ជាតិ
ការបញ្ចប់​ការឆ្លង​«​ជំងឺអេដស៍​»​ទាំងស្រុង​នៅ​ទូទាំង​ពិភពលោក​នៅតែ​ជា​រឿង​លំបាក​ខ្លាំង​
08, Dec 2018 , 3:55 pm        
រូបភាព
​ចាប់តាំងពី​ការលេចឡើង​នៃ​ជំងឺអេដស៍​ដែល​បង្កដោយ​វីរុស HIV នៅ​អំ​ឡុ ឆ្នាំ​១៩៨០​មក មនុស្ស​រាប់លាន​នាក់​ជុំវិញ​ពិភពលោក​បាន​ស្លាប់បាត់​បង់ជីវិត​។ ថ្វីបើ​ចំនួន​អ្នករងគ្រោះ​ចាប់ផ្តើម​ថយចុះ​ខ្លាំង​មែន​ក្តី ការបន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅ​មិនទាន់​ដល់​បញ្ចប់​នៅឡើយ​ទេ​។

 
​អង្គការ​សុខភាព​ពិភពលោក បញ្ជាក់​កាលពី​ចុងខែ​វិច្ឆិកា​ថា ចាប់តាំងពី​ការរីក​រាលដាល​នៃ​ជំងឺអេដស៍​រហូតមកដល់​សព្វថ្ងៃ មនុស្ស​ប្រមាណ​ជា ៧៧​លាន​នាក់​ក្នុង​ពិភពលោក​បាន​ផ្ទុក​ជំងឺអេដស៍ ដែល​នៅ​ក្នុងនោះ​អ្នកស្លាប់​មាន​រហូតដល់ ៣៥​លាន​នាក់​។ បច្ចុប្បន្ន មាន​មនុស្ស​ប្រមាណ​ជា​៣៧​លាន​អ្នក​នៅតែមាន​ផ្ទុក​វីរុស HIV និង​ក្នុងនោះ​មាន ២២​លាន​នាក់​កំពុង​ទទួល​ការព្យាបាល​។ 
 
​វេជ្ជបណ្ឌិត Gottfried Hirnschall ដែល​ទទួលបន្ទុក​ខាង​ការទប់ស្កាត់​និង​សិក្សា​ពី​ការរីក​រាលដាល​នៃ​ជំងឺអេដស៍​នៅ​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង​ខួប​លើក​ទី ៣០ នៃ​ការប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​ថ្ងៃ ១​ធ្នូ បាន​មានប្រសាសន៍ថា ពេល​ទិវា​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​ត្រូវបាន​ធ្វើឡើង​ក្នុង​ឆ្នាំ​១៩៨៨ វិធីសាស្ត្រ​ក្នុងការ​បង្ការ​នៅមាន​ប្រសិទ្ធភាព​តិចតួច និង​ទន់ខ្សោយ​នៅឡើយ​។ ចំណែក ការចុះទៅ​អប់រំ​នៅតាម​សហគមន៍​តូច​នៅពេលនោះ​នៅ​ជុំវិញ​ពិភពលោក​ក៏​នៅមាន​ឧបសគ្គ​ជាច្រើន​ដែរ​។​
 
​ដោយសារតែ​ថ្នាំ​ព្យាបាល​នៅ​មិនទាន់បាន​រកឃើញ​នៅឡើយ យុទ្ធនាការ​ក្នុងការ​ទប់ស្កាត់​និង​ការអប់រំ​មនុស្ស​ត្រូវបាន​ភ្នាក់ងារ​ពាក់ព័ន្ធ​បន្ត​រៀបចំ​យ៉ាង​យកចិត្តទុកដាក់​។ ការផ្សព្វផ្សាយ​នានា​ត្រូវបាន​បន្តធ្វើ​ទៅមុខ​ជាពិសេស​ការ​ដាស់តឿន​មិន​ឲ្យ​មានការ​ប្រើ​ម្ជុល​រួមគ្នា រួមភេទ​ជាមួយ​ដៃគូ​ច្រើន​នាក់ និង​ការប្រើប្រាស់​ស្រោមអនាម័យ​ជាដើម​។ 
 
​នៅ​ឆ្នាំ​១៩៩១ រាង​ខ្សែបូ​ពណ៌​ក្រហម​ដែល​តំណាង​ឲ្យ​ជំងឺអេដស៍​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​វិចិត្រករ​ម្នាក់​មកពី​ទីក្រុង​ញូវយ៉ក​។ នៅក្នុង​នោះ ពណ៌​ក្រហម​ត្រូវបាន​គេ​តំណាង​ឲ្យ​តំណក់ឈាម​នៃ​សេចក្តីស្រលាញ់ ហើយ​រាង​ខ្សែបូ​ដំណាង​ឲ្យ​ទំនាក់ទំនង​រវាង​បុគ្គល​និង​បុគ្គល​។ 
 
​នៅ​អំ​ឡុងចុង​ទស្សវត្ស​ឆ្នាំ​១៩៨០ ការស្រាវជ្រាវ​និង​ទប់ស្កាត់​ថ្មី​បានធ្វើ​ឡើង​នៅ​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​និង​បាន​សង្គ្រោះ​រួច​ពន្យារ​ជីវិត​មនុស្ស​រាប់សែន​នាក់​។ នៅក្នុង​ឆ្នាំ​២០១៧ ប្រជាជន​ប្រមាណ​៧៥% ឬ​ស្មើ ២៨​លាន​អ្នក មានលទ្ធភាព​និង ឱកាស​ក្នុង​ការទទួល​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍​នៅតាម​មន្ទីរពេទ្យ​ក្នុង​តំបន់​រៀងៗ​ខ្លួន​។​
 
 ការទប់ស្កាត់​ជំងឺ​នេះ​ទាំងស្រុង​តែម្តង​ពិតជា​មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះទេ​។ ជា​រៀងរាល់ឆ្នាំ មនុស្ស​ប្រមាណ​ជិត​មួយ​លាន​នាក់​នៅតែ​ទទួលមរណភាព​ដោយសារ​ជំងឺអេដស៍​នៅឡើយ​។ គេ​រំពឹងថា ការបញ្ឈប់​ការ​រាលដាល​នៃ​ជំងឺ​នេះ​នឹងត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​២០៣០​ខាងមុខ បើ​ការព្យាបាល​ធ្វើឡើង​និង​ទទួលបាន​ផល​ល្អ​តាម​ការគ្រោងទុក​របស់​អ្នកស្រាវជ្រាវ​។ 

Tag:
 ជំងឺអេដស៍​
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com