ជាតិ
រដ្ឋាភិបាល គ្រោងចំណាយថវិកាជិត៤ពាន់លានដុល្លារ ធ្វើផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិត រូបបានពី AKP
× ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងចំណាយថវិកាប្រមាណ ៣ ,៨០០លានដុល្លារ ដើម្បីធ្វើផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅបាវិត(ព្រំដែនកម្ពុជា-វៀតណាម) ក្រោយពីបានសិក្សាចប់សព្វគ្រប់លើគម្រោងនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជាតិ(AKP)។
រដ្ឋមន្ត្រីក្រសួងសាធារណៈការលោក ស៊ុន ចាន់ថុល បាននិយាយថា ការចំណាយថវិកាយ៉ាងច្រើន សម្រាប់សាងសង់ផ្លូវល្បឿនលឿននេះ ដោយសារតែផ្លូវទាំងនោះ មានបញ្ហាលិចទឹក ហើយកាត់តាមបឹង ឬតំបន់លិចទឹកច្រើនផ្សេងទៀត ដែលមានប្រវែងរហូតដល់៨០គីឡូម៉ែត្រ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននិយាយដូច្នេះថា «រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន(JICA) ធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅបាវិត ដែលមានចម្ងាយផ្លូវប្រវែង១៦០គីឡូម៉ែត្រ ដើម្បីធ្វើការសាងសង់ផ្លូវនេះ»។
ចំនួនថវិកាដ៏ច្រើននេះ រាជរដ្ឋាភិបាលមិនទាន់បានសម្រេចការសាងសង់ ឬយ៉ាងណាទេ ដោយកំពុងតែ ស្វែងរកដៃគូវិនិយោគពីវិស័យឯកជន ដើម្បីកសាងផ្លូវនេះ។ ជាមួយគ្នានេះដែរ សម្រាប់ផ្លូវជាតិលេខ១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យអង្គការJICA សិក្សា ដើម្បីពង្រីកបន្ថែមឱ្យបានធំទូលាយ ក្នុងការចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ។
ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតនេះ ត្រូវចំណាយថវិកាសាងសង់ច្រើនជាងផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅខេត្ដព្រះសីហនុ ដែលមានប្រវែង១៩០គីឡូម៉ែត្រ ចំណាយថវិកាតែ ២,០០០លានដុល្លារ ប៉ុណ្ណោះ៕
Tag:
សេដ្ឋកិច្ច
ថវិកា
ផ្លូវល្បឿនលឿន
ស៊ុន ចាន់ថុល
ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com