អន្តរជាតិ
ព្រៃ​អា​ម៉ា​ស្សូន​៖ តើ​ការអភិវឌ្ឍ និង​ការបំផ្លិចបំផ្លាញ​ទន្ទ្រាន​យក​ព្រៃឈើ​ត្រូវតែដើរ​ទន្ទឹមគ្នា​?
09, Dec 2018 , 12:09 pm        
រូបភាព
​តើ​ការរីកលូតលាស់​ជឿនលឿន​នៃ​ពិភពលោក​និង​ការថែរក្សា​ការពារ​បរិស្ថាន​ធម្មជាតិ​អាច​កើតឡើង​ក្នុងពេល​តែមួយ​បានដែរ​ឬទេ​? តើ​ការ​អភិរ​ឌ្ឍ​បច្ចេកវិទ្យា​នឹងធ្វើ​ឲ្យ​សម្បត្តិ​ធម្មជាតិ​ឆ្ពោះទៅរក​ភាព​វិនាស​អន្តរាយ​មែនឬ​? នេះ​ជា​សំណួរ​ដែល​ពិបាក​ក្នុង​ការរក​ចម្លើយ​ដោយបាន​ច្បាស់លាស់​ណាស់​។​

 
​ដើម្បី​ឆ្លើយ​សំណួរ​នេះ គេ​គួរ​ងាក​ទៅរក​ព្រៃ​អា​ម៉ា​ស្សូន​នៅ​ប្រទេស​ប្រេ​ស៊ី​ល និង​ជា​ព្រៃ​ដែលមាន​ទំហំ​ធំ​ជាង​ក្នុង​ពិភពលោក​។​
 
​មាន​ទំហំ​ប្រមាណ​៦៧០​លាន​ហិកតា ព្រៃ​អា​ម៉ា​ស្សូន​មាន​ផ្ទៃដី​ធំ​ជាង​អឺរ៉ុប​ប៉ែក​ខាងលិច​ឬ​ប្រទេស​ឥណ្ឌា​ទៅទៀត​។ ប៉ុន្តែ​ក្នុង​រយៈពេល​ត្រឹមតែ​ជា ៣០​ឆ្នាំ​ក្រោយនេះ​ប៉ុណ្ណោះ ព្រៃ​អា​ម៉ា​ស្សូន​ត្រូវបាន​គេ​កាប់បំផ្លាញ​អស់​ជាង​២០​ភាគរយ​ទៅហើយ ប្រៀប​នឹង​ទំហំ​កាលពីដើម​។ 
 
​ភ្នាក់ងារ​ពាក់ព័ន្ធ​ខ្លះ​បាន​ព្យាយាម​ហាមប្រាម​ការកាប់​ដើម​រុក្ខជាតិ​ដែលមាន​វ័យ​ចំណាស់​រាប់រយឆ្នាំ ហើយ​ខ្លះទៀត​បាន​ព្យាយាម​ការពារ​ជីវភាព​រស់នៅ​របស់​ក្រុម​កុលសម្ព័ន្ធ​ដែល​រស់នៅក្នុង​តំបន់​ដើម្បី​ធានា​និរន្តរភាព​ព្រៃឈើ​។ ចំណែក​ខ្លះទៀត​បាន​លើក​ហេតុផល​ថា ព្រៃ​អា​ម៉ា​ហ្សូ​ន​នេះ​មាន​លក្ខណៈ​សំខាន់​ខ្លាំង​ដែល​ចាំបាច់​ត្រូវ​ថែរក្សា​កា​ពារ​ឲ្យ​គង់វង្ស ដ្បិត​វា​ជាទី​ជំរក​របស់​ពពួកសត្វ​ប្រមាណ​ជា​១​ភាគ​១០ នៃ​ប្រភេទ​សត្វ​សរុប​ដែលមាន​លើ​ពិភពលោក​។ 
 
World Economic Forum ចុះផ្សាយ​ថា ព្រៃ​អា​ម៉ា​ស្សូន​មាន​សមត្ថភាព​រក្សា​សមាសធាតុ​កាបូន​សរុប​ប្រមាណ ១០០ ពាន់​លាន​តោន ស្មើនឹង​១០​ដង​នៃ​បរិមាណ​កាបូន​ដែល​មនុស្ស​បញ្ចេញ​ដោយ​ការប្រើប្រាស់​ផូស៊ីល​ឥន្ធនៈ​ក្នុង​មួយឆ្នាំៗ​។ ប្រើ​ព្រៃ​នេះ​នៅតែ​បន្ត​រង​ការបំផ្លិចបំផ្លាញ​ទៀត បរិមាណ​សមាសធាតុ​កាបូន​ដែលមាន​ក្នុង​បរិយាកាស​នឹងធ្វើ​ឲ្យ​បរិស្ថាន​ធម្មជាតិ​នានា​ជុំវិញ​ពិភពលោក​រង​ការខូចខាត​កាន់តែខ្លាំង​។​
 
​ការកាប់​ព្រៃឈើ​ភាគច្រើន​គឺ​ដើម្បី​វាត​យក​ដី​សម្រាប់ធ្វើ​កសិក​ម្ម​ដូចជា​ដំណាំ​ស្រូវ ស្រូវ​សាលី ដំឡូង ឬ ដូងប្រេង​ជាដើម​។ យោងតាម​ស្ថិតិ​របស់​អង្គការ OECD ប្រទេស​ប្រេ​ស៊ី​ល​នឹង​ក្លាយជា​អ្នកផ្គត់ផ្គង់​ស្ករ​ជិត​ពាក់កណ្តាល​នៃ​ស្ករ​ដែល​ត្រូវ​ផ្គត់​ផ្គង​សរុប​ក្នុង​ទីផ្សារ​ពិភពលោក​។ ប្រទេសមួយ​នេះ​ក៏​នឹង​ក្លាយជា​ប្រទេស​នាំចេញ​សណ្តែកសៀង​ធំជាងគេ​ពោលគឺ ប្រមាណ​៤៧% នៃ​សណ្តែកសៀង​ត្រូវបាន​នាំចេញ​ទៅកាន់​ពិភពលោក​ក្នុង​ឆ្នាំ​២០២៦ ខាងមុខ​។ 
 
​ដោយសារតែ​តម្រូវការ​ដី​ក្នុងការ​បង្កបង្កើនផល​មានការ​កើនឡើង​យ៉ាង​ឆាប់រ​ហ័យ​នេះហើយ​ទើប​ការទន្ទ្រាន​យក​ដីព្រៃ​ក្លាយជា​បញ្ហា​ចោទ​មួយ និង​ពិបាក​ក្នុងការ​ដោះស្រាយ​ជាទីបំផុត​។ រឿងរ៉ាវ​ទាំងអស់នេះ​ពិតជា​ត្រូវការ​ការសហការ​រវាង​ដៃគូ​អភិវឌ្ឍន៍​និង​រដ្ឋាភិបាល​ពាក់ព័ន្ធ​រួមទាំង​ភាគី​ឯកជន​ផងដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជាពិសេស​ធានា​ផ្គត់ផ្គង់​ផលិតផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផង និង​ធានា​កាត់បន្ថយ​ផល​អវិជ្ជមាន​លើ​បរិស្ថាន​ធម្មជាតិ​ផង​៕ 

Tag:
 ​បរិស្ថាន​
  ប្រ​ស៊ី​ល​
 ​ព្រៃឈើ​
  អា​ម៉ា​ហ្សូ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com