ជាតិ
យុវជន​កម្ពុជា​២០០​នាក់​រំឭក​ចំណង​ការទូត​កម្ពុជា​-​ចិន​ដែល​ភ្ជាប់​ដោយ​ព្រះ​បរម​រតន​កោដ្ឋ និង​អតីត​មេដឹកនាំ​កំពូល​របស់​ចិន​
08, Dec 2018 , 10:58 am        
រូបភាព
​យុវជន​កម្ពុជា​២០០​នាក់​បាន​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​៦០​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន ក្នុងឱកាស​នៃ​ជំនួប​មិត្តភាព​យុវជន​កម្ពុជា​-​ចិន នៅ​ទីក្រុង​ប៉េកាំង​នៅក្នុង​សប្តាហ៍​នេះ​។ កម្ពុជា​និង​ចិន​បាន​ភ្ជាប់​ចំណង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​១៩៥៨​។​

 
​សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស​ចិន សរុប​២០០​នាក់ ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​វេទិកា​ជំនួប​មិត្តភាព​យុវជន​កម្ពុជា​-​ចិន​ដែល​ត្រូវបាន​រៀបចំ​នៅក្នុង​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន​នៅក្នុង​សប្តាហ៍​នេះ​។ យុវជន​នៃ​ប្រទេស​ទាំងពីរ​បាន​ឡើង​បង្ហាញ​ចំណាប់អារម្មណ៍​លើ​ផ្លែផ្កា​នៃ​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​។​
 
​លោក ហ៊ុន ម៉ា​នី ដែលជា​ប្រធាន​ប្រតិភូ​យុវជន​កម្ពុជា​បានលើកឡើង​នៅក្នុង​វេទិកា​ជំនួប​យុវជន​នោះ ដោយ​ជំរុញ​ឲ្យ​យុវជន​ស្វែងយល់ និង​សិក្សា​បន្ថែម​អំពី​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​។ ប្រធាន​ចលនា​យុវជន​ដ៏​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ប្រៀបធៀប​ទំនាក់ទំនងរ​វាង​ប្រទេស​ពីរ ទៅនឹង​មនុស្ស​ពីរ​នាក់​។ លោក ហ៊ុន ម៉ា​នី បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​មនុស្ស​ទោះបី​មាន​ក្រ​យ៉ាងណា គប្បី​រាប់អាន​គ្នា និង គោរព​គ្នា​ទៅវិញទៅមក​ដោយ​ភក្តីភាព​ជាមួយ​អ្នក​ដែលមាន​ចរិត និង​ចេតនា​ល្អ​។ ការទាក់ទង​រវាង​ប្រទេស និង​ប្រទេស​ក៏​ដូច​ច្នោះ​ដែរ​»​។​
 
​ជំនួប​រវាង​យុវជន​នៃ​ប្រទេស​ទាំងពីរ​នៅពេលនេះ បាន​ប្រព្រឹត្តទៅ​ចំ​ពេលដែល​ប្រទេស​មហាមិត្ត​ទាំងពីរ​កំពុង​ប្រារព្ធ​ខួប​ចំណង​ការទូត​ឆ្នាំ​ទី​៦០​។ ខណៈពេលដែល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ប្រទេស​ចិន​តាំងពី​ខែធ្នូ​ឆ្នាំ​២០១០​នោះ ការពង្រឹង​ទំនាក់ទំនង​យុវជន​ជា​អ្នក​បន្តវេន គួរតែ​ជា​យន្តការ​មួយ​នៅក្នុង​ភាពជា​ដៃគូរបស់​ប្រទេស​ទាំងពីរ​។​
 
​ប្រទេស​កម្ពុជា និង​ប្រទេស​ចិនប្រជាមានិត បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៩ កក្កដា  ១៩៥៨ បន្ទាប់ពី​ជំនួប​ទ្វេភាគី​លើក​ទី​១ រវាង ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​លោក ជូ អេ​ន ឡាយ អតីត​នាយករដ្ឋមន្ត្រី​ចិន ក្នុងអំឡុងពេល​ចូលរួម​សន្និសីទ ទីក្រុង​បាន​ឌុ​ង  នៅ​ខែ មេសា ១៩៥៥ នៅ​ទីក្រុង​បាន​ឌុ​ង ប្រទេស​ឥណ្ឌូនេស៊ី និង​ការបំពេញ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​ប្រទេស​ទាំងពីរ​ក្នុងអំឡុង​ឆ្នាំ ១៩៥៦៕
 

Tag:
 យុវជន
  ចិន
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com