ជាតិ
ពលរដ្ឋ​ខ្មែរ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការផលិត​វីដេអូ​ឯកសារ​«​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​»
08, Dec 2018 , 5:42 pm        
រូបភាព
រូបភាពពីអ្នកស្រី ឡុង គីមហ៊ាង
រូបភាពពីអ្នកស្រី ឡុង គីមហ៊ាង
​លោក រ៉ាត់ រដ្ឋ​មុនី ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន តាម​សំណើរ​របស់​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី ៧ ខែធ្នូ នៅ​ទីក្រុង​បាងកក​។ អ្នកស្រី ឡុង គីម​ហ៊ាង ដែលជា​ភរិយា​របស់លោក រដ្ឋ​មុនី ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ស្វាមី​របស់ខ្លួណ ត្រូវបាន​ចាប់ខ្លួន​ត្រូវបាន​ចាប់ខ្លួន ដោយសារ​ពាក់ព័ន្ធ​នឹង​ការជួយ​ផលិត​វីដេអូ​ឯកសារ​ដែលមាន​ចំណងជើង​ថា​«​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ឲ្យ​សារព័ត៌មាន​RT​។


 
​អ្នកស្រី ឡុង គីម​ហ៊ាង ដែល​នៅ​ជាមួយ​ស្វាមី​គ្រា​ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​នោះបាន​បន្តថា ការចាប់ខ្លួន​នេះ​កើតឡើង នៅពេលដែល​ស្វាមី និង​អ្នកស្រី ព្យាយាម​ស្នើសុំ​ទិដ្ឋាការ​ធ្វើដំណើរ​ទៅ​ប្រទេស​ហូ​ឡង់​។ ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​នេះ អ្នកស្រី ឡុង គីម​ហ៊ាង បារម្ភ​ថា​ប្តី​របស់ខ្លួន​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ព្រោះតែ​ជួយ​ផលិត​វីដេអូ​ឯកសារ​ដែល​និយាយ​ពី​ការពិត​ដែល​កើតឡើង​នៅ​កម្ពុជា ខណៈ​អាជ្ញាធរ​ថៃ​កំពុង​រៀបចំ​នីតិវិធី ដើម្បី​បញ្ជូន​ស្វាមី​របស់ខ្លួន​មក​កម្ពុជា​វិញ​។  អ្នកស្រី ឡុង គីម​ហ៊ាង បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​ជឿថា វីដេអូ​ឯកសារ​ដែល​ប្តី​ខ្ញុំ​ជួយ​ផលិត​ក្នុងនាម​ជា​អ្នកបកប្រែ និង​អ្នក​សម្ភាសន៍ នោះ​គឺជា​រឿង​ពិត ហើយ​ខ្ញុំ​បារម្ភ​ថា នៅពេល​ប្តី​ខ្ញុំ​ត្រូវបញ្ជូន​មកដល់​កម្ពុជា គេ​នឹងដាក់​សម្ពាធ​ឲ្យ​គាត់​ឆ្លើយ​តាម​អ្វីដែល​គេ​ចង់បាន​។ បើ​គាត់​មិន​ព្រមឆ្លើយ​តាម គាត់​អាច​ត្រូវ​ជាប់ពន្ធនាគារ​»​។  
 
​ពាក់ព័ន្ធ​នឹង​វីដេអូ​ឯកសារ​ដ៏រ​ស៊ើប​នេះ ស្ត្រី​ជា​ម្តាយ និង​កូនស្រី នៅក្នុង​វីដេអូ​ឯកសារ​នោះ​ក៏​ត្រូវបាន​អាជ្ញាធរ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ហៅ​ទៅ​សាកសួរ​ផងដែរ​។ នៅក្នុងពេល​សាកសួរ ពួកគេ​សារភាពថា បានទទួល​ប្រាក់​២០០​ដុល្លារ ជា​ថ្នូរ​នឹង​ការសម្តែង​នៅក្នុង​វីដេអូ​ឯកសារ​នោះ​។ វា​មិនមែនជា​រឿង​ពិត ដែល​បាន​កើតឡើង​ចំពោះ​ពួកគេ​នោះទេ​។ នេះ​បើតាម​កាសែត​ខ្មែរ​ថា​ម ដែល​បាន​ស្រង់​សម្តី​លោក កែវ ធា ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​។  
 
​គួររំឭកថា វីដេអូ​ឯកសារ​ដ៏រ​ស៊ើប​ដែលមាន​ចំណងជើង​«​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ត្រូវបាន​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន​រុស្ស៊ី​ធូ​ដេ​(RT) កាលពី​អំឡុង​ខែតុលា​កន្លងទៅ​។ វីដេអូ​ឯកសារ​នេះ​និយាយ​ពី យុវតី​កម្ពុជា ត្រូវបាន​ម្តាយ​លក់​ព្រហ្មចារី ដោយសារ​តែមាន​ជីវភាព​ខ្វះខាត​៕
 

Tag:
 ជួញដូរ​មនុស្ស​
 ​វីដេអូ​ឯកសារ​
 ​រ៉ាត់ រដ្ឋ​មុនី​
 ​ឡុង គីម​ហ៊ាង​
© រក្សាសិទ្ធិដោយ thmeythmey.com