ជាតិ
ក្រុម​សហជីព ស្នើ​រដ្ឋាភិបាល​ជួយ​កំណត់​ប្រាក់​ឈ្នួល​កម្មករសំណង់​និង​សេវាកម្ម​
13, Dec 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​: សហភាព​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន​៦  បានស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​វិស័យ​សំណង់​និង​សេវាកម្ម​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​រួម​របស់​សហជីព ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៧០ កាលពី​ថ្ងៃទី​១០​ធ្នូ​។

  
 
​ចំណុច​ដែល​ក្រុម​សហជីព ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ពិចារណា​ដោះស្រាយ មាន​ចំនួន​៦​ចំណុច ដែល​ក្នុងនោះ​រួមមាន​ទី​១ រដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​វិស័យ​សំណង់ និង​សេវាកម្ម​។ ទី​២ ស្នើ​ឱ្យជួយ​អន្តរាគមន៍​ឱ្យ​និយោជក​ទទួលយក​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព ដែល​ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ ដោយ​ខុសច្បាប់​ឱ្យបាន​ចូលធ្វើការ​វិញ និង​សង​ប្រាក់​រំឭក​ដល់​ពួកគេ​។ 
 
​ចំណុច​ទី​៣ ក្រុម​សហជីព​ស្នើឱ្យ​រដ្ឋាភិបាល​ជួយ​ពិនិត្យឡើងវិញ នូវ​មាត្រា​មួយចំនួន​នៃ​ច្បាប់​ស្ដីពី​សហជីព​។ ទី​៤ ស្នើឱ្យ​ពិនិត្យឡើងវិញ​លើ​ប្រកាស​ស្ដីពី​ភាពជា​តំណាង​នៃ​សហជីព​។ ទី​៥ ស្នើឱ្យ​ផ្ដល់​សច្ចាប័ន​ដល់​អនុសញ្ញា ILO លេខ​១៤៩ ស្ដីពី​ការការពារ​កម្មករ​ធ្វើការ​តាម​ផ្ទះ​ក្នុងស្រុក និង​ទី​៦ ស្នើឱ្យ​ជំរុញ​ការអនុវត្ត​ច្បាប់​ស្ដីពី​ការងារ​ចំពោះ​កម្មករ​ធ្វើការ​ងារ​តាម​ផ្ទះ និង​សេវាកម្ម​។​
 
​សេចក្ដីថ្លែងការណ៍​រួម​នេះ បាន​រំពឹង​ដូច្នេះ​ថា​៖«​យើងខ្ញុំ​នឹង​សង្ឃឹមថា រដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​បន្ត​កិច្ច​ខំប្រឹងប្រែង ក្នុងការ​ដោះ​ស្រោ​យ​នូវ​សំណើ​ខាងលើ ដើម្បី​លើកកម្ពស់​ការគោរព​សិទ្ធិ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ប្រសើរឡើង​»​។ 
 
​កាលពី​ថ្ងៃទី​៣​ធ្នូ​កន្លងមក រដ្ឋាភិបាល បានចេញ​សេចក្តីថ្លែងការណ៍​ស្តីពី​វិធានការ​នានា​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​លំហ​នយោបាយ ដោយ​ក្នុងនោះ មានការ​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល , ការដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការងារ និង​សហជីព​, ការលើកតម្កើង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ រួមទាំង​គោលនយោបាយ​គ្រប់គ្រង​ដីធ្លី ដើម្បី​ធានា​សិទ្ធិ និង​ប្រយោជន៍​របស់​ប្រជាជន និង​ការប្រើប្រាស់​ដី​ឲ្យ​បាន​ត្រឹមត្រូវ​៕
 

Tag:
 កម្មករ​
  សហជីព​
  សំណង់​
  សេវាកម្ម​
  ប្រាក់​ឈ្នួល
© រក្សាសិទ្ធិដោយ thmeythmey.com