែរ តែ​មកពី​រឿង​បណ្ណាគារ​ដែរ ដែល​គេ​គិត​តម្លៃ​ឱ្យ​យើង សឹងតែ​មិនបាន​សោះ​។ អ្នកគ្រូ​មិនមែន​ថា​បាក់​ទឹកចិត្ត​រហូត​ទេ ដល់ពេល​មួយ​ដែល​យើង​អាចមាន​លទ្ធភាព​បោះ​ពុ​ម្ភ​ដោយ​ខ្លួនឯង យើង​ក៏​បន្ត​វិញ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អ្នកនិពន្ធ ទន្សាយ​។ 


 
​ទោះបី​ទឹកខ្មៅ​មិនបាន​ស្រស់​លើ​ផ្ទៃ​ក្រដាស​ស​ក្នុង​វិថី​ប្រលោមលោក​ក៏ពិតមែន តែ​ប៉ា​ការបស់​អ្នកនិពន្ធ​ទន្សាយ នៅតែ​បន្ត​ក្នុង​បន្ទាត់​ភាពយន្ត​។ ជា​រឿង​គួរឱ្យ​សោកស្ដាយ​សម្រាប់​អ្នកនិពន្ធ ដែល​ជោគជ័យ​លើ​ស្នាដៃ​ប្រលោមលោក​គ្រប់​ចំណងជើង តែ​រឿងភាពយន្ត​ដែល​អ្នកស្រី​បាន​តាក់តែង បែរជា​នៅមាន​ចំណុច​ខ្វះចន្លោះ​លើ​បច្ចេកទេស ដែល​អ្នកស្រី​ថា នៅ​មិនទាន់​ពេញចិត្ត​នៅឡើយ​។ អ្នកស្រី ម៉ៅ សំណាង បានបញ្ជាក់​យ៉ាង ដូច្នេះ​៖«​ភាពយន្ត ខ្ញុំ​មិនបាន​ទទួលជោគជ័យ​សោះ ព្រោះ​ពេលខ្លះ​មកពី​បច្ចេកទេស ឬ​មកពី​អ្នក​សម្ដែង គេ​មិនអាច​សម្ដែង​ដូច​ទៅនឹង​អ្វីដែល​យើង​សរសេរ​ទាំងស្រុង​ទេ​។ បើ​ប្រលោមលោក​ជោគជ័យ ព្រោះ​យើង​ជា​អ្នកសរសេរ​តែម្នាក់ឯង ដូច្នេះ​យើង​ចង់ឱ្យ​តួ​ល្អ​មិនល្អ ឬ​បត់បែន​យ៉ាងណា​គឺ​នៅលើ​យើង​»​។​
 
​ឆ្លៀត​ក្នុងឱកាស​សម្ពោធ​សៀវភៅ “​ប្រលោម​ចិត្ត​” អ្នកនិពន្ធ​រូបនេះ បាន​បញ្ជាក់ថា នឹង​បន្ត​អាជីព​ជា​អ្នកនិពន្ធ​ទាំង​ផ្នែក​អត្ថបទ​ភាពយន្ត និង​ប្រលោមលោក​។ មានជំនឿថា ស្នាដៃ​ប្រលោមលោក​របស់ខ្លួន អាចមាន​វត្តមាន​ក្នុង​ដៃ​អ្នកអាន​ច្រើន អ្នកនិពន្ធ​ដែល​កើតចេញពី​គ្រួសារ​គ្រូបង្រៀន​រូបនេះ នឹង​ចំណាយពេល​កាន់តែច្រើន លើ​ការសរសេរ​ប្រលោមលោក នៅ​ថ្ងៃ​ខាងមុខ​។ អ្នកស្រី បន្ថែម​៖ «​ខ្ញុំ​ជ្រើសរើស​ដើរ​ទាំងពីរ​។ តែ​ខ្ញុំ​ដកឃ្លា​ពី​ភាពយន្ត​ខ្លះ​ហើយ បើ​ខ្ញុំ​គិតថា​នឹង​ជ្រើសរើស​សរសេរ​ប្រលោមលោក​១០​ឆ្នាំ​ទៅមុខទៀត ខ្ញុំ​នឹង​សម្រួច​វា​»​។​
 
​ស្នាដៃ​ប្រលោមលោក​ប្រមាណ​១០០​រឿង សុទ្ធសឹងតែ​ទទួលបាន​ការគាំទ្រ​ច្រើន​តាំង​ពីមួយ​ទសវត្សរ៍​មុន អាច​នឹង​យកមក​បោះ​ពុ​ម្ភ​ជា​លើក​ទី​ពីរ​ដោយ​អ្នកស្រី ម៉ៅ សំណាង ម្ចាស់​ស្នាដៃ​ផ្ទាល់​។ ហើយ​ស្នាដៃ​ថ្មី​ដែល​នឹងត្រូវ​បោះ​ពុ​ម្ភ​បន្ទាប់ពី​រឿង ”​ប្រលោម​ចិត្ត​” គឺ​រឿង “​សែង​សុរិយា​” ដែលជា​ប្រភេទ​ប្រលោមលោក​ជួយផ្ដល់​កម្លាំងចិត្ត​។ និង​រឿង “​ទន្សាយ​ជា​នរណា​” និយាយ​ពី​ប្រវត្តិ​ពិត​របស់​អ្នកនិពន្ធ​ផ្ទាល់ ការជួប​ឧបសគ្គ បទពិសោធន៍​ផ្ទាល់ខ្លួន និង​បង្ហាញ​ពី​វិធី​តែង​និពន្ធ​ផងដែរ​។​
 
​អ្នកនិពន្ធ​ដែលមាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់សោម​រូបនេះ បាន​រម្លឹក​ពី​គ្រា​មុន​ក្លាយជា​អ្នកនិពន្ធ​យ៉ាង​ដូច្នេះ​ថា​៖« បើ​និយាយ​ពី​ការអាន​របស់ខ្ញុំ គឺ​អាន​មែនទែន​ហើយ​តាំងពី​អាយុ​៩​ឆ្នាំ​។ មកពី​សាលា​វិញ គឺ​ចូលក្នុង​បន្ទប់​របស់​ប៉ា​ហើយ​។ ប៉ា​គឺជា​គ្រូបង្រៀន គាត់​មាន​សៀវភៅ​ច្រើនណាស់​មិនមែន​តែ​ប្រលោមលោក​ទេ​។ ដល់​អាយុ​១៥​ឆ្នាំ​ចង់​ក្លាយជា​អ្នកនិពន្ធ​សរសេរ​សៀវភៅ​ឱ្យគេ​មើល​វិញ ដូច្នេះ​ពេលនោះ​ចាប់ផ្ដើម​ស្រាវជ្រាវ ឱ្យតែ​សៀវភៅ​ណា​និយាយ​ពី​ការ​តែង​និពន្ធ ខ្ញុំ​ទិញយក​មក​មើល​ទាំងអស់​»​។​
 
​ប្រឹងប្រែង​ផ្ដល់​ចំណី​អារម្មណ៍​តាមរយៈ​ប្រលោមលោក តាំងពី​ក្លាយជា​អ្នកនិពន្ធ​ដំបូង ស្ត្រី​ដែលមាន​រាង​ស្គម សម្បុរ​ស សម្ដី​ស្រាល​ស្រទន់​រូបនេះ ថា​ខ្លួន​មិនមាន​សូម្បីតែ​ពេល​ឈឺ ព្រោះ​ត្រូវ​ខំ​សរសេរ​រឿង​ឱ្យទាន់​តម្រូវការ​អ្នកមើល​។ «​ឈឺ​ហ្នឹង​ដោយសារតែ​ខ្ញុំ​សរសេរ​ពេញ​ម៉ោង​ទាំងអស់​។ ពេលខ្លះ​ភ្លេច​បាយ​ភ្លេច​ទឹក ដល់​ឥឡូវ​ឈឺ​គឺ​ខ្លាំង​តែម្ដង បើ​ដល់ពេល​ញ៉ាំ​បាយ ហើយ​មិន​ញ៉ាំ​វា​នឹងធ្វើ​ទុក​។ ពេល​នឹកឃើញ​ពាក្យ​អ្វីមួយ​ក្រោក​មក​កត់ បានជា​មិនបាន​ដេក​មិនបាន​ពួន​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អ្នកស្រី សំណាង​។​


 
​ទោះបីជា​ធ្លាប់​ទទួលរង​គ្រោះ​ព្រោះ​ការលួចចម្លង​ស្នាដៃ​កន្លងមក​ក្ដី តែ​អ្នកនិពន្ធ ម៉ៅ សំណាង មិនបាន​ខឹងសម្បា​និង​អំពើ​នេះ​ឡើង អ្នកស្រី​គ្រាន់តែ​បញ្ជាក់ថា មនុស្ស​គួរតែ​ចេះ​ខ្មាស់​ខ្លួនឯង​ខ្លះ និង​គួរតែមាន​ឧត្ដមគតិ​ផ្ទាល់ខ្លួន​មុន​ធ្វើ​អ្វីមួយ បើទោះបី​មនុស្ស​សុទ្ធតែ​ចង់បាន​ប្រាក់​ក្ដី​។​
 
​ទាក់ទង​នឹង​ការនិពន្ធ ស្ត្រី​កូន​មួយរូប​នេះ បានផ្ដល់​ជា​គំនិត​ដល់​អ្នកនិពន្ធ​វ័យក្មេង​ថា​៖«​ស្នាដៃ​របស់​យើង​បើ​ចង់​ឱ្យគេ​គាំទ្រ សំខាន់បំផុត​គឺ​សិល្ប៍​វិធី​ក្នុងការ​តែង​និពន្ធ​។ សូម្បីតែ​ពាក្យពេចន៍ ត្រូវតែ​រក​ពាក្យ​ណា​ដែលមាន​ប្រយោជន៍​។ អ្នកគ្រូ​ចូលចិត្ត​យកពាក្យ​ចាស់​បុរាណ​មក​សរសេរ ដាក់បញ្ចូល​ពាក្យ​អប់រំ​ទៅក្នុង​នោះ ដូចជា​ពាក្យ អូស​ទូក​កុំឱ្យ​ល្អាន ចាប់​ត្រី​បាន​កុំឱ្យ​ល្អក់​ទឹក​។ ខ្ញុំ​ចូលចិត្ត​ដាស់តឿន រំលឹក​ពីអ្វី​ដែលជា​របស់​ខ្មែរ​។ អ្នកអាន​តែងតែ​ចង់ឱ្យ​ខ្ញុំ​សរសេរ​ពី​ពាក្យចាស់​បុរាណ​។ យុវវ័យ​អ្វីដែល​គួរ​ធ្វើ​ដំបូង​គឺ​ការរៀនសូត្រ យ៉ាងហោចណាស់​ឱ្យបាន​ត្រឹម​ថ្នាក់​ទី​១២​ក៏បាន បើ​គាត់​មិនមាន​លទ្ធភាព​រៀន​បន្ត​។ រៀន​ប៉ុណ្ណេះ​ក៏​គាត់​អាច​រក​ការងារ​បានធ្វើ​សមរម្យ​ដែរ ដែល​គាត់​អាច​ទីពឹង​ខ្លួនឯងបាន​»​។​
 
​អ្នកស្រី ម៉ៅ សំណាង បាន​ក្លាយជា​អ្នកនិពន្ធ​ប្រលោមលោក​ឆ្នាំ ១៩៨១ និពន្ធ​បាន​១០០​រឿង​។  ក្លាយជា​អ្នកនិពន្ធ​អត្ថបទ​ភាពយន្ត ឆ្នាំ ១៩៨៧ និពន្ធ​បាន​ជាង​១០០ រឿង​។ អ្នកស្រី​ធ្លាប់​ប្រលង​ជាប់​ចំណាត់ថ្នាក់​លេខ ១ ពានរង្វាន់ ព្រះសីហនុ​រាជ ឆ្នាំ ១៩៩៥ រឿង «​រលក​បោក​ខ្សាច់​»​។ ជាប់​ចំណាត់ថ្នាក់​លេខ ៥ ពានរង្វាន់​ព្រះសីហនុ​រាជ​ទី​ពីរ​ឆ្នាំ ១៩៩៨ រឿង «​ពន្លឺ​ចន្ទ្រ​» ។ ជាប់​ចំណាត់ថ្នាក់​លេខ​២ នៅ​អង្គការ​ន័​រវេ​ស្សស​ង្គ្រោះ​កុមារ ឆ្នាំ ២០០០ រឿង «​កម្រងផ្កា​ម្លិះ​»​។ ជាប់​ចំណាត់ថ្នាក់​លេខ ៥ ពានរង្វាន់​មហោស្រព​អង្គរ ឆ្នាំ​២០០០ រឿង «​ឋានសួគ៌​សាង​បាប​»​។ ជាប់​អត្ថបទ​ជ្រើសរើស​បកប្រែ​ជា​ភាសា​ជប៉ុន ឆ្នាំ ២០០១ រឿង «​កម្រងផ្កា​ម្លិះ​» និង «​សមុទ្រ​ខ្មៅ​»​។ ជាប់​ជ័យលាភី​លេខ​១ ពានរង្វាន់​ទន្លេមេគង្គ ខ្មែរ វៀតណាម ឡាវ ឆ្នាំ​២០១០ រឿង «​ចិត្ត​មួយ​ថ្លើម​មួយ​»​។ បានទទួល​គ្រឿង​ឥស្សរិយយស មុនី​សារា​ភ័​ណ្ឌ ថ្នាក់​សេនា​ពីស​ម្ដេច ហ៊ុន សែន ក្នុងនាម​ជា​អ្នកនិពន្ធ​ដែលមាន​ស្នាដៃ​ល្អ​ក្នុងការ​ចូលរួមចំណែក លើកស្ទួយ​អក្សរសិល្ប៍ អក្សរសាស្ត្រ​និង​វប្បធម៌​ជាតិខ្មែរ​ឆ្នាំ ២០០៨ និង​បានទទួល​ព្រះរាជ​ប្រទាន​ពី​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ​នរោត្តម​សីហមុនី នូវ​គ្រឿង​ឥស្សរិយយស​មុនី​សារា​ភ័​ណ្ឌ​ថ្នាក់​មហាសេនា​ឆ្នាំ​២០១៤៕
 

Tag:
 ភ្នំពេញ​
  ម៉ៅ សំណាង​
  សៀវភៅ​
  ប្រលោមលោក​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com