អន្តរជាតិ
បាញ់ប្រហារ​នៅ​បារាំង សម្លាប់​មនុស្ស​៣​នាក់ និង​ធ្វើ​ឲ្យ​ច្រើន​នាក់​របួស​
12, Dec 2018 , 10:27 am        
រូបភាព
​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បើក​ការវាយប្រហារ​លើ​មនុស្សម្នា​ក្នុង​ផ្សារ​មួយ​ក្នុង​ទីក្រុង Strasbourg របស់​បារាំង នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១២ ខែធ្នូ ដោយ​សម្លាប់​មនុស្ស​៣​នាក់ និង​ច្រើន​នាក់​ទៀត​រងរបួស​។ ក្រោយ​ហេតុការណ៍​នេះ រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង Christophe Castaner ក៏​ប្រកាស​បង្កើន​កម្រិត​ភាពអាសន្ន​តែម្ដង​។​

 
​ប្រតិបត្តិ​ការរុករក កំពុង​ធ្វើឡើង​ដើម្បី​ស្វែងរក​ខ្មាន់កាំភ្លើង​ដែល​បាញ់ប្រហារ​នៅឯ​ផ្សារ Christmas ក្នុង​ទីក្រុង​ប្រវត្តិសាស្ត្រ​របស់​បារាំង Strasbourg ។ ជនដៃដល់​ដែលជា​ប់​ឈ្មោះ​ក្នុង​បញ្ជី​តាមដាន​របស់​ប៉ូលិស បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​៣​នាក់ ក្នុង​ហេតុការណ៍​ដែល​កើតឡើង​នៅ​វិថី​ដ៏​មមាញឹក​មួយ​របស់​ទីក្រុង ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្សម្នា​ផ្សេងទៀតរ​ត់រក​កន្លែង​សុវត្ថិភាព​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ទាហាន​ដែល​យាមកាម​ក្នុង​ទីក្រុង បាន​ប្រទះ​ជាមួយ​ខ្មាន់កាំភ្លើង និង​បាន​បាញ់​តដៃ​ទៅមក​។ ជនដៃដល់​បាន​រងរបួស តែ​នៅ​អាច​រត់គេចខ្លួន​បាន​។ រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង Christophe Castaner ប្រកាសថា បារាំង​បាន​លើក​កម្រិត​អាសន្ន​ទៅដល់​កម្រិត «​ការវាយប្រហារ​បន្ទាន់​» ដោយ​នឹងមាន​ការអនុវត្ត​ការ​រឹតបន្តឹង​ការគ្រប់គ្រង​ព្រំដែន និង​ត្រួតពិនិត្យ​ផ្សារ Christmas នៅ​ទូទាំងប្រទេស​ដើម្បី​ចៀសវាង​ការវាយប្រហារ​ដូចគ្នានេះ​។​
 
​នៅ​ម្ខាង​ទៀត​នៃ​ព្រំដែន ប៉ូលិស​អាល្លឺម៉ង់​ក៏បាន​រឹតបន្តឹង​ព្រំដែន​របស់ខ្លួន​ដែរ​។ បារាំង និង​អាល្លឺម៉ង់​ខណ្ឌ​ចែក​ទឹកដី​គ្នា​ដោយ​ទន្លេ Rhine ។ ប្រភព​មន្ត្រី​សន្តិសុខ​បារាំង​និយាយថា ជនដៃដល់​មានឈ្មោះ Chekatt Cherif មាន​អាយុ​២៩​ឆ្នាំ មានកំណើត​ក្នុង​ទីក្រុង​នេះ​តែម្ដង​។ ជននេះ​ត្រូវបាន​រំពឹងថា នឹងត្រូវ​ចាប់ខ្លួន​ដោយ​ប៉ូលិស​នៅ​ថ្ងៃទី​១១ ខែធ្នូ​នេះដែរ ដោយ​រូបគេ​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ប៉ុនប៉ង​សម្លាប់​មនុស្ស​។ 
 
​ចំណែក​នៅឯ​សភា​អឺរ៉ុប​ប្រចាំ Strasbourg វិញ អាគារ​សភា​ត្រូវបាន​បិទ ហើយ​សមាជិកសភា និង​អ្នកសារព័ត៌មាន​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចេញ​ទៅណា​ឡើយ​។ ពួកគេ​ខ្លះ​ត្រូវ​ចែកជា​ក្រុម​តូចៗ​ដើម្បី​តាមដាន​ស្ថានការណ៍​សិន​។ 
 
Strasbourg គឺជា​ទីក្រុង​ទេសចរណ៍​សំខាន់​មួយ​របស់​បារាំង​។ នៅ​រដូវ​បុណ្យ Christmas បែបនេះ វិថី​នានា​ត្រូវបាន​តុបតែង​ដោយ​ភ្លើង​លម្អ និង​ពោរពេញ​ដោយ​មនុស្ស​រាប់ពាន់នាក់​។ ក្នុងស្ថានភាព​នេះ អាជ្ញាធរ​បារាំង បាន​បង្កើន​ការប្រុងប្រយ័ត្ន​របស់ខ្លួន​កាន់តែខ្លាំង ព្រោះ​ធ្លាប់​ជួប​ការវាយប្រហារ​ឆ្នាំ​២០១៥ នៅ​ទីក្រុង​ប៉ារីស​ម្ដង​ហើយ ដែល​ពេលនោះ​មនុស្ស​១៣០​បាន​ស្លាប់​៕
 

Tag:
 បារាំង​
  Strasbourg
© រក្សាសិទ្ធិដោយ thmeythmey.com