ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ជំរុញ​អន្តរជាតិ ឲ្យ​ដាក់​គំនាប​កាន់តែខ្លាំង លើ​រដ្ឋាភិបាល​ខ្មែរ​
14, Dec 2018 , 11:11 am        
រូបភាព
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី រឹតតែ​ទោមនស្ស​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​កែប្រែ​សាជាថ្មី ដែល​គេ ដឹងថា ការកែប្រែ​នេះ គឺ​ដើម្បី​បើក​ច្រក​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង បាន​វិល​មកកាន់​ឆាកនយោបាយ​វិញ​។ លោក សម រង្ស៊ី មិន​ត្រឹមតែ​មិន​សាទរ​នោះទេ តែ​លោក ថែមទាំង​យល់ថា ការធ្វើ​ដូច្នេះ គឺជា​យុទ្ធសាស្ត្រ​របស់​សម្តេច ហ៊ុន សែន ដើម្បី​បំបែកបំបាក់​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​។


 
​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហោះ​ចេញពី​ក្រៅប្រទេស នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ លោក សម រង្ស៊ី បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ជា​ភាសា​អង់គ្លេស​និង​ភាសា​បារាំង ដើម្បី​ប្រាប់​ទៅ​រដ្ឋាភិបាល​ជា​មិត្ត​ក្នុង​ពិភពលោក​និង​ស្ថាប័ន​នានា ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ឲ្យ​គាបសង្កត់​លោក ហ៊ុន សែន កាន់តែខ្លាំង ក្រោយពី​គាត់​បាន​គំរាម​ចាប់​ដាក់គុក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០០​នាក់ បើ​មិន​ព្រម​ចុះចូល​ជាមួយ​គាត់​...»​។​
 
​លោក សម រង្ស៊ី នឹង​ចាត់ទុកថា ជា​ជន​ក្បត់បក្ស បើ​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ណា​ម្នាក់ ហ៊ាន​ធ្វើ​សំណើសុំ​សិទ្ធិ​នយោបាយ ពី​រដ្ឋាភិបាល​កម្ពុជា​។ អ្វីដែល​លោក សម រង្ស៊ី ចង់បាន​មុនគេ គឺ​ការដោះលែង​លោក កឹម សុខា ហើយ​រឿង​ផ្សេងទៀត ចាំ​គិត​តាម​ក្រោយ​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច ចំអក​ឲ្យ​លោក សម រង្ស៊ី ដែល​ប្រឹង​រារាំង​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង មិន​ឲ្យ​ស្នើសុំ​សិទ្ធិ​នយោបាយ​។ លោក បាន​សរសេរ​សារ​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រា​មយ៉ាង​ដូច្នេះ​ថា​៖«​ទោះបី​ប្រើ​ឧបាយកល​យ៉ាងណា ក៏​លោក សម រង្ស៊ី មិនអាច​សម្រេចបាន​តា​ម​ចិត្ត​ដែរ​។ នៅ​ទីបំផុត ក្នុងចំណោម​១១៧​នាក់ មន្ត្រី​ជាច្រើន នឹង​ប្រើ​សិទ្ធិ​របស់គេ​ម្នាក់ៗ ដាក់ពាក្យ​ស្នើសុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​មិន​ខ្វល់​នឹង​ឧបាយកល​រារាំង​របស់លោក សម រង្ស៊ី ឡើយ​»​។ 
 
​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​រដ្ឋសភា អនុម័ត នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​។ តាមរយៈ​ខ្លឹមសារ​ថ្មី ដែល​ត្រូវបាន​បញ្ចូល​ក្នុង​ច្បាប់​នេះ នាយករដ្ឋមន្ត្រី មាន​សិទ្ធិ​ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ព្រះអង្គ ប្រោស​ព្រះរាជទាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ដល់​អ្នក​ដែល​ត្រូវបាន​តុលាការ​កំពូល​ដកចេញ​។ 
 
​សម្តេច ហ៊ុន សែន ប្រកាសថា នឹង​ពិចារណា​ក្នុងការ​ក្រាបបង្គំ​ទូល​ទៅ​ព្រះមហាក្សត្រ បើ​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​រូប​ណា ដាក់សំណើ​។ នាយករដ្ឋមន្ត្រី បង្ហើប​ថា អ្នក​ដែល​គោរព​តាម​សាលដីកា​របស់​តុលាការ​កំពូល អាចនឹងទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ តែ​អ្នក​ដែល​ប្រឆាំង នឹងមិន​ងាយ​ទទួល​បានឡើយ​។ 
 
​លោក គង់ គាំ និង កូនប្រុស គឺ​លោក គង់ បូរ៉ា បានប្រកាសថា នឹងធ្វើ​សំណើសុំ​សិទ្ធិ​នយោបាយ​វិញ​។ លោក គង់ គាំ ដែល​ធ្លាប់​ដើរ​ផ្លូវ​នយោបាយ​ជាមួយ​លោក សម រង្ស៊ី រាប់​អាណត្តិ​នោះ បាន​លើកឡើងថា លោក មិនអាច​បន្ត​រង់ចាំ​ការ​រស់​ឡើងវិញ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ 
 
​គេ កំពុងតែ​នាំគ្នា​សង្កេត​មើលថា ក្នុងចំណោម​ថ្នាក់ដឹកនាំ​ជាង​១០០​នាក់​នោះ​របស់​អតីត​គណបក្សប្រឆាំង តើ​អ្នកណា នឹង​គោរព​តាម​សម្តី​របស់លោក សម រង្ស៊ី ហើយ​អ្នកណា នឹង​ធ្វើតាម​ការណែនាំរ​បស់​សម្តេច ហ៊ុន សែន​៕ 

Tag:
 ​សម រង្ស៊ី​
  ហ៊ុន សែន​
  ច្បាប់​នយោបាយ​
  អន្តរជាតិ​
  ទណ្ឌកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com