«ខ្លាធំ ឬខ្លាដំបង» អាចមានអាយុរហូតដល់ ២៥ឆ្នាំ!
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
«ខ្លាធំ ឬខ្លាដំបង» អាចមានអាយុរហូតដល់ ២៥ឆ្នាំ!
12, Dec 2018 , 4:37 pm        
រូបភាព
ដោយ: ថ្មីៗ
«ខ្លាធំ» មាននៅសេសសល់តិចតួចបំផុតនៅតាមតំបន់មួយចំនួនដូចជា ភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា។ នៅកោះបាលី ចាវា និងប្រទេសសិង្ហបូរី «ខ្លាធំ» បានផុតពូជ ហើយតំបន់ខ្លះទៀត កំពុងតែថយចុះយ៉ាងខ្លាំង នឹងឈានទៅរកការផុតពូជ ប៉ុន្តែវាត្រូវបានគេរកឃើញនៅប្រទេសបង់ក្លាដេស ឥណ្ឌា និងភូមិភាគអាស៊ីអាគ្នេយ៍ផងដែរ។ «ខ្លាធំ» ជាប្រភេទ សត្វដែលទទួលរងគ្រោះថ្នាក់បំផុត ដោយការបរបាញ់ ដើម្បីយកឆ្អឹង ស្បែក ធ្វើពាណិជ្ជកម្ម ហើយវាក៏ត្រូវបានចុះក្នុងបញ្ជី ក្រហមអង្គការ IUCN ថាជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ។ «ខ្លាធំ ឬខ្លាដំបង»នេះ អាចមានអាយុរហូតដល់ ២៥ឆ្នាំក្នុងធម្មជាតិ។


 
«ខ្លាធំ» អាចរស់នៅក្នុងជម្រកគ្រប់ប្រភេទ ដែលមានទឹក ចំណី និងម្លប់គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្តៅថ្ងៃ។ នៅពេលថ្ងៃក្តៅខ្លាំង «ខ្លាធំ» ចំណាយពេលច្រើនម៉ោង ដើម្បីដេកត្រាំទឹក ហើយវាមានភាពស្ទាត់ជំនាញ ក្នុងការហែ លទឹក។ «ខ្លាធំ» វាមិនឡើងដើមឈើទេ បើសិនមិនចាំបាច់។ «ខ្លាធំ» អាចចាប់ចំណីបាន ចាប់ពីសត្វតូចរហូត ដល់សត្វធំ ក្នុងនោះ មានប្រភេទសត្វធំៗដូចជា ប្រើស,ទន្សោង,ខ្ទីង។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា ។
 
បើតាមសៀវភៅខាងលើ ការបន្តពូជ «ខ្លាធំ» អាចបង្កាត់ពូជបានគ្រប់រដូវ ហើយខ្លាញីអាចបង្កើតកូនបានម្ដងពី១-៧ក្បាល បន្ទាប់ពីពពោះអស់រយៈ ពេលប្រហែល ១រយថ្ងៃ។ «ខ្លាធំ ឬខ្លាដំបង»នេះ អាចមានអាយុរហូតដល់ ២៥ឆ្នាំក្នុងធម្មជាតិ។ ខ្លាប្រភេទនេះ ចូលចិត្តដើរ តាមដងផ្លូវដែលទើបតែឈូសឆាយរួច ឬផ្លូវប្រលោះក្នុងព្រៃជាដើម។
 
«ខ្លាធំ» វាមានសម្បុរក្រហម លឿង ឬត្នោតខ្ចី និងមានឆ្នូតបង្កង់ពណ៌ក្រម៉ៅកាត់ទទឹងដងខ្លួន ហើយនៅផ្នែក ខាងក្រោមចង្កា និងបំពង់កមានពណ៌ស ចំណែកឯកន្ទុយរបស់វាមានសម្បុរខ្មៅជាកង់ៗ និងខ្មៅផ្នែកខាងចុង។ ខ្លាធំជាប្រ ភេទសត្វ ដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា និងងាយស្រួលចំណាំផងដែរ។ ប្រភពនៃឯកសារសត្វនេះ សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨៕
 
 

Tag:
 ខ្លាធំ
  ខ្លាដំបង
  ថនិកសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com