កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ៤​ក្រុម​ពី​អង់គ្លេស​នឹងមិន​ប៉ះគ្នា​នៅ វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​ឡើយ ព្រោះ​…
17, Dec 2018 , 9:19 am        
រូបភាព
​ការចាប់​ឆ្នោត​រើស​គូ វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​ដើម្បី​ប្រជែង​ពានរង្វាន់ UEFA Champions League ត្រូវធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ នៅឯ​ទីស្នាក់ការ​កណ្តាល UEFA ដែល​ស្ថិតក្នុង​ក្រុង Nyon ប្រទេស​ស្វី​ស​។​


 
​ក្រោយ​បញ្ចប់​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល ពី A ដល់ H រៀងៗ​ខ្លួន​រួចមក UEFA បាន​រកឃើញ​ក្រុម​ចំនួន​១៦ ដែល​អាច​ឈានទៅ​ប្រជែង​នៅ​វគ្គ ១/៨​ផ្តាច់ព្រ័ត្រ​។ អ្វីដែល​ជាការ​កត់សម្គាល់​នោះ ក្រុម​មកពី​លី​គ​កំពូល​អង់គ្លេស​ចំនួន​៤ ដែល​រួមមាន Manchester City, Liverpool, Manchester United និង Tottenham Hotspur សុទ្ធតែ​បាន​ឡើងទៅ​កាន់​វគ្គ​នេះ​ទាំងអស់​។​
 
​ឈានដល់​វគ្គ ១/៨​ផ្តាច់ព្រ័ត្រ ក្រុម​ទាំង​១៦​នឹងត្រូវ​ចាប់ឆ្នោត​រើស​គូប្រកួត​ម្តងទៀត ដោយ​ចែកចេញជា​ពីរ គឺ​ទី​១​សម្រាប់​ក្រុម​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ទីមួយ​តាម​ពូ​ល និង​ទី​២​ក្រុម​ដែល​បាន​ចំណាត់ថ្នាក់​ទី​២​។​
 
​ក្រុម​ដែល​ឈរ​នៅ​កំពូល​តារាង​តាម​ពូ​ល​នីមួយៗ នឹងត្រូវ​ប៉ះ​ជាមួយ​ក្រុម​ដែល​បាន​លេខ​ពីរ​នៃ​ពូ​ល​ដទៃទៀត​។ ដោយសារ​ក្រុម​ពី​ក្របខណ្ឌ Premier League ទាំង​៤​មានតែ Man City ដែល​ស្ថិតនៅ​ក្រុមទី​១ ហើយ Liverpool, Manchester United និង Tottenham Hotspur សុទ្ធតែ​នៅ​ក្រុមទី​២ ដូច្នេះ​ពួកគេ​នឹងមិន​ត្រូវ​ចាប់ឆ្នោត​ជួបគ្នា​ឡើយ​។ រីឯ​ក្រុម​ដែល​ជួបគ្នា​ក្នុង​ពូ​ល​រួចហើយ ក៏​មិន​ជួបគ្នា​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នេះដែរ​។​
 
​ក្រុម​ដែល​អាច​ជួបគ្នា​ជាមួយ​ក្រុម​មកពី​អង់គ្លេស​ទាំង​៤​ខាងលើ​
-​ ​Man City អាច​នឹងត្រូវ​ជួប Ajax, Atlético, Roma ឬ Schalke
-​ ​Man Utd អាច​នឹងត្រូវ​ជួប Barcelona, Bayern Munich, Dortmund, PSG, Porto និង Real Madrid
-​ ​Liverpool អាច​នឹងត្រូវ​ជួប Barcelona, Bayern, Dortmund, Juventus, Porto និង Real Madrid
-​ ​Spurs អាច​នឹងត្រូវ​ជួប Bayern, Dortmund, Juventus, PSG, Porto និង Real Madrid
 
​ការប្រកួត​ជើង​ទី​១​សម្រាប់​វគ្គ​១៦​ក្រុម​ចុង​ក្រោយនេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១២/១៣ និង ១៩/២០ ខែកុម្ភៈ ហើយ​ជើង​ទី​២ នឹងធ្វើ​នៅ​ថ្ងៃទី ៥/៦ និង​១២/១៣ ខែមីនា ឆ្នាំ​២០១៩៕
 

Tag:
 ​បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com