ជាតិ
សេដ្ឋកិច្ច
កម្ពុជានាំចេញជាង ១១ពាន់លានដុលា្លរ ទៅកាន់ ១៤៧ប្រទេសក្នុងឆ្នាំ២០១៨ រូបភាពបានពីកំពុងផែស្វយ័ត ក្រុងព្រះសីហនុ
× ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ២០១៨ មានចំនួន ១១ ២១៤លានដុល្លារ ធៀបទៅនឹងឆ្នាំ២០១៧ ដែលមាន ១០ ៧៧៧លានដុលា្លរ។ នេះបើយោងតាមរបាយការណ៍បូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅថ្មីឆ្នាំ២០១៩ របស់ក្រសួងពាណិជ្ជកម្ម។
ចំនួននាំចេញនេះ មានការកើនឡើង១០ភាគរយ ដែលបានពីកំណើននៃវិស័យកាត់ដេរ និងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម តាមរយៈការបើកច្រកទីផ្សារនាំចេញទៅកាន់ ១៤៧ប្រទេសនៅទូទាំងពិភពលោក។ នេះជាការលើកឡើង របស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៤ធ្នូ ឆ្នាំ២០១៨។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៩ ដែលរៀបចំឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨
លោកបន្ថែមដូច្នេះថា៖«សមិទ្ធិផលទាំងអស់នេះបានបង្ហាញថា ក្រសួងពាណិជ្ជកម្មបានចូលរួមចំណែក យ៉ាងសកម្មក្នុងការរក្សា និងពង្រីកកំណើនសេដ្ឋកិច្ចជាតិដែលតាមការប៉ាន់ស្មាន គឺមានអត្រាប្រមាណ៧,៣ភាគរយនៅឆ្នាំ២០១៨»។
ដោយឡែកកម្ពុជានាំចូលក្នុងទឹកប្រាក់ចំនួន ១៣ ៧៧១លានដុលា្លរនៅឆ្នាំ២០១៨នេះ។ សរុបមក កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយទីផ្សារសកលលោកចំនួន ២៤ ៩៨៥លានដុលា្លរ បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ២៣ ៧៩៦លានដុល្លារ៕
Tag:
ទំហំពាណិជ្ជកម្ម
ផលិតផល
នាំចេញ-នាំចូល
© រក្សាសិទ្ធិដោយ thmeythmey.com