អន្តរជាតិ
ចិន​បាញ់​បង្ហោះ​ផ្កាយរណប​ទៅ​អង្កេត និង​សិក្សា​ពី​ផ្នែក​ងងឹត​នៃ​ភព​ព្រះ​ចន្ទ​
23, Dec 2018 , 8:59 pm        
រូបភាព
​ដើ​ខែធ្នូ​កន្លងទៅនេះ ភ្នាក់ងារ​ខាង​ការរុករក​និង​ស្រាវជ្រាវ​លំហ​អាកាស​របស់​ចិន​បាន​បាញ់​បង្ហោះ​ផ្កាយរណប​របស់ខ្លួន ដើម្បី​គាំទ្រ​ដំណើរ​បេសកកម្ម​ត្រួតពិនិត្យ​និង​សិក្សា​ពី​ផ្នែក​ងងឹត​នៃ​ភព​ព្រះ​ចន្ទ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។​


 
 ផ្កាយរណប​ចិន​មួយ​ដែល​ត្រូវបាន​បង្ហោះ​នោះ​មាន​ឈ្មោះថា Chang’e-4 ហើយ​វា​ជា​ផ្កាយរណប​លើកទីមួយ​ដែល​ត្រូវ​ចុះចត​ផ្ទាល់​នៅ​ភព​ព្រះ​ចន្ទ​។ កាលពីពេល​កន្លងទៅ ផ្កាយរណប​ជាច្រើន​ត្រូវបាន​បង្ហោះ​ទៅ ដោយ​គ្រាន់តែ​ហោះហើរ​លើ​គន្លង​មួយ​ជុំវិញ​ភព​ព្រះ​ចន្ទ​ប៉ុណ្ណោះ​។​
 
 ភព​រណប​របស់​ផែនដី​មួយ​នេះ​មាន​ចំងាយ​ប្រមាណ​ជា ៣៨៤០០០ គីឡូម៉ែត្រ ឬ​ស្មើ​និង​ចម្ងាយ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ទីក្រុង​ញូវយ៉ក​២៧​ដង​។ ជាធម្មតា ផ្កាយរណប​ត្រូវការ​រយៈពេល​២​ទៅ​៣​ថ្ងៃ​ដើម្បី​ធ្វើដំណើរ​ទៅដល់​គោលដៅ​មួយ​នេះ​។ 
 
​ដោយសារ​ទំនាញ​របស់​ភពផែនដី​មាន​លក្ខណៈពិសេស ទើប​ធ្វើ​ឲ្យ​ភព​ព្រះ​ចន្ទ​បែរ​មុខតែ​ម្ខាង​មករក​ផែនដី​តែប៉ុណ្ណោះ​។ នេះ​ក៏​ដោយសារតែ​ពេលវេលារ​ង្វិ​ល​ជុំ និងរ​ង្វិ​ល​ខ្ងា​ល់​របស់​ព្រះ​ចន្ទ​មាន​ភាពស្រដៀងគ្នា ទើប​ធ្វើ​ឲ្យ​អ្នក​សង្កេត​ពី​ផែនដី​មិនអាច​មើលឃើញ​ផ្នែក​ម្ខាង​ទៀត​នៃ​ព្រះ​ចន្ទ​ឡើយ​។ 
 
​ជំហាន​ដ៏​ធំ​របស់​ប្រទេស​ចិន​ក្នុងការ​ដណ្តើម​អំណាច​ប​ច្ចេក​វិទ្យា​គ្រប់គ្រង​លំហ​នេះ​មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង​។ 
 
​គេ​ចាំបាន​ថា កាលពី​សម័យ​សង្គ្រាមត្រជាក់ មហាអំណាច​ដែល​អាចមាន​ឥទ្ធិពល​លើ​លំហ​គឺមាន​ត្រឹម​សហរដ្ឋអាមេរិក និង​សហភាពសូវៀត​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពេលបច្ចុប្បន្ន មហាអំណាច​ជាន់​ថ្មី​ដទៃទៀត​មានដូចជា ឥណ្ឌា ចិន និង​សហភាព​អឺរ៉ុប​ក៏​កំពុង​កសាង​ឥទ្ធិពល​ខ្លាំង​គួរសម​ក្នុង​វិស័យ​បច្ចេកវិទ្យា​លំហរ ដែរ​។ 
 
​ត្រឡប់មកវិញ​ផ្កាយរណប​មួយ​នេះ​នឹងត្រូវ​អ្នកជំនាញ​ប្រើប្រាស់​ដើម្បី​ពិនិត្យមើល​សណ្ឋាន​ដី រូប​ផ្គុំ​ដី និង សារធាតុ​បង្ក ដោយ​ប្រើ​ឧបករណ៍​រលក​វិទ្យុ​ទាប​ក្នុង​ការទាក់ទង​ជាមួយ​ផែនដី​ផង​។ គេ​រំពឹងថា រដ្ឋាភិបាល​ចិន​នឹងមាន​លទ្ធភាព​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​ក្នុង​ផ្នែក​អវកាស​វិទ្យា ប្រហាក់ប្រហែល​នឹង​អា​មេ​រីក និង​រុស្សី​ដែរ​នៅក្នុង​ឆ្នាំ​២០៣០​ខាងមុខនេះ​៕

Tag:
 ​ភព​ព្រះ​ចន្ទ​
  ចិន​
  លំហ​អាកាស​
© រក្សាសិទ្ធិដោយ thmeythmey.com