ជាតិ
តារាល្បីៗ
សិល្បះ
សិល្បករ​-​ការិនី ត្រូវការ​យុត្តិធម៌​សម្រាប់ ទេព បូ​ព្រឹក្ស ដែល​រង​ការប្រមាថ​
26, Dec 2018 , 12:47 pm        
រូបភាព
ដោយ:
​នា​រាត្រី​នៃ​ពិធីបុណ្យ​ណូអែល តារាចម្រៀង ទេព បូ​ព្រឹក្ស បាន Live ហ្វេ​ស​ប៊ុ​កដោយ​យំ​បណ្តើរ និយាយ​រៀបរាប់​បណ្តើរ​ជុំវិញ​ហេតុការណ៍​ដ៏​មិន​នឹង​ស្មាន​ដល់​មកលើ​ខ្លួន​។ អ្នកចម្រៀង​វ័យ​ជាង​២០​ឆ្នាំ​រូបនេះ ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​គប់​កំប៉ុង និង​ជះ​ស្រា​បៀរ​ទៅលើ​ខ្លួន នៅពេលដែល​នាង​កំពុង​ច្រៀង​នៅក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។​

 
​សម្រាប់ ទេព បូ​ព្រឹក្ស នេះ​ជាការ​ប្រមាថមើលងាយ​ដ៏​ធំ​មកលើ​ខ្លួន​ដែលជា​សិល្បៈការិនី និង​ជា​ស្ត្រីភេទ​ម្នាក់​។ ថ្លែង​ទាំង​ទួញ​សោក បូ​ព្រឹក្ស ចង់​ឲ្យ​បុគ្គល​ដែល​គប់​កំប៉ុង និង​ជះ​ស្រា​បៀរ​ទៅលើ​ខ្លួន សូមទោស​ជា​សាធារណៈ ពីព្រោះ​នាង​ខ្មាស​គេ​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​ដ៏​មិន​នឹកស្មាន​ដល់​លើ​ខ្លួន​។​
 
​កញ្ញា ទេព បូ​ព្រឹក្ស មិនដឹង​ច្បាស់​ពី​មូលហេតុ​ពិតប្រាកដ​នោះឡើយ ប៉ុន្តែ​នាង​បានបញ្ជាក់​ក្នុងពេល Live ថា​៖ «​គេ​ណាត់​ខ្ញុំ​មក​ច្រៀង​នៅ​ម៉ោង​១០ ហើយ​ខ្ញុំ​មក​ច្រៀង​តាម​ពេល​កំណត់​ត្រឹមត្រូវ ហេតុអ្វី​វា​មក​គប់​ខ្ញុំ និង​ដៀល​ខ្ញុំ​លើ​ឆាក​យ៉ាង​កប់ៗ​មាត់​។ ហេតុ​អី​ក៏​មើលងាយ​អ្នកចម្រៀង​ម្ល៉េះ​»?
 
ករណី​ដែល​ធ្វើ​ឲ្យ​កញ្ញា ទេព បូ​ព្រឹក្ស  កាន់តែ​ខឹង​ខ្លាំង​នោះ គឺ​ដោយសារតែ​ភាគី​ហាង មិនបាន​ជួយ​អន្តរាគមន៍​ឡើយ ពីព្រោះ​ម្ចាស់​ហាង​ត្រូវ​យកចិត្តទុកដាក់​លើ​ភ្ញៀវ​ជាង​តារាចម្រៀង​។ បន្ថែម​ពីលើ​នោះ ស្ត្រី​ម្នាក់​បាន​និយាយ​ទៅកាន់​នាង​ថា​៖ «​ឥឡូវនេះ​ចង់​ដោះស្រាយ​ឬ​មិន​ចង់​ដោះស្រាយ ? បើ​មិន​ចង់​ទេ​សូម​ចេញ​»​។ 
 
​សិល្បករ សិល្បការិនី និង​សាធារណជន​ជាច្រើន​សុទ្ធតែ​បាន​សំដែង​ការហួសចិត្ត​ចំពោះ​ការប្រមាថ​ទៅលើ​តារាចម្រៀង បូ​ព្រឹក្ស​។ អ្នកនាង ច​ន ចាន់​លក្ខិណា តារា​សំដែង​ជើងចាស់ និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ​ថា ករណីនេះ សា​ម៉ី​ខ្លួន បានដាក់​ពាក្យបណ្តឹង​រួចរាល់​ហើយ​។​
 
 «​ខាង​សមាគម​យើង​ក៏មាន​មេធាវី​សម្រាប់​ដោះស្រាយ​លើ​បញ្ហា​ដែល​កើតមាន​ចំពោះ​សិល្បករ​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាង ច​ន ចាន់​លក្ខិណា ដែល​បង្ហាញ​ពី​ការអាណិតអាសូរ​ដល់ក​ញ្ញា ទេព បូ​ព្រឹក្ស ជាខ្លាំង ដោយ​ចាត់ទុកថា​ទង្វើ​នេះ​ប៉ះពាល់​កិត្តិយស​របស់​កញ្ញា បូ​ព្រឹក្ស និង​អ្នកសិល្បៈ ដែល​ស្មោះត្រង់ និង​បំពេញ​កាតព្វកិច្ច​ការងា​រ​បានល្អ​។​
 
​តារាចម្រៀង ងួន ចាន់​ដេវីត ម្ចាស់​បទ «​ញី​កែងជើង​» ដែលជា​អនាគត​ស្វាមី​របស់ ទេព បូ​ព្រឹក្ស បាន​ទៅ​សម្របសម្រួល​ករណីនេះ​ទាំងយប់​។ លោក​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មាន​ឯកសារ​គ្រប់គ្រាន់​ពាក់ព័ន្ធ​នឹង​បុរស​ដែល​បាន​គប់ និង​ជះ​ស្រា​បៀ​លើ​ទេព បូ​ព្រឹក្ស ប៉ុន្តែ​ចង់​មាន​ឲ្យ​ការដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​។​
 
​លោក ដេវីត បាន​លើកឡើងថា ទោះ​ស្រឡាញ់ ឬ​ស្អប់ គេ​អាច​បញ្ចេញមតិ​តាម​ហ្វេ​ស​ប៊ុ​ក ឬ​ប្រាប់​អ្នកគ្រប់គ្រង​ហាង​ពី​ការមិន​ពេញចិត្ត​របស់ខ្លួន មិនមែន​ប្រព្រឹត្ត​អំពើ​បែបនេះ​នោះឡើយ​។​
 
«​បូ​ព្រឹក្ស​តាំងពីដើម​មក​ខ្ញុំ​ឃើញតែ​គេ​ស្អប់​គាត់​ទេ ខ្ញុំ​អត់​យល់ តាំងពីដើម​មក គាត់​គ្រាន់តែ​ជា​មនុស្ស​ស្រី​ធម្មតា​ម្នាក់ ឥឡូវ​បងប្អូន​ពិចារណា​ឡើងវិញ បទ​ចម្រៀង​ខ្ញុំ​អ្នកធ្វើ គាត់​ចាំតែ​ច្រៀង​ទេ គាត់​នៅតែ​លើ​ឆាក ច្រៀង​ធម្មតា ពួកយើង​ធ្វើបុណ្យ ជួយ​កុមារកំព្រា សង់សាលា ហេតុអ្វី​មើលមិនឃើញ ក្រដាស​ស​មួយ បន្តក់​ប៊ិច​ខ្មៅ គាត់​មើល​ឃើញតែ​ខ្មៅ​ហ្នឹង​ទេ​»​។ នេះ​ជាការ​រៀបរាប់​របស់លោក ដេវីត​៕ 
 

Tag:
 ទេព បូព្រឹក្ស
© រក្សាសិទ្ធិដោយ thmeythmey.com