កីឡាអន្តរជាតិ
អន្តរជាតិ
Bale ធ្វើបាន hat-trick នាំ Real ឡើង​ផ្តាច់ព្រ័ត្រ Club World Cup ជា​លើក​ទី​៤
20, Dec 2018 , 11:51 am        
រូបភាព
Gareth Bale អាចធ្វើ​បាន hat-trick នៅត្រឹម​រយៈពេល​១១​នាទី ដើម្បី​នាំ Real Madrid ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Club World Cup 2018 បន្ទាប់ពី​យកឈ្នះ Kashima Antlers ក្នុង​លទ្ធផល ៣-១ នា​ការប្រកួត​ក្នុង​ក្រុង​អា​ប៊ុ​យ​ដា​ប៊ី ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នៅ​យប់​ថ្ងៃទី​១៩ ខែធ្នូ​។​


 
​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​វែ​លស៍​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់ឯង​នៅ​នាទី ៤៤, ៥៣ និង ៥៥ នៅឯ​កីឡដ្ឋាន Zayed Sports City មុនពេល​កីឡាករ Shoma Doi រកបាន​១​គ្រាប់​ឲ្យ Kashima វិញ​នៅ​នាទី​៧៨​។ ចប់​ការប្រកួត Real ឈ្នះ Kashima ៣-១​។ 


 
៣​គ្រាប់​របស់ Bale បាន​នាំ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​ឈានដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FIFA Club World Cup ជា​លើក​ទី​៤ ខណៈ​ពួកគេ​ធ្លាប់​ឈ្នះ​ពាន​នេះ​៣​ដង​រួចមកហើយ​។​
 
Real Madrid នឹងត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ Al Ain ដើម្បី​ដណ្តើម​ជើងឯក​ពាន Club World Cup ឆ្នាំ​២០១៨ នៅ​យប់​ថ្ងៃទី​២២ ខែធ្នូ វេលា​ម៉ោង ១១:៣០​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។ នៅមុន​ជំនួប​គូ​ទាំងពីរ ក៏មាន​ការប្រកួត​ដណ្តើមយក ចំណាត់ថ្នាក់​លេខ​៣​ដែរ​រវាង Kashima Antlers ជាមួយ River Plate នៅវេលា​ម៉ោង ៨:៣០​នាទី​។​
 
 FIFA Club World Cup ជា​ពាន​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា FIFA រៀបចំឡើង​ដោយមាន​ការចូលរួម​ពី​បណ្តា​ក្លិប​ដែល​ឈ្នះ​ជើងឯក​តាម​ទ្វីប​ចំនួន​៦ ដើម្បី​មក​ប្រកួតប្រជែង​ចុងក្រោយ​។ ក្លិប​ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ​ច្រើនជាងគេ​គឺ Real Madrid និង Barcelona​។ Real អាច​បំបែក​កំណត់ត្រា​ឈ្នះ​៤​លើក​លើសគេ​ប្រសិនបើ​ក្លាយជា​ម្ចាស់​ពាន​ឆ្នាំ​២០១៨​នេះ​៕ 
 

Tag:
 បាល់ទាត់​
  FIFA Club World Cup
  Real Madrid
  Gareth Bale
© រក្សាសិទ្ធិដោយ thmeythmey.com