ជាតិ
លោក ហ៊ុន ម៉ា​នី ចង់បាន​កម្ពុ​ជាមួយ​ដែលមាន ៣C
12, Dec 2018 , 7:19 pm        
រូបភាព
​លោក ហ៊ុន ម៉ា​នី ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើ​បាឋកថា​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​នា​ព្រឹក​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៨ លើ​ប្រធានបទ​«​ការចូលរួម​របស់​យុវជន​ក្នុងការ​អភិវឌ្ឍ​សង្គម​»​។ លើសពី​ការចែករំលែក​ពិសោធន៍​ទាក់ទង​នឹង​ការងារ​សង្គម លោក ហ៊ុន ម៉ា​នី បានបង្ហាញ​គោល​គំនិត​មួយ​ឈ្មោះថា 3C ដែល​លោក​ចង់ឃើញ​នៅក្នុង​ប្រទេស​កម្ពុជា​។​


 
3C គឺ​ពាក្យកាត់​ជា​ភាសា​អង់គ្លេស ដែលជា​ឈ្មោះ​នៃ​គោល​គំនិត​មួយ​របស់លោក ហ៊ុន ម៉ា​នី ហើយ​ដែល​ចង់ឃើញ​គោល​គំនិត​នេះ​ត្រូវបាន​អនុវត្ត​ឲ្យ​បាន​ច្រើន​។ 3C (Cambodianess, Competency and Compassionate) មានន័យ​ជា​ភាសា​ខ្មែរ គឺ​អនាគត​របស់​កម្ពុជា​ដែលមាន​ស្មារតី​ខ្មែរ​តែមួយ ប្រជាជនមាន​សមត្ថភាព និង​ប្រជាជន​ដែល​ពោរពេញ​ដោយ​ធម៌​។​
 
​ពីលើ​ឆាក​នៃ​បន្ទប់​សន្និសីទ​របស់​សាលា​ភូមិន្ទ​រដ្ឋបាល និង​ដោយ​ឈរ​នៅ​ចំពោះមុខ​អ្នកចូលរួម​ដែលជា​សិក្ខាកាម​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ជាង​២០០​នាក់ លោក ហ៊ុន ម៉ា​នី ទទួលស្គាល់ថា ពាក្យ​គន្លឹះ​ទាំងបី​នេះ មិនមែនជា​ពាក្យថ្មី​ឡើយ ប៉ុន្តែ​សម្រាប់​លោក ការកសាង​អនាគត​កម្ពុជា គេ​មិនត្រូវ​ភ្លេច​គិតដល់​ពាក្យ​ទាំងបី​នេះ​ស​ឡើយ​។​
 
​លោក ហ៊ុន ម៉ា​នី ដែល​សព្វ​ថ្ងៃជា​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ពន្យល់​បន្ថែមថា ពាក្យ 3C បានកើត​ចេញពី​ការសិក្សា​ស្វែងយល់​ដើម្បី​បង្កើត​ឲ្យ​ជា​ប្រទីប​មួយ​សម្រាប់​ការអនុវត្ត​ការងារ​របស់លោក និង​ក្រុមការងារ​របស់លោក​។ សម្រាប់​លោក ហ៊ុន ម៉ា​នី បើទោះជា​ពលរដ្ឋ​មាន​ទស្សនៈ​ផ្សេងគ្នា​យ៉ាងណា​ក៏ ប៉ុន្តែ​ការអនុវត្ត​3C នឹង​នាំ​ពួកគេ​ដល់​ការឯកភាព​ជាតិ​ក្នុង​ចំណែក​តូច​ណាមួយ​ដែរ​។​
 
«​អនាគត​កម្ពុជា មិនមែនជា​បញ្ហា​របស់​រដ្ឋាភិបាល​តែឯង​ទេ​។ តើ​សង្គម​ស៊ីវិល​ដើរតួ​អ្វី​? វិស័យ​ឯកជន​ដើរតួ​អ្វី​? លើសពីនេះ​ទៀត តើ​ប្រជាពលរដ្ឋ​ត្រូវ​ដើរតួ​អ្វី ដើម្បី​កសាង​ប្រទេស​ទៅ​ថ្ងៃ​អនាគត​? 3C មាន​ស្នូល​ជា អនាគត​កម្ពុជា​។ ចំពោះ​អនាគត​កម្ពុជា យើង​មិន​ចង់បាន​ត្រឹមតែ​ភាពរុងរឿង និង​ធនធានមនុស្ស​ដែល​ពោរពេញ​ដោយ​ជំនាញ​នោះទេ តែ​យើង​ចង់បាន​ឲ្យ​មាន​ភាព​យូរអង្វែង​»​។ នេះ​ជាការ​អធិប្បាយ​របស់លោក ហ៊ុន ម៉ា​នី មុននឹង​លោក​ពន្យល់​បកស្រាយ​ពាក្យ​3C ម្តង​មួយៗ​ជា​ភាសា​ខ្មែរ​។​


 
​សម្រាប់​លោក ម៉ា​នី ពាក្យ «​ប្រជាជន​ខ្មែរ​តែមួយ​» (Cambodianess) សំដៅ​ដល់​ការ​ស្គាល់​អត្តសញ្ញាណ​ជាតិ​ច្បាស់លាស់ និង​មោទនភាព​របស់​ប្រជាពលរដ្ឋ​ដែល​កើតចេញពី​ការសិក្សា​ប្រវត្តិសាស្ត្រ​ដែល​បង្ហាញ​ពី​ការធ្លាក់ចុះ​ផង និង​ការប្រឹងប្រែង​ងើបឈរ​ផង ហើយ​ចុងក្រោយ​គឺ​ការសម្រេច​បានជា​សង្គម​ជាតិ​តែមួយ​។ ចំណែកឯ​ពាក្យ «​ប្រជាជនមាន​សមត្ថភាព​» (competency) លោក ហ៊ុន ម៉ា​នី សំដៅទៅ​ការអនុវត្ត​ការងារ​ជាក់ស្តែង​របស់​ពលរដ្ឋ​ជាជាង​ទ្រឹ​ស្ត្រី​។ លោក ម៉ា​នី បាន​មានប្រសាសន៍ថា​៖«​ការកសាង​ប្រទេស​មកដល់​បច្ចុប្បន្ននេះ មិនមែន​សាមញ្ញ​ទេ​។ យើង​ត្រូវ​ចោទសួរ​ខ្លួនឯង ក្នុងនាម​ជា​អ្នកដឹកនាំ​វ័យក្មេង​របស់​កម្ពុជា​ថា តើក​សាង​ប្រទេស​ទៅ​ថ្ងៃ​អនាគត យើង​ត្រូវធ្វើ​អ្វីខ្លះ​? ជា​សំណួរ​ដែល​យើង​ត្រូវ​ស្វែងរក​ចម្លើយ​ទាំងអស់គ្នា​»​។​
 
​ចុងក្រោយ គឺ «​ប្រជាជន​ដែល​ពោរពេញ​ដោយ​ធម៌​» (Compassionate)​។ សម្រាប់​លោក ហ៊ុន ម៉ា​នី អនាគត​កម្ពុជា​ដែល​រឹងមាំ ហើយ​មាន​ភាព​យូរអង្វែង បើទោះជា​មាន​ភាព​រីកចម្រើន និង​មនុស្ស​ពូកែ​ច្រើនយ៉ាង​ណាក៏ដោយ កម្ពុជា​ត្រូវមាន​ប្រជាជន​ដែល មានគុណ​ធម៌ ព្រហ្ម​វិហារធម៌ សាមគ្គីធម៌ និង​សណ្តោស​ប្រណី ជួយ​យកអាសារ​គ្នា និង​លើកកម្ពស់​គុណ​តម្លៃ​គ្រួសារ និង​សង្គម​។​
 
​លោក ហ៊ុន ម៉ា​នី ដែល​បាន​ដឹកនាំ​ចលនា​យុវជន​ដ៏​ធំ ហើយ​ដែល​បាន​ដឹកនាំ​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌ សង្គម​ជាច្រើន​ដើម្បី​បង្ហាញ​ពី​កម្ពុជា​ទៅលើ​ឆាក​អន្តរជាតិ និង​បាន​បំផុសស្មារតី​យុវជន​ឲ្យ​ធ្វើ​ការងារ​សង្គម​ជាច្រើន គឺ​ដើម្បី​តែ​ពាក្យ​មួយ គឺ​មោទនភាព​ជាតិខ្មែរ​។ នៅពេលនេះ លោក ហ៊ុន ម៉ា​នី មាន​គោល​គំនិត​មួយទៀត គឺ 3C សម្រាប់​អនាគត​កម្ពុជា​។ តើ​លោក ហ៊ុន ម៉ា​នី ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន​យល់​ពី​គោល​គំនិត និង​ចូលរួម​អនុវត្ត​ឲ្យ​ចេញ​ជា​លទ្ធផល​?
 

Tag:
 ហ៊ុន ម៉ា​នី​
  3c
© រក្សាសិទ្ធិដោយ thmeythmey.com