សុខភាព
អន្តរជាតិ
ការសិក្សា​៖​ក្មេងៗ​មើល​ទូរ​សព្ទ​ច្រើនជាង​២​ម៉ោង​ក្នុង​មួយថ្ងៃ ប៉ះពាល់​ដល់​ខួរក្បាល​
16, Dec 2018 , 9:59 am        
រូបភាព
ដោយ:
​ក្រុម​អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​អាមេរិក​មួយ បាន​រកឃើញថា ក្មេងៗ​ដែល​ប្រើប្រាស់​ទូរ​សព្ទ​ទំនើប និង​លេង​ហ្គេម​ក្នុង​រយៈពេល​យូរ ទទួលរង​ផលប៉ះពាល់​ផ្នែក​ខួរក្បាល ជាពិសេស ការគិត​ពិចារណា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ CBS ក្នុង​កម្មវិធី 60 Minutes នៅ​ថ្ងៃអាទិត្យ​ថ្ងៃទី ០៩ ខែធ្នូ​។

 
​វិទ្យាស្ថាន​ជាតិ​សម្រាប់​សុខភាព​របស់​អាមេរិក (NIH) បាន​ផ្តួចផ្តើម​ការសិក្សា​មួយ ដោយ​ស្កែ​ន​ខួរក្បាល​ក្មេងៗ​អាយុ​៩​ឆ្នាំ និង​១០ ប្រមាណ ៤៥០០​នាក់​។  យោងតាម​លទ្ធផល​បឋម​នៃ​ការសិក្សា ក្មេងៗ​ដែល​ប្រើប្រាស់​ទូរ​សព្ទ​ទំនើប​, ថេប​ផ្លេ​ត និង​លេង​ហ្កេ​ម ច្រើនជាង​២​ម៉ោង​ក្នុង​មួយថ្ងៃ​នោះ  ទទួល​ពិន្ទុ​ទាប​លើ​វិញ្ញាសា ជំនាញ​គិតពិចារណា និង​ជំនាញ​ភាសា​។ 
 
​លើសពីនេះ ក្រុម​អ្នកស្រាវជ្រាវ​របស់​វិទ្យាស្ថាន​អាមេរិក​ខាងលើនេះ នឹងធ្វើ​ការតាមដាន​ក្មេងៗ​ប្រមាណ ១១ ០០០​នាក់​បន្ថែមទៀត ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ​។ ការសិក្សា​ដែល​គ្រោង​ចាយប្រាក់​៣០០​លាន​ដុល្លារ​នេះ  មាន​គោលដៅ​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​ពី​ផលប៉ះពាល់ ដែល​បណ្តាល​មកប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​រយៈពេល​យូរ ទៅលើ​ខួរក្បាល​របស់​ក្មេងៗ​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទូរទស្សន៍ CBS បច្ចុប្បន្ននេះ ក្មេងៗ​អាយុ​ចន្លោះ​ពី​១៣ ទៅ ១៩​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក ចំណាយពេល​ជា​មធ្យម​ប្រមាណ ៤​ម៉ោង និង​៣០​នាទី ក្នុង​មួយថ្ងៃ ប្រើប្រាស់​ទូរ​សព្ទ​ដៃ​របស់​ពួកគេ​។ តួលេខ​នេះ គេ​នៅ​មិនទាន់​រាប់បញ្ចូល​ពេលវេលា​ដ៏​ទៃ​ផ្សេងទៀត ដែល​ពួកគេ​ចំណាយ​សម្រាប់​ការលេង​ហ្គេម មើល​ទូរទស្សន៍ ឬ​ប្រើប្រាស់​កុំព្យូទ័រ​៕
 

Tag:
 ការសិក្សា​
  ខួរក្បាល​
  ទូរ​សព្ទ​ទំនើប
© រក្សាសិទ្ធិដោយ thmeythmey.com