ជាតិ
មហាផ្ទៃ ទទួលស្គាល់​ពី​បញ្ហា​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ខ្វះចន្លោះ ដែល​មិនទាន់​អាច​ផ្ដល់​សេវា​ចាំបាច់​ដល់​ពលរដ្ឋ​
24, Dec 2018 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​មិនទាន់មាន​លក្ខណៈ​ពេញលេញ សម្រាប់​ឲ្យ​ពួកគេ​បំពេញការងារ​ផ្ដល់​សេវា​ចាំបាច់ តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​។ នេះ​ជា​បញ្ហា​ប្រឈម​មួយ ដែល​ក្រសួងមហាផ្ទៃ កំពុង​រៀបចំ​យន្តការ​ដោះស្រាយ​។​


 
​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) លោក ង៉ាន់ ចំរើន បាន​និយាយថា ការធ្វើកំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បំពេញការងារ និង​ភារកិច្ច សម្រាប់​ប្រជាពលរដ្ឋ នៅមានកម្រិត​នៅឡើយ ពោល​គឺមាន​បញ្ហា​ប្រឈម​មួយចំនួនទៀត ដែល​ត្រូវ​ដោះស្រាយ ។​
 
​បញ្ហា​ប្រឈម ដែល​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មើលឃើញ​នោះ គឺ​ទាក់ទង​ទៅនឹង​រចនាសម្ព័ន្ធ​រប​ស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ពុំទាន់​បានកំណត់ និង​បែងចែក​ឲ្យ​បានច្បាស់លាស់​នូវ​តួនាទី​ឲ្យ​ស្របតាម​ប្រភេទ ឬ​ចរិត​លក្ខណៈផ្សេងៗ​គ្នា ហើយ​វា​ក៏​ជា​កត្តា​នាំ​ឲ្យ​សមត្ថភាព​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មិនទាន់​អាចឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ និង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​នៅឡើយ​។​
 
​ដោយសារតែ​មិនទាន់មាន​ការបែងចែក​តួនាទី​ឲ្យ​បានច្បាស់លាស់​ស្របតាម​ប្រភេទ​នេះ ទើប​ធ្វើ​ឲ្យ​ប្រព័ន្ធគ្រប់គ្រង​នានា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៅ​ពុំទាន់​មាន​លក្ខណៈ​ពេញលេញ ក្នុង​ការបំពេញ​គណនេយ្យ​ភាពច្បាស់លាស់ សម្រាប់​ផ្ដល់​សេវា​ចាំបាច់​ដោយផ្ទាល់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឡើយ ដោយសារតែ​សេវា​ទាំងនោះ ភាគច្រើន​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ និង​ការអនុវត្ត​របស់​មន្ទី​រ អង្គភាព​ដែលជា​ខ្សែបណ្ដោយ​របស់​ក្រសួង​-​ស្ថាប័ន​ជំនាញ​។ ត្រង់ចំណុច​នេះ​លោក ចំរើន បាន​ពន្យល់ថា កិច្ចការងារ​មួយចំនួន​នោះ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គ្មាន​សិទ្ធិ​សម្រេច និង​អនុវត្ត​បានឡើយ ដរាបណា​គ្មាន​ការយល់ព្រម ឬ​ផ្ទេរ​ពី​មន្ទីរ ឬ​អង្គភាព ដែលជា​ខ្សែបណ្ដោយ​របស់​ក្រសួង​-​ស្ថាប័ន​ជាតិ​។​
 
​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន និង​មន្ត្រី​គ​.​ជ​.​អ​.​ប អំពី​សកម្មភាព​ការងារ​ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ កាលពី​ថ្ងៃទី​២១ ធ្នូ លោក ង៉ាន់ ចំរើន បន្ត​និយាយ​ពី​បញ្ហា​ប្រឈម​ថា ការចូលរួម និង​ការផ្ដល់​យោបល់​របស់​ប្រជាពលរដ្ឋ ក្នុង​ដំណើរ​ការធ្វើ​សេចក្តីសម្រេចចិត្ត​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅមានកម្រិត ដោយសារ​ការរៀបចំ​យន្តការ និង​នីតិវិធី​នានា​ពុំទាន់​មាន​លក្ខណៈ​សមស្រប ហើយ​ទម្លាប់​និង​ឥរិយាបទ​នៃ​ការចូលរួម នៅ​មិនទាន់មាន​ការផ្លាស់ប្ដូរ​ឲ្យ​បាន​ជ្រាលជ្រៅ ខណៈដែល​ពលរដ្ឋ​មាន​ជំនឿ​ចិត្ត​លើ​លទ្ធភាព​ដោះស្រាយ​បញ្ហា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅមានកម្រិត​។​
 
​ក្រសួង​ជាង​១០ បានធ្វើ​ប្រតិភូកម្ម​មុខងារ​ផ្តល់​សេវា​រដ្ឋបាល ជាង​៦០០​ប្រភេទ ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ផ្ដល់​សេវា​រដ្ឋបាល តាម​ការិយាល័យ​ឬ​អង្គភាព​ច្រកចេញ​-​ចូល​តែមួយ​។ ចំណែក​មុខងារ​ចំនួន​១៦ ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ក្នុងនោះ​រួមមាន ក្រសួងបរិស្ថាន​បាន​ផ្ទេរ​មុខងារ​៦ , ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ផ្ទេរ​មុខងារ​ចំនួន​៣ ,​ក្រសួង​អភិវឌ្ឍ​ជនបទ បាន​ផ្ទេរ​មុខងារ​ចំនួន​៣ និង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្ទេរ​មុខងារ​ចំនួន​៤​។ ទោះជា​មានការ​ផ្ទេរ​មុខងារ និង​ធនធាន​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្តី ក៏​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំងនោះ នៅ​មិនទាន់មាន​លទ្ធភាព​ទទួល​ខុសត្រូវ​ក្នុងការ​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ទាំងនេះ ឲ្យ​បានល្អ​នៅឡើយ​។​នេះ​ជាការ​បញ្ជាក់​របស់លោក ង៉ាន ចំរើន​។​
 
​បើតាម​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូបនេះ យន្តការ​អធិការកិច្ច​លើ​ការបំពេញ​ការងារ​រប​ស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៅ​ពុំទាន់​រៀបចំ និង​ដាក់​ឲ្យ​អនុវត្ត​ប្រកបដោយ​សុខដុម​នីយកម្ម​រវាង​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​នៅឡើយ​។​«​ស្ថានភាព​នេះ បានធ្វើ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទទួល​នូវ​សម្ពាធ និង​មាន​បន្ទុក​ការងារ​យ៉ាងច្រើន ក្នុងការ​រៀបចំ​ទទួល​និង​ការចូលរួម​ដំណើរ​ការធ្វើ​អធិការកិច្ច​របស់​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​នានា​ជាច្រើន​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​លេខាធិការ គ​.​ជ​.​អ​.​ប​។​
 
​គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ រដ្ឋាភិបាល បាន​ផ្ទេរ​ថវិកា​ជាង​២,៤១២​លាន​ដុល្លារ ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​គ្រប់គ្រង ចាត់ចែង និង​ប្រើប្រាស់​ក្រោម​ឆន្ទានុសិទ្ធិ​របស់ខ្លួន ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ នៅតាម​ដែន​សមត្ថកិច្ច​នីមួយៗ​៕

Tag:
 ង៉ាន់ ចំរើន​
  មហាផ្ទៃ​
  វិមជ្ឈការ
  វិសហមជ្ឈការ​
© រក្សាសិទ្ធិដោយ thmeythmey.com