អន្តរជាតិ
អឺរ៉ុប​សន្យា​កាត់បន្ថយ​កម្រិត​ឧស្ម័ន​កាបូ​និ​ច​ភាយ​ចេញ​រថយន្ត​ដល់ ៣៧​ភាគរយ​ត្រឹម ២០៣០
18, Dec 2018 , 6:19 pm        
រូបភាព
​សហភាព​អឺរ៉ុប​ឯកភាព​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ដែល​បញ្ចេញ​ពី​យានយន្ត​ថ្មីៗ​ឲ្យ​បាន ៣៧ ភាគរយ​ត្រឹម​ឆ្នាំ ២០៣០ ខាងមុខ​។ ការប្រកាស​កាត់បន្ថយ​កម្រិត​ការបញ្ចេញ​ឧស្ម័ន​ពុល​ចូល​ទៅកាន់​បរិយាកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​សន្និសីទ​កំពូល​ប្រែប្រួល​អាកាស​លើក​ទី​២៤ (COP24) បិទ​បញ្ចប់​ទៅជា​ផ្លូវការ​នៅ​ប្រទេស​ប៉ូឡូញ​។​

 
​ផែនការ​កាត់បន្ថយ​ក​ម្រិ​ត​ឧស្ម័ន​កាបូ​និ​ច​ភាយ​ចេញពី​រថយន្ត​ថ្មីៗ​នេះ​ត្រូវបាន​ព្រមព្រៀងគ្នា​ដោយ​សភា​អឺរ៉ុប និង​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់​កាលពី​ថ្ងៃ​ចន្ទ​ទី ១៧ ខែធ្នូ​។ គណៈកម្មការ​អឺរ៉ុប​បានប្រកាស​ដូច្នេះ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​កម្រិត​កាត់បន្ថយ​នោះ​គឺ ៣៧,៥​ភាគរយ ហើយ​គោលដៅ​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​នោះ​គឺ​ត្រឹម​ឆ្នាំ ២០៣០​។ តាម​កិច្ចព្រមព្រៀង​ដែលមាន​សុពលភាព​អនុវត្ត​ក្នុង​សហភាព​អឺរ៉ុប​ទាំងមូល​នេះ កម្រិត​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច គឺ​ត្រូវតែ​ស្ថិតនៅ​ប្រហែល ៣១​ភាគរយ​ទាប​ជាង​កម្រិត​បំ​ភាយ​ចេញ​នៅក្នុង​ឆ្នាំ ២០២១​ដែរ​។ 
 
​បទបញ្ញត្តិ​ថ្មី​នេះដែរ​នឹង​អាចជួយ​រក​ចំណុចប្រសព្វ​បាន​រវាង​ប្រទេស​ដែល​ទាមទារ​ឲ្យ​មានការ​កាត់បន្ថយ​ឧស្ម័ន​កាបូ​និ​ច ៣០​ភាគរយ​ពី​យានយន្ត និង​សភាព​អឺរ៉ុប​ដែល​បានទាមទារ​ឲ្យ​កម្រិត​នៃ​ការកាត់បន្ថយ​ឧស្ម័ន​ពុល​នេះ​ឲ្យ​ខ្ពស់​ដល់ ៤០​ភាគ​នោះ​។ 
 
​អង្គការក្រៅរដ្ឋាភិបាល​ដែល​ផ្តោតលើ​ការដឹកជញ្ជូន​និង​បរិស្ថាន​នោះបាន​សាទរ​ចំពោះ​ជំហាន​វិជ្ជមាន​របស់​សហភាព​អឺរ៉ុប ប៉ុន្តែ​ចំណាត់ការ​នេះ​នៅតែ​មិនទាន់​ល្អ​គ្រប់គ្រាន់​នៅឡើយ​ទេ​។ អង្គការ​ទាំងនោះ​បាន​អះអាងថា ការប្តេជ្ញាចិត្ត​កាត់បន្ថយ​ឧស្ម័ន​កាបូ​និ​ច​មិនទាន់​លឿន​ល្មម​អាច​សម្រេច​គោលដៅ​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សាកល​ឡើយ​។ 
 
​យ៉ាងណាមិញ ស្នងការ​ទទួលបន្ទុក​កិច្ចការ​សកម្មភាព​ដោះស្រាយ​ប្រែប្រួល​អាកាសធាតុ​និង​ថាមពល Arias Canete មាន​សុ​ទិ​ដ្ឋ​និយម​ខ្ពស់​ចំពោះ​វិធានការ​ថ្មី​ដែល​សហភាព​អឺរ៉ុប​ដាក់ចេញ​ពេលនេះ​ក្នុង​គោលដៅ​បំបាត់ចោល​ការបំពុល​បរិយាកាស​ជាពិសេស​ចេញពី​វិស័យ​ដឹកជញ្ជូន​តែម្តង​។​
 
​មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​និយាយ​ដូច្នេះ​៖ «​ដោយមាន​បទបញ្ញត្តិ​អនុវត្ត​ត្រឹមត្រូវ​នេះ យើង​កំពុង​កំណត់​គោលដៅ​បាន​ត្រឹមត្រូវ និង​មានការ​លើកទឹកចិត្ត​ក្នុងការ​ដោះស្រាយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល​ដែល​ចេញពី​វិស័យ​ដឹកជញ្ជូន​ដែរ​។ វា​ប្រាកដ​ណាស់​ថា ចំណាត់ការ​នេះ​នឹង​ជួយ​ដល់​ឧស្សាហកម្ម​របស់​យើង​ឈានទៅ​លើកស្ទួយ​បច្ចេកវិទ្យា​និង​ការច្នៃប្រឌិត​នានា​ដើម្បី​ធានាបាន​នូវ​យានជំនិះ​ដែល​គ្មាន​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច និង​ពង្រឹង​ការដឹកនាំ​ការប្រើប្រាស់​ម​មធ្យោបាយ​ធ្វើដំណើរ​ដែល​មិន​បំពុលបរិស្ថាន​»​។​
 
​ការឯកភាព​គ្នា​រវាង​សមាជិក​សហភាព​អឺរ៉ុប និង​សភា​អឺរ៉ុប​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​សន្និសីទ​កំពូល​អង្គកា​រ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ Katowice រដ្ឋធានី​ប៉ូឡូញ បាន​បិទ​បញ្ចប់​ទៅដោយ​បន្សល់ទុក​រឿង​ខកចិត្ត​ច្រើន​សម្រាប់​រដ្ឋ​ជា​ភាគី​ទាំងអស់​។ ខកចិត្ត​ត្រង់​ថា ផែនការ​សកម្មភាព​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅតែ​ខ្វះ​មហិច្ឆតា​ខ្ពស់​ក្នុងការ​កាត់បន្ថយ​ការបំពុល​បរិយាយ​កាស​តាមរយៈ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ទោះជា​ភាគី​ឯកភាពគ្នា​លើ​សៀវភៅ​ណែនាំ​សម្រាប់​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥​ក៏ដោយ​។ 
 
​ត្រឡប់មកវិញ បច្ចុប្បន្ននេះ កម្រិត​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​ដែល​ចេញពី​ការដុត​ផូស៊ីល​ឥន្ធនៈ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់ ២,៧​ភាគរយ​នៅក្នុង​ឆ្នាំ ២០១៨ ដែលជា​កម្រិត​មួយ​គួរ​ឲ្យ​បារម្ភ​។ បើតាម  របាយការណ៍​ស្រាវជ្រាវ​ដែល​ចេញផ្សាយ​ដើមខែ​ធ្នូ​ដោយ​សាស្ត្រាចារ្យ​នៃ​នៅក្នុង​សាកលវិទ្យាល័យ East Anglia បរិមាណ​នេះ​បន្ត​កើន​ពីរ​ឆ្នាំ​ជាប់​គ្នា បន្ទាប់ពី​ស្ថិតនៅ​កម្រិត​មួយ​ថេរ​អស់បី​ឆ្នាំ​មក​នោះ​។ គេ​ព្រួយបារម្ភ​ខ្លាំង​ថា ពិភពលោក​កំពុង​ដើរ​កាន់តែ​ចាក​ឆ្ងាយ​ពី​គោលដៅ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ហើយ​នៅពេលនេះ​៕

Tag:
 សហភាព​អឺរ៉ុប​
  ឧស្ម័ន​កាបូ​និច្ច​
  ប្រែប្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com