កវីនិពន្ធ​រឿង​សង្សារ​១៤​ថ្ងៃ លោក សុខ ចាន់​ផល សង្ឃឹមថា​ស្នាដៃ​ថ្មី​រឿង «​ស្នេហា​សុភាពបុរស​» នឹង​ទាក់ទាញ​អ្នកអាន​ច្រើន​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កវីនិពន្ធ​រឿង​សង្សារ​១៤​ថ្ងៃ លោក សុខ ចាន់​ផល សង្ឃឹមថា​ស្នាដៃ​ថ្មី​រឿង «​ស្នេហា​សុភាពបុរស​» នឹង​ទាក់ទាញ​អ្នកអាន​ច្រើន​
15, Dec 2018 , 6:59 pm        
រូបភាព
លោក សុខ​​ ចាន់​​ផល នៅ​ក្នុង​កម្ម​វិធី​តាំងពិ​ព័រណ៍​សៀវភៅ​កម្ពុជាលើកទី​៧ នៅ​បណ្ណា​ល័យ​កម្ពុជា កាលពី​ថ្ងៃទី​០៧ ខែ​ឆ្នូ ឆ្នាំ​២០១៨​
លោក សុខ​​ ចាន់​​ផល នៅ​ក្នុង​កម្ម​វិធី​តាំងពិ​ព័រណ៍​សៀវភៅ​កម្ពុជាលើកទី​៧ នៅ​បណ្ណា​ល័យ​កម្ពុជា កាលពី​ថ្ងៃទី​០៧ ខែ​ឆ្នូ ឆ្នាំ​២០១៨​
​ភ្នំពេញ​៖ លោក សុខ ចាន់​ផល កវីនិពន្ធ​វ័យក្មេង​ក្នុង​ស្រទាប់​យុវវ័យ​សម័យថ្មី​នេះ ត្រូវបាន​មហាជន​ជាច្រើន​ស្គាល់​ថា ជា​អ្នកនិពន្ធ​សៀវភៅ​ប្រលោមលោក រឿង សង្សារ​១៤​ថ្ងៃ​។ បន្ទាប់ពី​លោក​បាន​បោះពុម្ព​សៀវភៅ​សង្សារ​១៤​ថ្ងៃ ដែល​ទទួល​ការគាំទ្រ​ពេញទំហឹង​ពី​យុវវ័យ លោក​សង្ឃឹមថា សៀវភៅ «​ស្នេហា​សុភាពបុរស​» ដែលជា​ស្នាដៃ​របស់លោក​សម្រាប់​ឆ្នាំនេះ នឹង​រក្សា​លំនឹង​គាំទ្រ​ច្រើន​ដូចនឹង​សៀវភៅ​មុនៗ​របស់លោក​ផងដែរ​។


 
​ជា​អ្នកនិពន្ធ​ទំនុកច្រៀង​ផង និង​ជា​អ្នកនិពន្ធ​សៀវភៅ​ដ៏​មាន​ប្រជាប្រិយភាព​ផង លោក ចាន់​ផល ទើបតែ​បញ្ចេញ​លក់ និង​ផ្សាយ​សៀវភៅ​ប្រលោមលោក​ថ្មី​រឿង «​ស្នេហា​សុភាពបុរស​» ដែល​បានដាក់​តាំងនៅ​បណ្ណាល័យ​ជាតិ កាលពី​០៧​ដល់​ថ្ងៃទី​០៩ ខែ​ឆ្នូ កន្លងទៅនេះ​។ លោក ចាន់​ផល បាន​និយាយថា  សៀវភៅ​នេះ សរសេរ​បែប​ទស្សនវិជ្ជា ដែល​រៀបរាប់​ពី​ពាក្យពេចន៍​ជា​ភាសា​និយាយ​របស់​មនុស្ស​ពេញវ័យ​។ ដោយសារតែ​លោក​បាន​និពន្ធ​សៀវភៅ សង្សារ​១៤​ថ្ងៃ ហើយ​ធ្លាប់​បានទទួល​ការគាំទ្រ​ច្រើន ដូច្នេះ​លោក​នៅតែមាន​ជំនឿ​យ៉ាង​មុតមាំ​ថា យុវវ័យ​នឹង​នៅតែ​ឲ្យ​តម្លៃ​ស្នាដៃ​របស់លោក​បន្តទៀត​។ 


លោក សុខ​​ ចាន់​​ផល នៅ​ក្នុង​កម្ម​វិធី​តាំងពិ​ព័រណ៍​សៀវភៅ​កម្ពុជាលើកទី​៧ នៅ​បណ្ណា​ល័យ​កម្ពុជា កាលពី​ថ្ងៃទី​០៧ ខែ​ឆ្នូ ឆ្នាំ​២០១៨​ 
 
​ថ្វី​ត្បិត​លោក ចាន់​ផល ទើបតែ​ចេញផ្សាយ​សៀវភៅ​ថ្មី «​ស្នេហា​សុភាពបុរស​» មិនទាន់បាន​មួយខែ​ផង ប៉ុន្តែ​មាន​សន្ទះ​ការគាំទ្រ​ច្រើន​ពី​យុវវ័យ​សម័យនេះ​។ កំពុង​ចុះហត្ថលេខា លើ​សៀវភៅ​ដែល​យុវវ័យ​មក​ទិញ​នៅ​ពិព័រណ៍​សៀវភៅ​កម្ពុជា លោក សុខ ចាន់​ផល បាន​និយាយថា​៖«​ការពិត​ខ្ញុំ​បាន​បោះពុម្ព​សៀវភៅ​ចំនួន​៣​ក្បាល​រួចមកហើយ សៀវភៅ​ទាំងនោះ​សុទ្ធតែ​មានការ​ពេញចិត្ត​ទាំងអស់ ហើយ​បោះពុម្ព​(​ស្នេហា​សុភាពបុរស​)​លើក​នេះ ខ្ញុំ​បាន​រចនា​ថ្មី ស្អាត​ជាង​មុន ហើយ​សាច់រឿង ខ្ញុំ​សរសេរ​បែប​មនុស្សពេញវ័យ​និយាយ ដូច្នេះ​ងាយស្រួល​ឲ្យ​ពូកគេ​អាន​ផងដែរ​»​។ 
 
​ស្នាដៃ​រឿង «​ស្នេហា​សុភាពបុរស​» របស់លោក សុខ ចាន់​ផល ចង់​រៀបរាប់​ពី​ស្នេហា​របស់​បុរស​ម្នាក់ និង​នារី​ពីរ​នាក់ ដែលជា​ស្នេហា​ចាក់ស្រេះ​រវាង​មនុស្ស​៣​នាក់​។ បុរស​ម្នាក់​ស្រឡាញ់​មនុស្ស​ស្រី​ពីរ​នាក់​ក្នុងពេល​តែមួយ ដោយ​ម្នាក់​ជា​ស្នេហា​ប្រកាន់វណ្ណៈ និង​ម្នាក់ទៀត​ជា​ស្នេហា​ផ្តើមចេញពី​ការ​ស្អប់​គ្នា និង​ឈ្លោះប្រកែក​ទាស់ទែង​គ្នា​ជា​រៀងរាល់ថ្ងៃ​។ ទីបំផុត​បុរស​ម្នាក់​នោះបាន​សម្រេច​ជ្រើសរើស​នារី​ដែល​គេ​ធ្លាប់តែ​ឈ្លោះប្រកែក​គ្នា​នោះមក​ធ្វើជា​គូ​អនាគត ដោយសារ​បុរស​នោះ​មាន​ក្តី​អាណិតអាសូរ​ដល់​នារី​ម្នាក់​នោះ​។ នេះ​ជា​សាច់រឿង​ដែល​រៀបរាប់​ពី​ស្នេហា​ត្រីកោណ​របស់​បុរស​ម្នាក់​និង​នារី​ពីរ​នាក់ ដែល​ស្ថិតនៅក្នុង​សៀវភៅ​រឿង ស្នេហា​សុភាពបុរស និពន្ធ​ដោយ​លោក សុខ ចាន់​ផល​។ 


លោក សុខ​​ ចាន់​​ផល នៅ​ក្នុង​កម្ម​វិធី​តាំងពិ​ព័រណ៍​សៀវភៅ​កម្ពុជាលើកទី​៧ នៅ​បណ្ណា​ល័យ​កម្ពុជា កាលពី​ថ្ងៃទី​០៧ ខែ​ឆ្នូ ឆ្នាំ​២០១៨​ 

​តាមរយៈ​តាំងពិព័រណ៍​សៀ​ភៅ​កម្ពុជា​លើក​ទី​៧ នៅ​បណ្ណាល័យ​កម្ពុជា លោក សុខ ចាន់​ផល បានបង្ហាញ​ស្នាដៃ​និពន្ធ  ដែល​ទទួល​ការទាក់ទាញ​ពី​យុវវ័យ​ជាច្រើន​។ លោក ចាន់​ផល បញ្ជាក់ថា​៖«​នៅពេល​មាន​អ្នកអាន​ច្រើន វា​ជា​កម្លាំងចិត្ត​មួយ​ដែល​លើកទឹកចិត្ត​ឲ្យ​អ្នកនិពន្ធ​កាន់តែ​បញ្ចេញស្នាដៃ​បន្ថែមទៀត ហើយ​ខ្ញុំ​នឹង​បន្ត​និពន្ធ​សៀវភៅ​បន្ថែម​ដើម្បី​បានជា​សៀវភៅ​ថ្មី​សម្រាប់​បម្រើ​ដល់​អ្នកអាន​ផងដែរ​»៕ 
 

Tag:
 សុខ ចាន់​ផល​
  សៀវភៅ​
 ​អ្នកនិពន្ធ​
 ​យុវវ័យ
© រក្សាសិទ្ធិដោយ thmeythmey.com