អន្តរជាតិ
ម៉ា​ឌុយ​រ៉ូ​៖ «​ជួប​សន្ទនា​ជាមួយ​លោក ពូ​ទីន ជា​រឿង​មាន​ប្រយោជន៍​បំផុត​ក្នុង​ជីវិត​នយោបាយ​ខ្ញុំ​»
15, Dec 2018 , 8:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​បាន​អះអាង​សប្តាហ៍​នេះ​ថា ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​លោក​ជាមួយ​សម​ភាគី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​សប្តាហ៍​មុន ជា​ជំនួប​ដ៏​មាន​ប្រយោជន៍​បំផុត​ក្នុង​ឆាកជីវិត​នយោបាយ​កន្ល​ង​មក​។ ក្រោយ​កិច្ចពិភាក្សា រុស្ស៊ី និង​វេ​ណេ​ស៊ុយ​អេ​ឡា​ឯក​ភា​គ្នា​បង្កើន​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី​ផងដែរ​។​


 
​នា​សន្និសីទ​ព័ត៌មាន​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃ​ពុធ​ទី ១២ ខែធ្នូ ប្រធានាធិបតី​នៃ​រដ្ឋ​អាមេរិក​ឡាទីន វេ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ បាន​កោតសរសើរ​ពី​ជំនួប​ទ្វា​ភាគី​រវាង​លោក​ជាមួយ​ប្រ​ធា​ធិបតី​រុស្ស៊ី​។ លោក​ចាត់ទុកថា វា​ជា​ជំនួប​ដ៏​ប្រសើរ និង​មាន​ប្រយោជន៍​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ជីវិត​នយោបាយ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS បាន​ស្រង់​សម្តី​លោក ម៉ា​ឌុយ​រ៉ូ ដូច្នេះ​៖« វា​ជា​ជំនួប​ពិភាក្សា​ដ៏​មាន​ប្រយោជន៍​បំផុត​ក្នុង​ជីវិត​ការងារ​របស់ខ្ញុំ​។ យើង​សម្រេច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​យោធា​»​។​
​លោក ម៉ា​ឌុយ​រ៉ូ បានធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​រុស្ស៊ី និង​ចូលជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន កាលពី​សប្តាហ៍​មុន ស្រប​ពេលដែល​មេដឹកនាំ​រដ្ឋ​អាមេរិក​ឡាទីន​រូបនេះរ​ង​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ជាពិសេស​អាមេរិក និង​សហភាព​អឺរ៉ុប​ផង​។ មេដឹកនាំ​រូបនេះ​និង​មនុស្ស​ជំនិត​ក្នុង​របប​ដឹកនាំ​សព្វថ្ងៃ​ក៏​រង​ទណ្ឌកម្ម​របស់​អាមេរិក និង​សហភាព​អឺរ៉ុប​ដែរ​។ 
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​នេះ ភាគី​ទាំងពីរ​បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​មួយចំនួន​ដូចជា​កិច្ចសហប្រតិបត្តិការ​លើ​ការរុករក​ប្រេង និង​ឧស្សាហកម្ម​រ៉ែ និង​ពង្រឹង​ពាណិជ្ជកម្ម​គ្រាប់​ធុញ្ញ​ជាតិ​។ ក្រៅពីនេះ​ភាគី​រុស្ស៊ី​សន្យា​ជួយ​វេ​ណេ​ស៊ុយ​អេ​ឡា​ពង្រឹងសមត្ថភាព​យោធា​និង​សព្វាវុធ​ដែរ​។ បើតាម​សម្តី​របស់លោក ម៉ា​ឌុយ​រ៉ូ កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះ​នេះ​ផ្តោតលើ​គម្រោង​ទាំងអស់​ដែលមាន​ទំហំ​លើស ប្រាំមួយ​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ 
 
​មកដល់​បច្ចុប្បន្ននេះ វេ​ណេ​ស៊ុយ​អេ​ឡា និង​រុស្ស៊ី​កំពុង​អនុវត្ត​គម្រោង​វិនិយោគ​រួមគ្នា​ច្រើនសន្ធឹក​រួចហើយ​ក្នុងនោះ​មាន​ថាមពល កសិកម្ម សុខាភិបាល​និង​ឧស​ថ​សាស្ត្រ រួមទាំង​បច្ចេកវិទ្យា បច្ចេកទេស​យោធា និង​ការស្រាវជ្រាវ​លើ​ថាមពល​នុយ​ក្លេរ​អ៊ែរ​បម្រើ​ប្រយោជន៍​សុខាភិបាល​ផងដែរ​។ 
 
​ដោយឡែក ក្រោយ​ទស្សនកិច្ច​របស់លោក ម៉ា​ឌុយ​រ៉ូ ប៉ុន្មាន​ថ្ងៃ គេ​ឃើញ​មាន​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ប៉ុន្មាន​គ្រឿង​ដែរ​ចុះចត​នៅ​រដ្ឋធានី​កា​រ៉ា​កាស​។ ការបញ្ជូន​ក្រុម​យន្តហោះ​ទៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ជា​ចេតនា​របស់​រុស្ស៊ី​ក្នុងការ​ផ្ញើ​សារ​ទៅ​ក្រុង​វ៉ាស៊ីនតោន និង​សហគមន៍​អន្តរជាតិ​ដែល​បន្ត​ដាក់​គំនាប​លើ​របប​ដឹកនាំ​នេះ ជាពិសេស​មានការ​គំរាម​អន្តរាគមន៍​យោធា​ផង​។ 
 
​សម្រាប់​រុស្ស៊ី ការបញ្ជូន​យន្តហោះ​នេះ​ជា​សារ​មួយ​ទៅកាន់​សហគមន៍​អន្តរជាតិ​ថា ខ្លួន​នៅ​បន្ត​គាំទ្រ​របប​ដឹកនាំ​ក្រុង​កា​រ៉ា​កាស ទោះជា​ស្ថានភាព​បែបណាក៏ដោយ​។ មួយទៀត រុស្ស៊ី​ក៏រ​ឆ្លើយតប​នឹង​សម្តី​គំរាមកំហែង​របស់​អាមេរិក​ប្រឆាំងនឹង​របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែរ​។​
 
 កាលពីដើម​ខែធ្នូ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជេ​ម ម៉ា​ធី​ស បានលើកឡើង​ក្នុង​វេទិកា​សន្តិសុខ​ថា របប​ដឹកនាំ​ម៉ា​ឌុយ​រ៉ូ គួរតែ​ចាកចេញ​ដើម្បី​សង្គ្រោះ​ប្រទេសជាតិ​ជាពិសេស​វិស័យសេដ្ឋកិច្ច និង​សង្គម​ដែល​កំពុង​ក្ស័យធន​នោះ​។ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់​រូបនេះ​មិនបាន​បកស្រាយ​ពាក្យសម្តី​របស់ខ្លួន​ឡើយ​។​
 
​ត្រឡប់មកវិញ ការបញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​ទៅកាន់​វេ​ណេ​ស៊ុយ​អេ​ឡា​រង​ការ​ថ្កោលទោស​ពី​អាមេរិក​។ ប្រមុខ​ការទូត​អា​មេរ​កលោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ទិតៀន​ថា វា​ជា​ដែល​ធ្វើ​រឿង​ឥតប្រយោជន៍ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​កំពុង​រងទុក្ខវេទនា​ដោយសារ​វិបត្តិ​សង្គម និង​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​នោះ​៕ 
 

Tag:
 នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​
  វេ​ណេ​ស៊ុយ​អេ​ឡា​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com