ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ខាំ​ក្រចកដៃ​? ឈប់​ភ្លាម​! ប្រយ័ត្ន​ជួបប្រទះ​បញ្ហា​គួរ​ឲ្យ​ខ្លាច​ទាំងនេះ​
25, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ខាំ​ក្រចក ជា​ទម្លាប់​ទូទៅ​មួយ​ដែល​ប៉ះពាល់​ចំពោះ​មនុស្ស​សឹងតែ​គ្រប់​វ័យ​។ ភាគច្រើន​ការ​ខាំ​ក្រចក​នេះ​ចាប់ផ្ដើម​តាំងពី​តូច ហើយ​បន្ត​ដល់​ពេញវ័យ ដោយសារ​វា​ក្លាយជា​ទម្លាប់​។ ទោះជា​យ៉ាងណា ភាព​តានតឹង​ក្នុង​អារម្មណ៍ និង​ធុញទ្រាន់ ក៏​ជា​កត្តា​ចម្បង​បំផុត​មួយ​ដែល​បណ្ដាលឱ្យ​មនុស្ស​ខាំ​ក្រចកដៃ​របស់​ពួកគេ​ផងដែរ​។ ហើយ​ទម្លាប់​នេះ​ក៏​អាចជា​រោគសញ្ញា​មួយ​នៃ​បញ្ហា​ជំងឺផ្លូវចិត្ត​។



ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ គឺ​ទម្លាប់​នៃ​ការ​ខាំ​ក្រចក​អាច​ផ្ដល់​គ្រោះថ្នាក់​ចំពោះ​សុខភាព​គួរ​ឲ្យ​ព្រួយបារម្ភ​! ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ផលវិបាក​នៃ​ការ​ខាំ​ក្រចក ៖
 
១. វា​អាច​នាំឱ្យ​កើត​ជំងឺ​បង្កដោយ​បាក់តេរី ៖ ក្រចក ជា​កន្លែង​បង្កាត់​ពូជ ឬ​ជម្រក​នៃ​ពពួក​បាក់តេរី​ច្រើន​ប្រភេទ​ដូចជា salmonella និង  E.coli ដែល​បង្ក​ជំងឺ​រាករូស​, មេរោគ​នៅ​ផ្លូវទឹក​មូត្រ​, ជំងឺ​ផ្លូវដង្ហើម និង​រលាក​សួត​។ រាល់​ពេលដែល​អ្នក​ខាំ​ក្រចក​ដែលមាន​ផ្ទុក​បាក់តេរី​នោះ​វា​នឹង​បញ្ជូន​បាក់តេរី​ចូលទៅក្នុង​មាត់ និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​។ ជាធម្មតា ក្រចក អាច​នឹង​កខ្វក់​ជាង​ម្រាម​ដៃដល់​ទៅ​ពីរដង​ឯណោះ​!
 
២. វា​អាច​បណ្ដាល​ឲ្យ​ក្រចក​ឆ្លង​មេរោគ​ផ្សេងៗ ៖ អ្នក​ចូលចិត្ត​ខាំ​ក្រចក​ភាគច្រើន​ងាយ​នឹង​ឆ្លង ឬ​កើតរោគ​ផ្សិត​ម្យ៉ាង​ហៅថា paronychia នៅ​ជុំវិញ​ស្បែក​គល់​ក្រចក​។ ខណៈដែល​អ្នក​ខាំ​ក្រចក នោះ​ពពួក​បាក់តេរី ក៏ដូចជា​រោគ​ផ្សិត​នឹង​ឆ្លង​ចូល​តាម​កន្លែង​របកស្បែក​តូចៗ​នាំឱ្យ​ហើម​, ឡើង​ក្រហម និង​ខ្ទុះ​ជុំវិញ​ក្រចក​។​
 
៣. វា​អាច​កើត​ទៅជា​ឫស​លើ​ម្រាមដៃ​ដោយសារ​វី​វុ​ស HPV ៖ ឫស​លើ​ម្រាមដៃ​ដែល​បណ្ដាលមកពី​ការឆ្លង​មេរោគ HPV ជា​ផលប៉ះពាល់​ទូទៅ​នៃ​ទម្លាប់​ខាំ​ក្រចក​។ អ្វីដែល​គួរ​ឲ្យ​បារម្ភ​ថែមទៀត​នោះ គឺ​ជំងឺ​ឫស​ទាំងនេះ​អាច​រាលដាល​ទៅ​មាត់ និង​បបូរមាត់​បាន​យ៉ាង​ងាយ​នៅពេល​អ្នក​ខាំ​ក្រចក​។​
 
៤. ឈឺ​សាច់​គល់​ក្រចក ៖ ការ​ខាំ​ក្រចក​ធ្វើ​ឲ្យ​ស្បែ​កនៅ​គល់​ក្រចក​ស្ងួត​, ងាយ​របកស្បែក និង​បណ្ដាល​ឲ្យ​មានការ​ឈឺចាប់​។​
 
៥. វា​បណ្ដាល​ឲ្យ​ក្រចក​កប់​ក្នុង​សាច់ ឬ​កប់​ត្រចៀកក្រាញ់ ៖ បញ្ហា​នេះ​បង្ក​ការ​ហើម​, ឡើង​ក្រហម និង​ឈឺចាប់​ខ្លាំង​។​
 
៦. វា​អាច​បណ្ដាលឱ្យ​កើត​ជំងឺ​ផ្ដាសាយ ៖ នៅ​រាល់ពេល​អ្នក​ខាំ​ក្រចក នោះ​អ្នក​កំពុង​ប៉ះពាល់​ផ្ទាល់​ទៅនឹង​មេរោគ​ដែល​បណ្ដាល​ឲ្យ​ផ្ដាសាយ ឬ​វីរុស​គ្រុនផ្ដាសាយ​។ វា​ក៏​អាច​បង្ក​ជ​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា ជំងឺ​រលាក​ថ្លើម​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com