ជាតិ
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
ក្មេងស្រី​កម្ពុជា​ចង់​លុបបំបាត់​គម្លាត​ទំនាក់ទំនង​រវាង​ឪពុកម្តាយ​និង​កូន​តាមរយៈ​បច្ចេកវិទ្យា​
24, Dec 2018 , 7:59 pm        
រូបភាព
កុមារី អ៊ឹង ពេជ្រជតា (ពីឆ្វេង ទីបី) ឈរកាន់បដា Instagram ជាមួយនឹងសមាជិកក្រុមនិងគ្រូបង្វឹករបស់នាងនៅឯការប្រកួតថ្នាក់ជាតិ Technovation National Pitch កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)
កុមារី អ៊ឹង ពេជ្រជតា (ពីឆ្វេង ទីបី) ឈរកាន់បដា Instagram ជាមួយនឹងសមាជិកក្រុមនិងគ្រូបង្វឹករបស់នាងនៅឯការប្រកួតថ្នាក់ជាតិ Technovation National Pitch កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)
ដោយ: VOA
​កុមារី អ៊ឹង ពេជ្រ​ជតា តែងតែមាន​ក្តី​ស្រមៃ​ដ៏​ធំ​មួយ​។ ក្នុង​វ័យ​១២​ឆ្នាំ នាង​ធ្លាប់​ចង់​ក្លាយជា​ស្ថាបត្យករ​ឬ​ជា​អ្នកបង្កើត​អ្វីមួយ​ដែល​ថ្មី ប៉ុន្តែ​ការប្រកួត​បច្ចេកវិទ្យា​មួយ​បាន​កែប្រែ​គោលដៅ​នាពេល​អនាគត​របស់​នា​ង ធ្វើ​ឲ្យ​នាង​ចង់​ក្លាយជា​អ្នកដោះស្រាយ​បញ្ហា​នៅក្នុង​សង្គម​តាមរយៈ​បច្ចេកវិទ្យា​វិញ​។

 
​អ្នកស្រី ប៉ុក ពូន ដែលជា​ម្តាយ​របស់​កុមារី ពេជ្រ​ជតា គឺជា​មន្ត្រី​ទំនាក់ទំនង​ម្នាក់​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស កម្ពុជា​។​
 
​នៅពេលដែល​អ្នកស្រី​ចង់​ឲ្យ​នាង ពេជ្រ​ជតា ចូលរួម​ក្នុង​កម្មវិធី Technovation អ្នកស្រី​គិតថា គឺ​គ្រាន់តែ​ដើម្បី​ឲ្យ​កូនស្រី​របស់​អ្នកស្រី​ចំណាយពេល​វេលា​នៅ​ចុង​សប្តាហ៍​ធ្វើ​អ្វីមួយ​ប៉ុណ្ណោះ​។ 
 
​ប៉ុន្តែ​ការចូលរួម​ក្នុង​កម្មវិធី​នេះ​បានផ្តល់​លទ្ធផល​ហួស​ពី​ការរំពឹងទុក​។​
 
​ក្រោយពី​ចំណាយ​ពេលវេលា​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​អស់​រយៈពេល​៤​ខែ នាង ពេជ្រ​ជតា និង​សមាជិក​ក្រុម​របស់​នាង​បួន​នាក់​ផ្សេងទៀត បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ​ដែលមាន​ឈ្មោះថា Legendary Helpers​។ កម្មវិធី Legendary Helpers នេះ​មាន​គោលបំណង​លុបបំបាត់​គម្លាត​ខាង​ទំនាក់ទំនង​រវាង​ឪពុកម្តាយ​និង​កូនៗ​។ តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​នេះ កុមារ​តូចៗ​អាច​កត់ត្រា​នូវ​សកម្មភាព​ប្រចាំថ្ងៃ​របស់​ពួកគេ ដូចជា​ម្ហូបចំណី​ដែល​ពួកគេ​បរិភោគ និង​សកម្មភាព​ដែល​ពួកគេ​ធ្វើ​នៅ​សាលារៀន​ជាដើម ដើម្បី​ឲ្យ​ឪពុកម្តាយ​របស់​ពួកគេ​អាច​ដឹងបាន​។​
 
 
 
​កុមារី ពេជ្រ​ជតា បាន​ថ្លែងថា​៖ «​យើង​បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​នេះ ដោយសារតែ​យើង​គិតថា ឪពុកម្តាយ​និង​កូនៗ​មានការ​លំបាក​ក្នុងការ​ទំនាក់ទំនង​គ្នា​អំពី​សកម្មភាព​ប្រចាំថ្ងៃ ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​នា​ន‍ា​»​។​
 
​កាលពី​ដើមខែ សីហា កុមារី ពេជ្រ​ជតា និង​សមាជិក​ក្រុម​របស់​នាង​ម្នាក់​បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​បច្ចេកវិទ្យា Silicon Valley បន្ទាប់ពី​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ធ្វើ​បទ​បង្ហាញ​អំពី​កម្មវិធី​ទូរស័ព្ទ​របស់​ក្រុម​នាង នៅឯ​ការប្រកួត​លំដាប់​ពិភពលោក Technovation World Pitch ក្នុង​ទីក្រុង San Jose រដ្ឋ កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​។ 
 
​កម្មវិធី Technovation Cambodia ត្រូវបាន​ឧបត្ថម្ភ​ឡើង​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ក្នុង​ឆ្នាំ​២០១៤​។ ជា​រៀងរាល់ឆ្នាំ កម្មវិធី Technovation Cambodia ជ្រើសរើស​កុមារី​ដែលមាន​អាយុ​ចន្លោះ​ពី​១០​ទៅ​១៨​ឆ្នាំ ឲ្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​របស់ខ្លួន​ដោយ​ឥតគិតថ្លៃ​។ អ្នកចូលរួម​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរៀន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវ​ជួបគ្នា​ជា​រៀងរាល់ថ្ងៃ​សៅរ៍ ដើម្បី​សិក្សា​ពី​ជំនាញ​ដែល​ចាំបាច់​សម្រាប់​បង្កើត​បច្ចេក​វិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​នៅក្នុង​សង្គម​។​
 
​វគ្គ​បណ្តុះបណ្តាល​ដែលមាន​រយៈពេល​១២​សប្តាហ៍​នេះ បញ្ចប់​ទៅដោយ​មានការ​ប្រកួត​បង្កើត​កម្មវិធី​ទូរស័ព្ទ​ថ្នាក់ជាតិ​នៅក្នុង​រាជធានី ភ្នំពេញ​។​
 
​កុមារី មេ​ធ សុភា​រី​រតនៈ ដែលជា​សមាជិក​ក្រុម​ម្នាក់​របស់​កុមារី ពេជ្រ​ជតា ក៏បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​បច្ចេកវិទ្យា Silicon Valley ផងដែរ ដើម្បី​បង្ហាញ​កម្មវិធី​ទូរស័ព្ទ Legendary Helpers ដល់​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិ និង​កុមារី​ដទៃទៀត​ដែល​ធ្វើដំណើរ​មកពី​ជុំវិញ​ពិភពលោក​។​
 
​កុមារី ពេជ្រ​ជតា បាន​និយាយថា​៖ «​នៅពេលដែល​ខ្ញុំ​នៅ​ទីនោះ​[​សហរដ្ឋអាមេរិក​] ខ្ញុំ​ចង់​រៀនសូត្រ​បន្ថែមទៀត ហើយ​ខ្ញុំ​ពិត​ជាមាន​អារម្មណ៍​រំភើប​និង​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ដែល​ខ្ញុំ​ត្រូវធ្វើ​ដំណើរ​មកកាន់​សហ​រដ្ឋ​អា​មេ​រិ​ក‍​»​។​
 
​អ្នកស្រី ប៉ុក ពូន ត្រេកអរ​យ៉ាងខ្លាំង ដែល​ឃើញ​ពី​ភាពជោគជ័យ​របស់​កូនស្រី​ខ្លួន​ក្នុង​វ័យក្មេង​ដូច្នេះ​។​
 
​អ្នកស្រី​បាន​ថ្លែងថា​៖ «​យើង​ជា​ម្តាយ​ឃើញ​កូន​បាន​ចឹ​ង យើង​ដូច​ត្រូវ​ឆ្នោត​ចឹ​ង​។ យើង​សប្បាយចិត្ត​ណាស់​។ អាហ្នឹង​ជា​កាដូ​សំខាន់​មួយ​សម្រាប់​យើ​ង‍​»​។​
 
​ក៏ប៉ុន្តែ ទម្រាំ​បាន​ជោគជ័យ​ដូច​សព្វថ្ងៃនេះ វា​មិនមែនជា​ដំណើរ​ដ៏​ងាយស្រួល​មួយ​សម្រាប់ កុមារី ពេជ្រ​ជតា ដែល​បានចាប់ផ្តើម​រៀន​សរសេរ​កូដ​តាំងពីក្មេង​វ័យ​នោះទេ​។​
 
​កុមារី ពេជ្រ​ជតា បាន​រៀបរាប់ថា​៖ «​វា​ពិបាក​ខ្លាំងណាស់​។ នៅពេលដែល​យើង​រៀន​ចេះ​ច្រើន យើង​ត្រូវ​រៀន​កាន់តែច្រើន​បន្ថែមទៀត​។ វា​មិន​ងាយស្រួល​នោះទេ​។ យើង​ត្រូវ​រៀន​ច្រើន​អំពី​ការសរសេរ​កូដ​។ ហើយ​បើ​យើង​មិន​យល់​ចំណុច​ណាមួយ យើង​ក៏​មិនអាច​យល់​ចំណុច​ផ្សេងទៀត​បានដែ​រ‍​»​។​
 
​កញ្ញា ប៉ែន វនាត ដែលជា​គ្រូបង្វឹក​ផ្នែក​បច្ចេកទេស ដល់​ក្រុម​កុមារី​នេះ បាន​ថ្លែងថា កញ្ញា​មាន​មោទនភាព​ណាស់​ចំពោះ​កុមារី​ទាំងនេះ​។​
 
​កញ្ញា វនាត បាន​ថ្លែងថា​៖ «​នៅពេលដែល​ទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ហ្នឹង គាត់​នាំ​កិត្តិយស​។ ខ្ញុំ​មាន​អារម្មណ៍​ក្ដុកក្ដួល​មែនទែន ពេលដែល​ឃើញ​គាត់​កាន់​ទង់ជាតិ​ខ្មែរ​ហើយ​ដើរ​ឡើងលើ​ឆាក នៅ​សហរដ្ឋអាមេរិក​ដែលមាន​គ្រប់​ប្រ​ទេ​ស‍​»​។​
 
​មិន​ដូចជា​ក្មេងស្រី​ដទៃទៀត​ជាច្រើន​ដែលមាន​អាយុ​ស្របាល​គ្នា​នោះ កុមារី ពេជ្រ​ជតា បានដឹង​រួចទៅហើយ​ថា នាង​ចង់​ក្លាយជា​អ្វី​នាពេល​អនាគត គឺ​នាង​ចង់​ក្លាយជា​អ្នកសរសេរ​កូដ​ម្នាក់​។ ហើយ​នាង​ក៏​ចង់​លើកទឹកចិត្ត​ដល់​អ្នក​ផ្សេងទៀត​ឲ្យ​មានការ​តាំងចិត្ត​រឹងមាំ​ដូច​នាង​ផងដែរ​។​
 
​កុមារី ពេជ្រ​ជតា បាន​និយាយថា​៖ «​ប្រសិនបើ​អ្នក​ពិតជា​ចូលចិត្ត​សរសេរ​កូដ ហើយ​ចង់​រៀន​សរសេរ​កូដ​នោះ សូមកុំ​ឲ្យ​អ្នក​ផ្សេងទៀត​រារាំង​អ្នក​មិន​ឲ្យ​សរសេរ​កូដ​ឲ្យ​សោះ​។ ត្រូវ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​វា ប្រសិនបើ​អ្នក​ស្រឡាញ់​ចូលចិត្ត​អ្វីមួយ ហើយ​អ្នក​ពិតជា​ចង់​ធ្វើ​វា​ន‍ោះ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com