អន្តរជាតិ
រុស្ស៊ី​ប​ញ្ចូ​ន​យន្តហោះ​ទម្លាក់​គ្រាប់​ទៅ​សម្ញែង​សាច់ដុំ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា ខណៈ​ប្រជាជន​កំពុង​ដង្ហោយ​រក​ជំនួយ​
11, Dec 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សប្តាហ៍​នេះ រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅ​វេ​ណេ​ស៊ុយ​អេ​ឡា ស្រប​ពេលដែល​រដ្ឋ​អាមេរិក​ឡាទីន​មួយ​នេះ​កំពុង​ត្រដរខ្យល់​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​ធ្ងន់ធ្ងរ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ចេញមុខ​ទិតៀន​រុស្ស៊ី និង​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​មិន​ខ្វល់ខ្វាយ​ពី​ប្រជាពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​កំពុង​រងទុក្ខវេទនា បែរជា​នាំគ្នា​បង្អួត​សាច់ដុំ​យោធា​ទៅវិញ​។


 
​រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​យោធា​ចំនួន​បួន​គ្រឿង​ក្នុងនោះ​មាន​យុទ្ធ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ Tu-160 ពីរ​គ្រឿង យន្តហោះ​ដឹកជញ្ជូន An-124 មួយគ្រឿង និង​យន្តហោះ​រយៈ​ចម្ងាយ​ឆ្ងាយ Il-62​ទៅកាន់​រដ្ឋធានី​កា​រ៉ា​កាស​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។​
 
​រដ្ឋមន្ត្រី​ការពា​ជាតិ​វេ​ណេ​ស៊ុយ​អេ​ឡា Vladimir Padrino López បានចាត់ទុក​វត្តមាន​យន្តហោះ​យោធា​រុស្ស៊ី​នៅក្នុង​ទឹកដី​ខ្លួន​នេះ​ថា ការលូតលាស់​នៃ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រជាជាតិ​ទាំងពីរ​។ មន្ត្រីជាន់ខ្ពស់​រូបនេះ​បញ្ជាក់ថា វា​មិនមែន​ជាការ​បង្ករឿង​ឬ​ចង់បាន​សង្គ្រាម​អ្វី​ឡើយ ប៉ុន្តែ​ជា​និមិត្តរូប​នៃ​សន្តិភាព​ប៉ុណ្ណោះ​។ 
 
​ដោយឡែក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​វេ​ណេ​ស៊ុយ​អេ​ឡា​លោក Vladimir Padrino López ទទួលស្គាល់ថា ការបញ្ជូន​យន្តហោះ​ទៅ​វេ​ណេ​ស៊ុយ​អេ​ឡា ពិតជា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការរីកចម្រើន​នៃ​ចំណង​ទំនាក់ទំនង​យោធា​ទ្វេភាគី​រាប់​ចាប់ពី​ឆ្នាំ ២០០៥ ក្រោម​អាណត្តិ​ដឹកនាំ​របស់លោក ហ៊ូ​ហ្គោ ឆា​វេស​។   
 
​តាមពិតទៅ វត្តមាន​យន្តហោះ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​នៅលើ​ទឹកដី​វេ​ណេ​ស៊ុយ​អេ​ឡា​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​ប្រធានាធិបតី​នៃ​រដ្ឋ​អាមេរិក​ឡាទីន​លោក នី​កូ​ឡាស ម៉ា​ឌុយ​រ៉ូ ទៅ​ទស្សនកិច្ច​នៅ​រុស្ស៊ី​សប្តាហ៍​មុន​។ 
 
​គេ​មើលឃើញថា ការបញ្ជូន​ក្រុម​យន្តហោះ​ទៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ជា​ចេតនា​របស់​រុស្ស៊ី​ក្នុងការ​ផ្ញើ​សារ​ទៅ​ក្រុង​វ៉ាស៊ីនតោន និង​សហគមន៍​អន្តរជាតិ​។ សារ​នោះ​គឺ រុស្ស៊ី​នៅ​គាំទ្រ​របប​ដឹកនាំ​ក្រុង​កា​រ៉ា​កាស​ដែល​ទោះជា​ក្នុង​ស្ថានការណ៍​ណាក៏ដោយ ខណៈដែល​អាមេរិក​និង​សម្ព័ន្ធមិត្ត​បន្ត​បង្កើន​សម្ពាធ និង​ដាក់ទណ្ឌកម្ម​ប្រឆាំង​របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​ផង​។ មួយទៀត វា​ជាការ​ឆ្លើយតប​នឹង​សម្តី​គំរាមកំហែង​របស់​អាមេរិក​ប្រឆាំងនឹង​របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែរ​។​
 
 កាលពីដើម​ខែធ្នូ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជេ​ម ម៉ា​ធី​ស បានលើកឡើង​ក្នុង​វេទិកា​សន្តិសុខ​ថា របប​ដឹកនាំ​ម៉ា​ឌុយ​រ៉ូ គួរតែ​ចាកចេញ​ដើម្បី​សង្គ្រោះ​ប្រទេសជាតិ​ជាពិសេស​វិស័យសេដ្ឋកិច្ច និង​សង្គម​ដែល​កំពុង​ក្ស័យធន​នោះ​។​ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់​រូបនេះ​មិនបាន​បកស្រាយ​ពាក្យសម្តី​របស់ខ្លួន​ឡើយ​។​
 
​ដោយឡែក​នៅ​យប់​ថ្ងៃ​ចន្ទ​ទី ១០ ខែធ្នូ ប្រមុខ​ការទូត​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​សរសេរ​បង្ហោះ​ក្នុង​គណនី twitter ផ្លូវការ​របស់ខ្លួន​ដោយ​ទិតៀន​ក្រុង​មូ​ស្គូ និង​ក្រុង​កា​រ៉ា​កាស​ដែល​ធ្វើ​រឿង​ឥតប្រយោជន៍ លើ​គំនរ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​កំពុង​រងទុក្ខវេទនា​។ 
 
«​ប្រជាជន​រុស្ស៊ី​និង​វេ​ណេ​ស៊ុយ​អេ​ឡា​គួរ​មើល​បញ្ហា​នេះ​។ របប​ដឹកនាំ​ពុករលួយ​ទាំងពីរ​ខ្ជះខ្ជាយ​លុយ​រដ្ឋ និង​សង្កត់សង្កិន​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​ទាំង​ដែល​ពួកគេ​កំពុង​រងទុក្ខវេទនា​»​។ លោក ប៉ុ​ម​ប៉េ​អូ បាន​សរសេរ​ដូច្នេះ​។ 
 
​ចំណែក​ក្រសួងការពារជាតិ​អាមេរិក​វិញ​ក៏​រិះគន់​សកម្មភាព​រុស្ស៊ី​ដូចគ្នា​។ អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្កូ​ន Robert Manning បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា វា​ជាស​កម្ម​ភាពមិន​សមរ​ម្យ​ទាល់តែសោះ ដែល​រុស្ស៊ីព្យាយាមបង្អួត​យន្តហោះ​ខ្លួន​ចំពេល​ដែល​សោកនាដកម្ម​មនុស្សជាតិ​កំពុង​កើតឡើង​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​។ អ្នកនាំពាក្យ​រូបនេះ​បន្តថា ខុសពី​រុស្ស៊ី​ដាច់ អាមេរិក​បញ្ជូន​នាវា​មន្ទីរពេទ្យ​ទៅ​ប្រទេស​កូ​ឡុំ​ប៊ី ដើម្បី​ព្យាបាល​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​កំពុង​ត្រូវការ​ព្យាបាល និង​ជំនួយ​ថ្នាំសង្កូវ​៕
 

Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  អាមេរិក​
  យន្តហោះ​ទម្លាក់​គ្រាប់បែក
© រក្សាសិទ្ធិដោយ thmeythmey.com