ជាតិ
សង្គមជាតិ
សុខភាព
កម្ពុជាមានរោងចក្រផលិតអាហារព្យាបាលកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរស្រួចស្រាវ
× ភ្នំពេញ៖ កុមារកម្ពុជាក្រោមអាយុ៥ឆ្នាំ ចំនួន២,៦ភាគរយ មានបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរស្រួចស្រាវ និង៨ភាគរយកំពុងជួបប្រទះបញ្ហាកង្វះអាហារូបត្ថម្ភកម្រិតមធ្យម។ ដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ កម្ពុជាបានដាក់ឲ្យដំណើរការទីតាំងផលិតនំនូទ្រីក(Nutrix) ដែលជាអាហារព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរស្រួចស្រាវ កាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅ។ នំនូទ្រីក(Nutrix) ផលិតផ្សំពីសាច់ត្រី និងវត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុកដទៃទៀត។
ថ្លែងក្នុងពិធីដាក់ដំណើរការទីតាំងផលិតនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នំនូទ្រីក(Nutrix) ជាអាហារព្យាបាលប្រភេទថ្មី អាចព្យាបាលកុមារដែលមានបញ្ហាខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរស្រួចស្រាវ បានយ៉ាងហោចណាស់ ២ម៉ឺន៥ពាន់នាក់ ក្នុងមួយឆ្នាំ។ បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ការចាប់ផ្តើមផលិតអាហារព្យាបាលនេះ នឹងជួយធានាឲ្យមានផលិតផលក្នុងស្រុក សម្រាប់ព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរស្រួចស្រាវ។ លោក ម៉ម ប៊ុនហេង បញ្ជាក់ដូច្នេះ៖«ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានដៃគូជាច្រើនជួយយើងក្នុងការអភិវឌ្ឍន៍ផលិតផលនេះ។ យើងសង្ឃឹមថា ភាពជាដៃគូថ្មីនេះ នឹងជួយឱ្យយើងអាចពង្រីកការព្យាបាលបន្ថែមទៀត ដល់កុមារដែលកំពុងជួបបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរស្រួចស្រាវ »។
សូមជម្រាបថា នំនូទ្រីកនេះ រួមគ្នាផលិតដោយអង្គការយូនីសេហ្វ, វិទ្យាស្ថានស្រាវជ្រាវបារាំងដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព(IRD), សាកលវិទ្យាល័យ កូផេនហេហ្គិន(Copenhagen University_UC) និងក្រុមហ៊ុន Danish Care Foods(DCF) ប្រទេសដាណឺម៉ាក សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរស្រួចស្រាវរបស់កុមារ។
អ្នកស្រី វីវៀនណា ប៊េលម៉ុងតេ នាយកស្តីទីអង្គការយូនីសេហ្វប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះការផ្តល់អាទិភាពដល់ការឆ្លើយតបនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ដោយពង្រឹងនូវសេវាព្យាបាលនៅគ្រប់បរិបទទាំងអស់។
កម្ពុជា ជាប្រទេសទី២នៅក្នុងតំបន់ ដែលកំពុងផលិតអាហារសម្រាប់ព្យាបាល ដែលអាចប្រើប្រាស់ បានភ្លាមៗនេះដោយខ្លួនឯង។ នេះបើតាមអ្នកស្រី វីវៀនណា ប៊េលម៉ុងតេ និងដែលបានបន្តថា៖«ជារៀងរាល់ឆ្នាំ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក មានកុមារក្រោមអាយុ៥ឆ្នាំ ជាង៥លាននាក់ កំពុងរងគ្រោះ ពីបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរស្រួចស្រាវ។ បញ្ហានេះជាមូលហេតុចម្បងមួយ ដែលនាំឱ្យកុមារក្រោមអាយុ៥ឆ្នាំ បានបាត់បង់ជីវិត»។
កម្ពុជា អាចផ្តល់នំត្រីនូទ្រីក ដែលជាអាហារព្យាបាលបែបអាហារសម្រន់ និងមានតម្លៃសមរម្យដល់កុមារ ដែលកំពុងជួបបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរស្រួចស្រាវ នៅតាមសហគមន៍ដាច់ស្រយោលក្រីក្រ តាមរយៈមណ្ឌលសុខភាពមូលដ្ឋាន។ តាមការប៉ាន់ស្មាន ក្នុងមួយឆ្នាំ កុមារប្រមាណ ៦ម៉ឺន ទៅ៩ម៉ឺននាក់ ត្រូវការការព្យាបាលពិសេសពីនំទ្រីក៕
Tag:
ជំងឺ
អាហារូបត្ថម្ភ
ម៉ម ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com