ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! កម្ចាត់​កំណកកំបោរ​ជាប់​ធ្មេញ ជាមួយ​វិធី​បែប​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធិភាព​ខ្ពស់​ទាំងនេះ​
22, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជាធម្មតា​បញ្ហា​កំណកកំបោរ​ជាប់​ធ្មេញ ឬ​ក្រុម​ធ្មេញ​ច្រើន​កើតឡើង​នៅពេល​អ្នក​មិន​អនុវត្ត​អនាម័យ​មាត់​ធ្មេញ (​ដុស​សម្អាត​, ប្រើ​ខ្សែ​រ៉ូ​ត​សម្អាត​ធ្មេញ និង​ខ្ពុរ​សម្អាត​មាត់​) បាន​ត្រឹមត្រូវ​ទៀងទាត់​។ នៅពេល​អ្នក​មិន​កម្ចាត់​កំណកកំបោរ​ចេញពី​ធ្មេញ វា​នឹង​កើន​ច្រើនឡើង​ក្ដាំង ហើយ​អាច​បង្ក​ជា​បញ្ហា​មាត់​ធ្មេញ​ផ្សេងៗ រួមទាំង​ជំងឺ​អញ្ចាញធ្មេញ​។ ហើយ​ទោះ​មិន​រំលឹក​ក៏​អ្នក​ទាំងអស់គ្នា​ប្រហែលជា​ដឹង​ហើយ​ថា បញ្ហា​កំណកកំបោរ​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ភាព​ទាក់ទាញ និង​ទំនុកចិត្ត​យ៉ាងណា​ពេល​ញញឹម ឬ​ត្រូវ​បើក​មាត់​។​


 
​ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​វិធី​បែប​ធម្មជាតិ​ងាយៗ តែមាន​ប្រសិទ្ធិភាព​ខ្ពស់​កម្ចាត់​កំណកកំបោរ​ជាប់​ធ្មេញ​បាន​ឆាប់រហ័ស ៖
 
១. ម្សៅ Baking soda និង​អំបិល​
 
​រូបមន្ត​នេះ​មិន​ត្រឹមតែ​កម្ចាត់​កំណកកំបោរ​ជាប់​ធ្មេញ​ទេ ប៉ុន្តែ​ក៏​ជួយ​ធ្វើ​ឲ្យ​ធ្មេញ​ស​ផងដែរ​! អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ baking soda ចំនួន ១ ស្លាបព្រា​បាយ ជាមួយ​អំបិល​មួយ​ច្បិច​ដៃ ហើយ​ដាក់​ល្បាយ​នេះ​លើ​ច្រាស​ដុសធ្មេញ រួច​ចាប់ផ្ដើម​ដុស​សម្អាត​ធ្មេញ​របស់​អ្នក​ជាមួយ​ល្បាយ​នេះ​ដូច​ធម្មតា​ជាការ​ស្រេច​។ ទោះជា​យ៉ាងណា មិនត្រូវ​ដុស​សម្អាត​ធ្មេញ​ជាមួយ​ម្សៅ baking soda លើសពី ១ ដង ក្នុង​មួយ​សប្តាហ៍​ឡើយ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ខូច​កាចា​ធ្មេញ​។​
 
២. ទឹកក្រូច​ឆ្មារ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​ច្រាស​ដុសធ្មេញ​ក្នុង​ទឹកក្រូច​ឆ្មារ​ស្រស់ ហើយ​ដុស​វា​ពេញ​លើ​ធ្មេញ​របស់​អ្នក​ថ្នមៗ​ជាការ​ស្រេច និង​កុំ​ភ្លេច​ទុកចោល​សម្រាប់​រយៈពេល ១​នាទី​សិន សឹម​ខ្ពុរ​លាង​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ធម្មតា​។ ត្រូវ​ចាំ​ថា​ទឹក​ក្រូចឆ្មារ​មាន​ជាតិ​អាស៊ីតខ្លាំង​ដែល​អាច​បណ្ដាល​ឲ្យ​សឹក​ធ្មេញ ដូច្នេះ​ត្រូវ​ប្រើប្រាស់​វា​ដោយ​ប្រុងប្រយ័ត្ន​។​
 
៣. គ្រាប់ល្ង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ទំពារ​គ្រាប់ល្ង ១ ស្លាបព្រាយ​បាយ​ពេញ​ក្នុង​មាត់​ជាការ​ស្រេច​។ ទំពារ​រហូតដល់​ក្លាយជា​ម៉ដ្ឋ​ខាប់ៗ​ដោយ​មិនត្រូវ​លេប​ចូល​ឡើយ រួច​ចាប់ផ្ដើម​ប្រើ​ច្រាស​ស្អាត​ស្ងួត​មួយ​ដុសធ្មេញ​។ អនុវត្ត​ឲ្យ​បាន ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៤. ប្រេងដូង​
 
​ខ្ពុរមាត់​ជាមួយ​ប្រេងដូង​ប្រមាណ​ពី ១ ទៅ ២ ស្លាបព្រា​បាយ​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី សឹម​ខ្ជាក់​ចេញ និង​សម្អាត​មាត់​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។​
 
៥. ផ្កា​ក្លាំង​ពូ​
 
​ប្រើប្រាស់​ម្សៅ​ផ្កា​ក្លាំង​ពូ ឬ​អ្នក​អាច​យក​ផ្កា​ក្លាំង​ពូ​មក​កិន​ខ្លួនឯង​ក៏បាន រួច​បន្ថែម​ប្រេង​អូ​លីវ​ចូល​បន្តិច សឹម​លាប​ល្បាយ​នេះ​លើ​តំបន់​ធ្មេញ​ដែល​ទទួលរង​ផលប៉ះពាល់​ជាការ​ស្រេច​។ វិធី​ងាយ​មួយទៀត​នោះ គឺ​អ្នក​គ្រាន់តែ​ទំពារ​ផ្កា​ក្លាំង​ពូ ជំនួស​ស្ករ​កៅស៊ូ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​កាត់បន្ថយ​ក្លិន​មាត់​មិនល្អ និង​សម្លាប់​បាក់តេរី​ក្នុង​មាត់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com