ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ ឥសាន​៖ លោក សម រង្ស៊ី លួច​ផ្ញើ​សារ​មក​សម្តេច ដើម្បី​សុំ​ចរចា​
19, Dec 2018 , 4:37 pm        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​លោក សម រង្ស៊ី ប្រកាសថា មិន​ចរចា​ជាមួយ​សម្តេច ហ៊ុន សែន គ្រាន់តែ​ជាការ​បំភាន់​ភ្នែក​គេឯង​ប៉ុណ្ណោះ​។ នេះ​ជាការ​លើកឡើង​របស់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ 


 
​លោក សុខ ឥសាន បាន​សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា តាមពិត នៅក្រោយ​ឆាក លោក សម រង្ស៊ី បាន​លួច​ផ្ញើ​សារ​តាម​បណ្តាញ​ទំនាក់ទំនង Twitter ​ទៅកាន់​សម្តេច ហ៊ុន សែន ដើម្បី​សុំ​ចរចា ក្នុងនាម​ជា​អ្នកតំណាង​ឲ្យថ្នាក់ដឹកនាំ​ជាង​១០០​នាក់​នៃ​អតីតគណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ដកសិទ្ធិ​នយោបាយ​។ លោក បាន​សេរ​សេរ​សារ​ទៅកាន់​អ្នកកាសែត នៅ​រសៀល​ថ្ងៃទី​១៩ ខែធ្នូ​នេះ យ៉ាង​ដូច្នេះ​ថា​៖«​ទណ្ឌិត​នេះ លួច​វាយ Message មក​ផ្ទាល់​តែម្តង​»​។​
 
​អ្នកនាំពាក្យ​រូបនេះ បាន​សរសេរ​ទៀតថា ទោះ​លោក សម រង្ស៊ី ប្រើល្បិច​យ៉ាងណា ក៏​មិនអាច​បិទបាំង​បានដែរ ព្រោះ​រឿងនេះ ត្រូវបាន​បែកធ្លាយ​ជា​សាធារណ​:​រួចហើយ​។ សារព័ត៌មាន​ថ្មីៗ ព្យាយាម​សួរ​លោក បន្ថែម ជុំវិញ​បញ្ហា​នេះ តែ​លោក ពុំ​អាច​ផ្តល់​ចម្លើយ​បានទេ ដោយសារតែ​កំពុង​ជាប់​ប្រជុំ​ក្នុង​សន្និបាត​នៃ​គណៈកម្មាធិការ​កណ្តាលគណបក្ស​ប្រជាជន​កម្ពុជា​។ 
 
​យ៉ាងណា​ក៏ដោយ លោក សម រង្ស៊ី បានប្រកាសថា លើក​នេះ រូបលោក ក៏ដូចជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ចរចា​ជាមួយ​សម្តេច ហ៊ុន សែន ជាដាច់ខាត​។ លោក យល់ថា មានតែ​សហគមន៍​អន្តរជាតិ​ទេ ទើប​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា នឹង​អាចធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែប្រែ​ឥរិយាបថ​។  
 
​ពី​ក្រៅប្រទេស លោក សម រង្ស៊ី ទាមទារ​ប្រាំ​ចំណុច​សំខាន់ៗ​ពី​រដ្ឋាភិបាល​កម្ពុជា គឺ​ដោះលែង​លោក កឹម សុខា​, ទម្លាក់​បទ​ចោទ​ចេញពី​ថ្នាក់ដឹកនាំ​ទាំង​អស់នៃ​អតីត​គណបក្សប្រឆាំង​, ឲ្យ​អតីត​គណបក្សប្រឆាំង ធ្វើ​សកម្មភាព​ឡើងវិញ​, ប្រគល់​តំណែង​ជូន​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​វិញ, និង បោះឆ្នោត​សាជាថ្មី​៕ 
 

Tag:
 សម រង្ស៊ី​
  សុខ ឥសាន​
  ហ៊ុន សែន​
  ចរចា
© រក្សាសិទ្ធិដោយ thmeythmey.com