ជាតិ
​យីកេ «​ទុំ​ទាវ​បី​ជំនាន់​» ទាក់ទាញ​អ្នកទស្សនា​ផ្ទាល់​ដល់​ទៅ​ជាង​៧០០​នាក់​
11, Dec 2018 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ការសម្ដែង​ល្ខោន​យីកេ​រឿង​ទុំ​ទាវ ក្រោម​ប្រធានបទ «​ទុំ​ទាវ​បី​ជំនាន់​» កាលពី​រាត្រី​ថ្ងៃទី​១០ ខែធ្នូ នៅ​សាល​មហោស្រព​ចតុមុខ ទទួលបាន​អ្នកទស្សនា​ប្រមាណ​ជាង​៧០០​នាក់ ដែលមាន​ទាំង​មនុស្ស​វ័យ​ចំណាស់ និង​យុវវ័យ​។ នេះ​បើតាម​លោក ប៊ុត ចាន់ណា ប្រធាន​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​


 

 
 
​លោក ប៊ុត ចាន់ណា បាន​បញ្ជាក់ថា ការសម្ដែង​ល្ខោន​យីកេ​រឿង​ទុំ​ទាវ​មានការ​គាំទ្រ​ច្រើន គួរឱ្យកត់សម្គាល់​។ លោក​ថាបើ​គិតតែ​នៅក្នុង​សាល​មាន​អ្នកទស្សនា​ជាង​៦០០​នាក់ ដោយ​អ្នកខ្លះ​ត្រូវ​ឈរ​មើល​ផង​។ ចំណែក​នៅ​ខាងក្រៅ​វិញ​មាន​អ្នកទស្សនា​ប្រមាណ​ជាង​១០០​នាក់​ទៀត ដែល​មើល​តាម​ការផ្សាយ​បន្ត​។​




 
​លោក ចាន់ណា បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​មានការ​គាំទ្រ​ច្រើនណាស់ ទាំង​យុវជន និង​វ័យ​ចំណាស់​។ អ្នកខ្លះ​ដែលមាន​អាយុ​ស្របាល​សិល្ប​ករចាស់ៗ​គាត់​មើល​ហើយ​គាត់​យំ មិន​ស្មានថា​បាន​មើល​សិល្ប​ករចាស់ៗ​សម្ដែង​ម្ដងទៀត​។ ពី​យប់មិញ​បើ​មាន​សំបុត្រ​១​ពាន់​សន្លឹក​ក៏​ប្រហែលជា​ចែក​អស់​ដែរ​មើលទៅ​»​។​




 
​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​រូបនេះ​ថា ជា​គម្រោង​មិនទាន់​ផ្លូវការ រឿង​ទុំ​ទាវ​នេះ​អាច​នឹង​សម្ដែង​ម្ដងទៀត តែ​មិនទាន់​កំណត់​ទីតាំង និង​ពេលវេលា​ច្បាស់លាស់​នៅឡើយ​។ លោ​កថា​មានការ​សម្ដែង​ម្ដងទៀត ក៏ដោយ​សារ​មាន​សន្ទុះ​នៃ​ការគាំទ្រ​ខ្លាំង​។​




 
​ផ្ទាំង​ទស្សនី​ភាព​ល្ខោន​យីកេ​រឿង​ទុំ​ទាវ ក្រោម​ប្រធានបទ "«​ទុំ​ទាវ​បី​ជំនាន់​" ដែល​ប្រមូលផ្ដុំ​សិល្បករ​ជំនាន់​ទស្សវត្សរ៍​៦០ និង​៨០ ព្រមទាំង​សម័យ​បច្ចុប្បន្ន​ចំនួន​ជាង​១០០​នាក់ បាន​សម្ដែង​កាលពី​នៅ​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៨​កន្លងទៅ​៕   

Tag:
 ភ្នំពេញ​
  ល្ខោន​យីកេ​រឿង​ទំ​ទាវ​
  សិល្បៈ​
  សិល្បៈ​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com