អន្តរជាតិ
ជប៉ុន​គ្រោង​ទិញ​សម្ភារៈ​យោធា​អាមេរិក​បន្ថែម តាម​ការទាមទារ​រប​ស់លោក ត្រាំ​
11, Dec 2018 , 8:39 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ:
​ក្រុង​តូ​ក្យូ នឹង​បង្កើន​ការចំណាយ​លើ​វិស័យ​យោធា​របស់ខ្លួន ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ  ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​សន្តិសុខ និង​កាត់បន្ថយ​អតិរេក​ពាណិជ្ជកម្ម (Trade Surplus) ជាមួយ​សហរដ្ឋអាមេរិក តាមរយៈ​ការបញ្ជាទិញ​សម្ភារៈ​អាមេរិក​។ គម្រោង​ចាយប្រាក់​ថ្មី​នេះ​គឺធ្វើឡើង ស្របពេល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជំរុញ​ឲ្យ​ជប៉ុន​បង្កើន​ការទិញ​ទំនិញ​របស់​អាមេរិក​។​

 
​ក្រសួងការពារជាតិ​ជប៉ុន មានបំណង​ចាយប្រាក់​យ៉ាងហោចណាស់ ២៤០​ពាន់​លាន​ដុល្លារ ចាប់ពី​ខែមេសា​ឆ្នាំ​២០១៩ ដល់​ខែមីនា​ឆ្នាំ​២០២៤​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Asian Nikkei នៅ​ថ្ងៃទី​០៨ ខែធ្នូ ជប៉ុន​គ្រោង​នឹង​ស្នើសុំ​ការអនុម័ត​ពី​សភា​សម្រាប់​គម្រោង​ថវិកា​យោធា​ថ្មី​នេះ នា​ពាក់កណ្តាល​ខែធ្នូ ឆាប់ៗ​ខាងមុខ​។ 
 
​បច្ចុប្បន្ននេះ ក្រសួងការពារជាតិ​ជប៉ុន​បាន​ចំណាយ​ប្រាក់​ប្រមាណ ៨០​ភាគរយ​នៃ​កញ្ចប់​ថវិកា​ការពារ​សរុប (៤៦​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨) ទៅលើ​សម្ភារៈ​យោធា និង​កងទ័ព​។  ហើយ​ក្រោម​គម្រោង​ថ្មី​នេះ ប្រាក់​ចំណាយ​លើ​ការបញ្ជាទិញ​សម្ភារៈ​យោធា​ថ្មី នឹងត្រូវ​ផ្តាច់​ចេញពី​ការចំណាយ​ទាំងអស់នេះ​។ ដូច្នេះហើយ ក្រុង​តូ​ក្យូ​នឹងមាន​ភាពងាយស្រួល​ជាង​មុន ក្នុង​ការទិញ​សម្ភារៈ​យោធា​ពី​អាមេរិក​។ 
 
​មែនទែនទៅ ការបញ្ជាទិញ​សម្ភារៈ​យោធា​អាមេរិក​អាចជួយ​ឲ្យ​ជប៉ុន កាត់បន្ថយ​ការប៉ះទង្គិច​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ស្របពេល​ដែល​លោក ដូ​ណា​ល់ ត្រាំ បាន​ជំរុញ​ឲ្យ​ក្រុង​តូ​ក្យូ បង្កើន​ការទិញ​ផលិតផល​អាមេរិក​រួមមាន​សម្ភារៈ​យោធា​ជាដើម​។ លើសពីនេះ ប្រធានាធិបតី​អាមេរិក​ទី​៤៥​រូបនេះ ក៏បាន​គំរាម​ដំឡើង​ពន្ធ​លើ​រថយន្ត​ជប៉ុន ដែល​នាំចូល​ទៅកាន់​ទីផ្សារ​អាមេរិក​ថែម​ទៀតផង ក្នុង​គោលដៅ​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន​។ 
 
​ជាមួយគ្នានេះ រដ្ឋាភិបាល​ជប៉ុន​ក្នុង​អាណត្តិ​របស់លោក​នាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ ក្នុងការ​បង្កើន​សមត្ថ​ភាព​យោធា​របស់​ជប៉ុន​។  មូលហេតុ​ចម្បង​នោះ​គឺ ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង​បាញ់​មី​ស៊ី​លពី​សំណាក់​របប​ក្រុង​ព្យុងយ៉ាង  និង​ទប់ទល់​ការកើនឡើង​នៃ​ឥទ្ធិពល​យោធា​របស់​មហា​យក្ស​ចិន​នៅក្បែរ​ប្រជុំ​កោះ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​។​
 
​ជាក់ស្តែង ជប៉ុន​បានសម្រេច​ចំណាយ​ប្រាក់​ដល់​ទៅ ៤៧​ពាន់​លាន​ដុល្លារ​អាមេរិក លើ​វិស័យ​ការពារជាតិ​នា​ឆ្នាំ​២០១៩  ក្នុង​គោលដៅ​ដំឡើង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ថ្មី ដែលមាន​សមត្ថភាព​បា​ញ់​ទម្លាក់​មី​ស៊ី​ល​បាលី​ស្ទិ​ករ​បស់​កូរ៉េខាងជើង​។ ដ្បិតថា ក្រុង​តូ​ក្យូ នៅតែ​ចាត់ទុក​បញ្ហា​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ថា ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់ខ្លួន ទោះបី​ក្រុង​ព្យុងយ៉ាង​សន្យា​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ក៏ដោយ​ក្តី​៕
 

Tag:
 ​ជប៉ុន​
  សហរដ្ឋអាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com