ONE Championship
កីឡាជាតិ
ជាតិ
Souwer ដែល​ត្រូវ​ប៉ះ Yodsanklai ឆ្នាំក្រោយ ចង់​ជំរុញ​ស្មារតី​អ្នក​ប្រដាល់​ក្បាច់គុន​ជំនាន់​ក្រោយ​របស់​កម្ពុជា​
21, Dec 2018 , 10:28 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រឹម​វ័យ ៣៦​ឆ្នាំ Andy Souwer បាន​ក្លាយជា​ជើងឯក​ក្នុងការ​ប្រកួត K-1 World MAX ចំនួន​ពីរដង និង​ជា​ជើង​ខ្លាំង​ដែលមាន​ឈ្មោះ​ល្បី​ម្នា​ក់នៅ ONE Super Series​។ Souwer ជា​កីឡាករ​ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​សុះសាយ​ដែល​អ្នក​ប្រដាល់​នានា​មិន​ហ៊ាន​នឹង​ស្រ​ម៉ៃ​ដូច​ឡើយ​។

 
​សព្វថ្ងៃ អ្នក​ប្រដាល់​សញ្ជាតិ​ហូ​ឡង់​ប្រភេទ​ទម្ងន់​ស្រាល ៧៤​គីឡូក្រាម រូបនេះ មានបំណង​ប្រាថ្នា​កសាង​ជីវិត​ថ្មី​បែប​ផ្សេងទៀត គឺ​លោក​បាន​ចាប់ដៃ​ជាមួយ ក្លិប​«​អាណាចក្រ​ប្រយុទ្ធ (KFG)» នៅ​ក្រុង​សៀមរាប​។ 
 
Souwer ចង់យក​គំរូ​តាម​អ្វីដែល​ស្ថាប័ន ONE Championship បានធ្វើ​ក្នុង​ការជួយ​ដល់​កីឡាករ​នីមួយៗ​ព្រមទាំង​បានឃើញ​ពី​ការតាំង​ចិត្ត​ខ្ពស់​របស់​អ្នកដឹកនាំ​ក្លិប KFG លោក Mark Van Dongen រួមជាមួយ​លោក Kwok Leung Tsang ដែល​អ្នក​ទាំងពីរ សុទ្ធ​តែមាន​ឆន្ទៈ​និង​គោលជំហរ​ដូចគ្នា​។ 
 
​លោក Leung Tsang អ្នកដឹកនាំ​ក្លិប KFG ពន្យល់ថា​៖ «​អ្វីដែល​យើង​ចង់បាន មិន​គ្រាន់តែ​ចង់បាន​កីឡាករ​ច្រើន​ចូលក្នុង​ក្លិប​យើង​ទេ តែ​យើង​ក៏​ចង់​ជួយផ្តល់​ការហ្វឹកហាត់ និង​ការអប់រំ ឥតគិតថ្លៃ​ដល់​យុវជន​ក្នុងស្រុក​ផងដែរ​»​។ 


 
«​យើង​ចង់​បង្កើត​មជ្ឈមណ្ឌល​កីឡា​ធំ​មួយ​ដែល​ប្រមូលផ្តុំ​ក្មេងៗ​ឲ្យ​ច្រើន តាម​សមត្ថភាព​ដែល​យើង​ផ្គត់ផ្គង់​បាន​»​។​
 
​ក្រោយពី​បាន​ទាក់ទង​ជាមួយ​សហ​ស្ថាបនិក​ក្លិប​លោក Van Dongen រួចមក Souwer ក៏បាន​ក្លាយខ្លួនជា​ឯកអគ្គរដ្ឋទូត​ម្នាក់​តំណាង​ឲ្យ​ក្លិប​អាណាចក្រ​ប្រយុទ្ធ​សៀមរាប​មួយ​នេះ រួមជាមួយ​តារា​ប្រដាល់​ជនជាតិ​ហូ​ឡង់​ម្នាក់ទៀត ដែល​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ខាង​ប្រដាល់សេរី​មួយរូប​ដែរ គឺ​កីឡាករ Ernesto Hoost​។ 
 
​សម្រាប់​ពេលនេះ Souwer បានដាក់​ដេញថ្លៃ​ខ្សែក្រវាត់​មួយ​របស់គេ ព្រមទាំង​យកប្រាក់​មួយចំណែក​ដែល​បាន​ពី​ការប្រកួត​ថ្ងៃ​ខាងមុខ មកជួយ​ផ្គត់ផ្គង់​ក្លិប​នៅ​កម្ពុជា​នេះ​ផងដែរ​។ 
 
Souwer បញ្ជាក់​៖ «​វា​មិន​សំខាន់​រឿង​លុយ​ទេ​! សំខាន់​គឺ​អនាគត ការ​មើលថែ​ក្មេងៗ​ទាំងនោះ ព្រោះ​ពួកគេ​ចង់​មាន​អនាគត​ត្រចះត្រចង់​ដែរ​»​។​
 
«​ស្ថាប័ន​ប្រដាល់ ONE ក៏​កំពុង​ផ្តោតទៅលើ​ផ្នែក​នេះ​ដូចគ្នា​។ គេ​ព្យាយាម​បង្ហាញ​មនុស្ស​ទូទាំង​ពិភពលោក ជាពិសេស​នៅ​អាស៊ី​ថា បើ​យើង​ចេះ​ផ្តោតអារម្មណ៍ និង​មាន​ភាពថ្លៃថ្នូ​ខ្ពស់ នោះ​យើង​នឹង​អាច​សម្រេច​ដល់​គោលដៅ​បាន​»​។​
 
​ថ្វីបើ «Souwer Power» ធ្លាប់បាន​ដើរ​ប្រកួត​នៅ​ជុំវិញ​ពិភពលោក​មែន ប៉ុន្តែ​គាត់​មិនទាន់​មានឱកាស​មក​ប្រទេស​កម្ពុជា​ផ្ទាល់​នៅឡើយ​ទេ​។ ដូច្នេះ​គាត់​គ្រោង​នឹង​មក​ឲ្យ​បាន​ឆាប់ៗ​។ 
 
​យ៉ាងណាមិញ Souwer មាន​គម្រោង​មក​ហាត់​សម​ផ្ទាល់​នៅ​ក្លិប​អាណាចក្រ​ប្រយុទ្ធ បន្ទាប់ពី​ប្រយុទ្ធ​ជាមួយ​ជើងឯក​ដ៏​ល្បី​របស់​ថៃ​គឺ Yodsanklai IWE Fairtex ក្នុង​ព្រឹត្តិការណ៍ ONE: A NEW ERA ខែមីនា​ឆ្នាំក្រោយ នៅឯ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ 
 
​គាត់​ប្រាប់ថា​៖ «​បន្ទាប់ពី​ប្រកួត​រួច ខ្ញុំ​ចង់ទៅ​លេង​កម្ពុជា​។ ខ្ញុំ​ចង់​ប្រលូក​ក្នុង​សកម្មភាព​ក្នុង​ជំរំ​ហ្វឹកហាត់ ហើយ​ចង់​ធ្វើការ​ជាមួយ​ក្មេងៗ​។ ខ្ញុំ​ចង់​ផ្តល់​ពី​មតិយោបល់​ខ្លះៗ និង​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​ធ្វើ​ឲ្យ​ខ្លួនឯង​ជោគជ័យ​»​។​
 
​ការសហការ​គ្នា​រវាង​ក្លិប KFG ជាមួយ Souwer បានចេញ​ជា​ផ្លែផ្កា​បណ្តើរៗ ហើយ ថ្មីៗ​នេះ​កីឡាករ​មួយរូប​របស់​ក្លិប​នេះ ទើបតែ​បាន​ចុះកិច្ចសន្យា​ជា​លើកដំបូង​ជាមួយ​ស្ថាប័ន ONE Championship​។​
 
​កីឡាករ​គុន​ខ្មែរ​ដ៏​មាន​ទេពកោសល្យ​របស់​កម្ពុជា គង់ សំបូរ នឹង​បង្ហាញខ្លួន​លើ​ឆាក​អន្តរជាតិ​ជា​លើកដំបូង​នៅ​ដើមឆ្នាំ ២០១៩​នេះ រីឯ Souwer វិញ លោក​សង្ឃឹមថា​អាចជួយ​លើកទឹកចិត្ត និង​ចែករំលែក​បទពិសោធន៍​ជាច្រើន​របស់ខ្លួន​ដល់​កីឡាករ​កីឡាការិនី​ថ្មីថ្មោង​របស់​កម្ពុជា​ឲ្យ​អស់ពី​សមត្ថភាព​។ 
 
«​ខ្ញុំ​មានបទពិសោធន៍​ច្រើន​ក្នុង​ខ្លួន ដែល​ខ្ញុំ​ចង់​ចែករំលែក​។ ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា​ក្មេងៗ​នឹង​ទទួលបាន​ឱកាស​ច្រើន​»៕
 
​អត្ថបទ​៖ Matias Andres
 

© រក្សាសិទ្ធិដោយ thmeythmey.com