អន្តរជាតិ
ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​គួរ​ផ្តើម​ពី​ពលរដ្ឋ​ម្នាក់ៗ ជាជាង​ពឹង​លើ​រដ្ឋាភិបាល​ទាំងស្រុង​
17, Dec 2018 , 8:39 am        
រូបភាព
​ចាប់ពី​សប្តាហ៍​មុន តំណាង​ប្រទេស ១៩៧ ជុំវិញ​ពិភពលោក​មកជួប​ជុំគ្នា​នៅ​ក្រុង Katowice ប្រទេស​ប៉ូឡូញ​ដើម្បី​បន្ត​ពិភាក្សា និង​ជំរុញ​ចំណាត់ការ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​សាកល​។ សន្និសីទ​អន្តរជាតិ​នេះ​ក៏​បន្ត​ផ្តោតលើ​ការ​ចងក្រង​សៀវភៅ​ណែនាំ​ដែលមាន​គោលដៅ​ធានា​ការអនុវត្ត​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ឆ្នាំ​២០១៥ ឲ្យ​មាន​ប្រសិទ្ធភាព​ដែរ​។

 
​ការជួប​ជុំគ្នា​ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​នេះ​កើតឡើង​ស្រប​ពេលដែល​ពិភពលោក​ប្រឈម​ច្រើន ហើយ​គោលដៅ​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​ទប់ស្កាត់​ការឡើង​កម្តៅ​ផែនដី​នេះ​មិន​ដើរទៅ​មុខ​ដូច​ការរំពឹងទុក​ឡើយ​។ 
 
​ប្រទេស​ធំៗ​មួយចំនួន​ដូចជា​សហរដ្ឋអាមេរិក និង​រដ្ឋ អឺរ៉ុប​នៅតែមាន​ភាពយឺតយ៉ាវ​ក្នុងការ​សម្រេច​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​អនុវត្ត​គោលការណ៍​ទាំងនេះ​ដោយសារ​ពួកគេ​មិនអាច​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​បរិយាយ​កាស​បាន​។ ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើនជាងគេ​នោះ​គឺ អាមេរិក និង​ចិន ដែល​បរិមាណ​នោះ​ស្មើនឹង​ជាង ៦០​ភាគរយ​នៃ​បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សរុប​ក្នុង​ពិភពលោក​។ ទីក្រុង​ស្ទើរតែ​ទាំងអស់​ដែលមាន​ទីតាំងនៅ​ទ្វីបអាស៊ី និង​ទ្វីប​អា​ហ្រិ្វ​ក​នឹង​ទទួលរង​ផលប៉ះពាល​ខ្លាំង​ពី​ការប្រែប្រួល​អាកាសធាតុ​នេះ​។ 
 
​ក្រោយពី​ការរីកលូតលាស់​នៃ​បដិវត្តន៍​ឧស្សាហកម្ម សីតុណ្ហភាព​ជាការ​ទប់ស្កាត់​មិន​ឲ្យ​ភពផែនដី​កើន​ឡើងជា​មធ្យម ១.៥ អង្សារ​គឺជា​ចក្ខុវិស័យ​មួយ​ដែល​គេ​ត្រូវតែ​សម្រេច​មុន​ឆ្នាំ ២០៥០​។ មធ្យម​របស់​ភពផែនដី​បាន​កើនឡើង​ជិត​មួយ​អង្សារ​។ ទោះបី​តួរ​លេខ​នេះ​មើលទៅ​ហាក់បីដូចជា​មិន​ច្រើន​ក៏ដោយចុះ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​បរិស្ថាន​មានការ​ផ្លាស់ប្តូរ​ខ្លាំង​បាន​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​អង្គការ​ឧ​ត្តុ​និយម​ពិភពលោក (WMO) ។ 
 
​ស្រប​ពេលដែល​ការអនុវត្ត​របស់​រដ្ឋា​ភិ​បាល​ជុំវិញ​ពិភពលោក​ទំនងជា​មិនអាច​សម្រេច​គោលដៅ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ អង្គការ​បរិស្ថាន​ពាក់ព័ន្ធ​ជាច្រើន​បាន​សំណូមពរ​ទៅកាន់​មហាជន​ឲ្យ​បង្កើត​ការយល់ដឹង​ពី​ការការពារ និង​ថែរក្សា​បរិស្ថាន​ដែរ​។ អង្គការ​ទាំងនេះ​បាន​ជំរុញ​ឲ្យ​ប្រជាជន​ម្នាក់ៗ​ផ្តោតលើ​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​រួម​ដូចជា​ឡានក្រុង រថភ្លើង ការប្រើប្រាស់​កង់ ឬ​ថ្មើរជើង​ទៅកាន់​ទីតាំង​ជិតៗ​។ ក្រៅពីនេះ​គេ​អាច​សន្សំសំចៃ​ការប្រើប្រាស់​ថាមពល​, ងាក​ទៅប្រើ​ប្រាស់ ប្រព័ន្ធ​សូ​ឡា​ដើម្បី​ទាញយក​ថាមពល​ពី​ពន្លឺព្រះអាទិត្យ និង​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ផ្សេងទៀត​ដែល​អាច​ចូលរួមចំណែក​បាន​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​ទៅកាន់​បរិយាកាស​ផង​។ 
 
​សូមបញ្ជាក់ថា ចាប់តាំងពី​មានការ​ធ្វើ​កំណត់ត្រា​សីតុណ្ហភាព​ពិភពលោក​នៅ​ឆ្នាំ​១៨៥០​មក ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ដែលមាន​ការកើនឡើង​ក​ម្តៅ​ខ្លាំងជាងគេ បើ​ប្រៀបធៀប​នឹង​រយៈពេល​ចាប់ពី​ពាក់កណ្តាល​សតវត្ស​ទី​១៩ មកទល់​បច្ចុប្បន្ននេះ​។ បញ្ហា​ដែល​កើតឡើង​អាចមាន​ដូចជា​ការកើនឡើង​នៃ​កម្ពស់ និង​កម្តៅ​ទឹកសមុទ្រ រួមទាំង​បំផ្លិចបំផ្លាញ​ដំណាំ​កសិកម្ម​ច្រើន​ដែលជា​ស្បៀង​ដ៏​ចាំបាច់​សម្រាប់​មនុស្ស​ផង​។ 
 
​ម្យ៉ាងវិញទៀត​តំបន់​សមុទ្រ​ទឹកកក​អាក​ទិ​ក និង​ត្រូវ​រង​ការខូចខាត​យ៉ាងខ្លាំង​ពី​ការ​រលាយ​ទឹកកក​ស្របពេល​ដែលមាន​ការកើនឡើង​នៃ​សីតុណ្ហភាព​នេះ​។ អ្នកជំនាញ​ប៉ាន់​ស្មានថា សមុទ្រ​ទឹកកក​អាក​ទិ​ក នឹង​លែងមាន​វត្តមាន​ទឹកកក​ក្នុង​រដូវក្តៅ​ទៀតហើយ​នៅក្នុង​ឆ្នាំ ២០៥០​ខាងមុខ​។​ការប្រែប្រួល​បរិស្ថាន​តំបន់​សមុទ្រ​ទឹកកក​នេះ​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ជំរក​សត្វ​និង​រុក្ខជាតិ​នៅ​ទីនោះ​យ៉ាងធ្ងន់ធ្ងរ​៕
 

Tag:
 ប្រែប្រួល​អាកាសធាតុ​
 ​បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com