កីឡាជាតិ
ជាតិ
ល្បុក្កតោ​មាន​ភារកិច្ច​ធំៗ​៣ គឺ​ការចុះបញ្ជី​បេតិកភណ្ឌ រៀបចំ​វគ្គ​បណ្តុះបណ្តាល និង​ចូលរួម​ស៊ី​ហ្គេម​
10, Dec 2018 , 10:39 pm        
រូបភាព
លោក ចាន់​ សារុន ថ្លែងក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៨ របស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
លោក ចាន់​ សារុន ថ្លែងក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៨ របស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
ដោយ:
​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា មាន​កិច្ចការ​ធំៗ​ចំនួន​បី ដែល​ត្រូវ​ធ្វើជា​ចាំបាច់​នៅ​ឆ្នាំ​២០១៩ ដើម្បី​អភិវឌ្ឍន៍​កីឡា​គុន​ល្បុក្កតោ និង​មុខមាត់​ប្រទេសជាតិ​។ កិច្ចការ​ធំៗ​ទាំងនេះ ត្រូវ​ថ្នាក់ដឹកនាំ​សហព័ន្ធ លើកឡើង​ក្នុង​អង្គសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​ដាក់​ទិសដៅ​អនុវត្ត​ប្រចាំឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨​។​

 
​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​លោក វ៉ា​ត់ ចំរើន បានចាត់ទុក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ដ៏​អស្ចារ្យ និង​មមាញឹក​សម្រាប់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ ព្រោះ​សហព័ន្ធ​មាន​ការងារ​ច្រើន ដែល​ត្រូវ​ធ្វើជា​ចាំបាច់​។ កិច្ចការ​សំខាន់​មួយ​ក្នុងចំណោម​កិច្ចការ​ទាំងនេះ គឺ​ការ​ពិនិត្យឡើងវិញ​នូវ​ឯកសារ ដែល​បានស្នើ​ចុះបញ្ជី​គុន​ល្បុក្កតោ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​។​


 
​ការពិនិត្យ​ដែល​គ្រោង​ធ្វើ​ក្នុងអំឡុង​ខែមីនា ឆ្នាំ​២០១៩​ខាងមុខ បន្ទាប់ពី​ពិនិត្យឃើញថា ឯកសារ​ដែល​បានដាក់​ទាំងនោះ​នៅមាន​ចំណុច​ខ្វះខាត​។ ម្យ៉ាង​ដើម្បី​ធានាថា ឯកសារ​ទាំងនោះ​មាន​លក្ខណ​គ្រប់គ្រាន់​តាមបែប​បទ​ក្នុងការ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​យូណេស្កូ ដែល​នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩​។  


 
«​បន្ទាប់ពី​ល្ខោនខោល ដល់​វេន​ល្បុក្កតោ​យើង​ក្នុងការ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់ UNESCO​។ នៅ​ឆ្នាំក្រោយ​យើង​មាន​ការងារ​ជាច្រើន​ត្រូវធ្វើ គឺ​ធ្វើការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​សម្អាត និង​មើល​ឡើងវិញ​នូវ​ចំណុច​ខ្វះខាត​ក្នុង​ឯកសារ​ដែល​យើង​បានដាក់ និង​ធ្វើការ​ឲ្យ​ហ្មត់ចត់​ជាមួយ​ក្រសួង ដើម្បី​ធានាថា ឯកសារ​យើង​មាន​លក្ខណ​គ្រប់គ្រាន់​ក្នុងការ​ចុះបញ្ជី​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។​


 
​ជាមួយ​ការបង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ លោក ចាន់ សារុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បានចាត់ទុក​ដំណឹង​នេះ​ថា វា​មិន​ត្រឹមតែ​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់​កីឡា​គុន​ល្បុក្កតោ និង​ប្រជាពលរដ្ឋ​កម្ពុជា​នោះទេ តែ​ជា​មោទកភាព​សម្រាប់​ប្រទេសជាតិ​ទាំងមូល​។ 


 
«​ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់ ក្រោយ​បាន​ស្តាប់​ប្រសាសន៍​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន ដែល​បាន​រាយការណ៍​ថា បន្ទាប់ពី​ល្ខោនខោល កីឡា​គុន​ល្បុក្កតោ​នឹង​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​អូរ​បី​នៃ​មនុស្សជាតិ​របស់ UNESCO​។ ជាមួយគ្នានេះ ខ្ញុំ​ក៏មាន​ក្តីបារម្ភ​ផងដែរ​ចំពោះ​បញ្ហា​នេះ ព្រោះ​យើង​នៅមាន​កិច្ចការ​ជាច្រើន​ទៀត ដែល​ត្រូវធ្វើ​ក្នុងការ​ចុះបញ្ជី​»​។ លោក ចាន់ សារុន ថ្លែង​បែបនេះ ហើយ​បានស្នើ​ឲ្យ​កីឡាករ គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ ត្រូវ​ចេះ​រួបរួមគ្នា សាមគ្គី​គ្នា និង​ជួយ​ជ្រោង​ជ្រែង​គ្នា ដើម្បី​បង្ហាញ​អន្តរជាតិ​ឲ្យ​ឃើញថា គុន​ល្បុក្កតោ​ជា​ក្បាច់គុន​របស់​ខ្មែរ​ពិតៗ​។ 


 
​ក្រោយ​កីឡា​គុន​ល្បុក្កតោ​ត្រូវបាន​ដាក់​ឲ្យ​ហ្វឹកហាត់​ក្នុង​ជួរ​កងទ័ព​កាលពីពេល​កន្លងទៅ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា គ្រោង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្នុង​ក្របខណ្ឌ​ជួរ​កងទ័ព​នៅ​ឆ្នាំ​ក្រោយនេះ​។ ការបណ្តុះបណ្តាល​នេះ គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​កីឡា​អត្តសញ្ញាណ​ជាតិ​មួយ​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​ក្នុង​ជួរ​កងទ័ព ពិសេស​បង្កើន​ធនធាន​កីឡាករ​។ ទន្ទឹមនឹងនេះ សហព័ន្ធ​ក៏​គ្រោង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្នុង​ក្របខណ្ឌ​អប់រំ​កាយ និង​កីឡា​ផងដែរ បន្ទាប់ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ដាក់បញ្ចូល​កីឡា​នេះ​ក្នុង​កម្មវិធីសិក្សា​កម្រិត​អនុវិទ្យាល័យ​។​


 
​កិច្ចការ​សំខាន់​មួយទៀត គឺ​ការបណ្តុះបណ្តាល​កីឡាករ​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។ សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នេះដែរ ល្បុក្កតោ នឹងចូលរួម​ប្រកួតប្រជែង​ក្នុង​ប្រភេទ​កីឡា​វប្បធម៌​ប្រពៃណី​របស់​ហ្វីលីពីន​មួយ ដែលមាន​ឈ្មោះ អាក់​នី​ស ឬ​ហៅថា កីឡា​ដំបង​ខ្លី​។ 


 
​ការចូលរួម​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​សហព័ន្ធ​ចាត់ទុកជា​ឱកាស ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ស្គាល់​ពី​កីឡា​គុន​ល្បុក្កតោ​របស់​កម្ពុជា​។ លើសពីនេះ សហព័ន្ធ​នឹង​បញ្ជូន​គ្រូបង្វឹក​និង​មន្ត្រី​ជំនាញ​ទៅ​បណ្តុះបណ្តាល​នៅតាម​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដើម្បី​បញ្ចុះ​ប​ញ្ជូ​ល​ប្រទេស​ទាំងនោះ​ឲ្យ​ចូលរួម​លេង​កីឡា​គុន​ល្បុក្កតោ សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា​។   


 
​ក្រៅពី​កិច្ចការ​ធំៗ​ខាងលើ សហព័ន្ធ​នេះ​បានដាក់​យុទ្ធសាស្ត្រ​អនុវត្ត​សម្រាប់​ឆ្នាំ​២០១៩ ជាច្រើន​ទៀតផង​ដែរ​។  យុទ្ធសាស្ត្រ​ទាំងនោះ​រួមមាន បន្ត​ព​ង្រឹ​ក​សមត្ថភាព និង​ពង្រីក​ធនធាន​កីឡាករ កីឡាការិនី​នៅ​សាលា​គុន​ក្នុង​សមាគម​, កែលំអ​វិធីសាស្ត្រ​នៃ​ការហ្វឹកហាត់​តាម​លក្ខណៈ​វិទ្យាសាស្ត្រ តាមរយៈ​ការបង្កើត​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​, ពង្រឹងសមត្ថភាព​គ្រូបង្វឹក​, ជំរុញ​ឲ្យ​មានការ​បង្កើត​សាលា​គុន និង​សមាគម​នៅក្នុង​សាលា​រដ្ឋ ឯកជន អង្គភាព​កងកម្លាំង និង​អង្គការ​សមាគម​នានា ជាពិសេស​តាម​សហគមន៍​មូលដ្ឋាន​ដែលមាន​គ្រូ​គុន​ស្រាប់តែ​មិនទាន់មាន​រចនាសម្ព័ន្ធ​ផ្លូវការ​ជា​សាលា​គុន​។ 


 
​ជាមួយនេះ​សហព័ន្ធ​នឹងធ្វើ​កំណែទម្រង់​លក្ខន្តិកៈ និង​បទបញ្ជា​ការប្រកួត ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​, ពិនិត្យ​បន្ថែម​លើ​សម្ភារ​បច្ចេកទេស និង​ទីលាន​ប្រកួត ដើម្បី​ឲ្យ​មាន​លក្ខណ​ស្តង់ដារ​, ជំរុញ​ឲ្យ​មានការ​ឯកភាព​លើ​ឯកសណ្ឋាន ហ្វឹកហាត់​, ជំរុញ​ឲ្យ​មានការ​ប្រកួត​ជាប្រចាំ​, ស្វែងរក​ដៃគូ​ឧបត្ថម្ភ​ដើម្បី​បញ្ជូន​កីឡាករ កីឡាការិនី​ចេញទៅ​ប្រកួត​នៅ​ឆាក​អន្តរជាតិ​, ពង្រីក​សមាជិក​បន្ថែម​នៅក្រៅ​ប្រទេស ជាពិសេស​ប្រទេស​នៅក្នុង​តំបន់ និង​ត្រៀមលក្ខណៈ​សម្រាប់​បញ្ជូន​កីឡាករ កីឡាការិនី​ចូល​ប្រកួត​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​៕ 











Tag:
 គុន​ល្បុក្កតោ​
  វ៉ា​ត់ ចំរើន​
  ចាន់ សារុន​
  UNESCO
© រក្សាសិទ្ធិដោយ thmeythmey.com