ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ក្រូចឃ្វិច​ថៃ​ផ្សាំ​នឹង​ក្រូចឆ្មា​ជប៉ុន បង្កើតជា​ក្រូចសើច​ខ្មែរ​
27, Dec 2018 , 10:17 am        
រូបភាព
ដោយ: &
សៀមរាប​៖ អង្គការ Agrisud International Cambodia ដែល​ធ្វើការ​លើ​វិស័យ​កសិកម្ម​ បាន​យក​មែក​ក្រូចឃ្វិច​ពី​ប្រទេស​ថៃ មក​ផ្សាំ​ជាមួយ​មែក​ក្រូចឆ្មា​ជប៉ុន បង្កើតបានជា​ក្រូច​មួយ​ប្រភេទ​មាន​រូបរាង​ស្រដៀង​នឹង​ក្រូចសើច មាន​រសជាតិ​ផ្អែម​លាយ​ជូរ​តិចៗ​។ ពូជ​ក្រូច​ថ្មី​នេះ ត្រូវបាន​អង្គការ Agrisud International Cambodia ផ្តល់​ឲ្យ​កសិករ​នៅ​ស្រុក​បន្ទាយស្រី ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេក​ក​ទេស និង​របៀប​ថែទាំ​ដំណាំ​ក្រូច​នេះ មក​ដាំ​សាកល្បង​ក្នុង​មួយ​គ្រួសារ​២០​ដើម​។ ផ្លែក្រូច​ដែល​បាន​ពី​ការ​ផ្សាំ​មែក​នេះ ត្រូវបាន​កសិករ​ខ្មែរ​ហៅថា​«​ក្រូច​ថៃ​វ៉ាន​»​។​


​អង្គការ Agrisud International Cambodia បាន​បណ្តុះបណ្តាល​កសិក​រ​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ពី​បច្ចេកទេស និង​របៀប​ថែទាំ​ដំណាំ​ក្រូចឃ្វិច​ប្រភេទ​ថ្មី​ដែល​នាំ​ពូជ​ពី​ខេត្ត ឈាង ម៉ៃ ប្រទេស​ថៃ មុននឹង​សាកល្បង​ដាំ​ដុះ​នៅលើ​ទឹកដី​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា ដែលមាន​សណ្ឋាន​ដី​ខុសគ្នា​។ លោក បូ នៀម មន្ត្រី​បច្ចេកទេសផ្នែក​ដំណាំ​ឈើ​ហូប​ផ្លែ​នៃ​អង្គការ​អន្តរជាតិ​មួយ​នេះ បញ្ជាក់​យ៉ាង​ដូច្នេះ​។​



​អ្នកជំនាញ​ផ្នែក​ដំណាំ​ឈើ​ហូប​ផ្លែ​រូបនេះ ក៏បាន​បញ្ជាក់​នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ដែរ​ថា គ្រប់​ប្រភេទ​ក្រូច​ទាំងអស់​តែងតែ​ជួបប្រទះ​នឹង​សត្វល្អិត​មួយ​ប្រភេទ​ដែល​គេ​ហៅថា ដង្កូវ​ផែនទី និង​ជំងឺ​ពីរ​ប្រភេទ​៖ ទី​១. ជំងឺ​អុត​ស្លឹក ជា​អម្បូរ​មេរោគ​ផ្សិត ដែល​បណ្តាលមកពី​ទឹកភ្លៀង​ធ្លាក់​ខ្លាំង និង​ទី​២. ជំងឺ​ប្រេះ​ដើម​ចេញ​ជ័រ​។ ដូច្នេះ Agrisud International Cambodia ត្រូវ​បណ្តុះបណ្តាល​កសិករ​ពី​បញ្ហា​ទាំងនេះ មុននឹង​ដាំ​ដំណាំ​ក្រូច​ប្រភេទ​ថ្មី​នេះ​។​

​ប្រភេទ​ក្រូចឃ្វិច​ថ្មី​របស់​ថៃ ដែល​យក​មែក​របស់​វា​ផ្សាំ​ជាមួយ​មែក​ក្រូចឆ្មា​ជប៉ុន ចេញ​ជាដើម​ក្រូច​មាន​រូបរាង​ស្រដៀង​នឹង​ក្រូចសើច​នេះ ត្រូវបាន​អង្គការ Agrisud International Cambodia យកមក​ឲ្យ​កសិករ​ខ្មែរ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ខាងលើ មក​ដាំ​សាកល្បង​ដាំ​នៅលើ​ទឹកដី ខេត្តសៀមរាប ក្នុង​មួយ​គ្រួ​សារបាន​ចំនួន​២០​ដើម​។ អ្នកឯកទេស​លើ​ដំណាំ​ឈើ​ហូប​ផ្លែ បូ នៀម ជឿជាក់ថា រសជាតិ​ផ្អែម លាយ​ជូរ​តិចៗ​របស់​វា ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​។​

​អម្បូរ​ក្រូចឃ្វិច​ថៃ​ផ្សាំ​ជាមួយ​ក្រូចឆ្មា​ជប៉ុន ដែល​កសិករ​ខ្មែរ​នៅ​ស្រុក​បន្ទាយស្រី​ហៅថា​«​ក្រូច​ថៃ​វ៉ាន​»​នេះ មាន​វត្តមាន​លើទឹក​ដី​កម្ពុជា​រយៈពេល​២​ឆ្នាំ​មកហើយ ហើយ​ក្រូច​ប្រភេទ​នេះ គឺ​ត្រូវ​ចំណាយពេល​ដាំ​ដុះ​រយៈពេល​ពី​២​ទៅ​៣​ឆ្នាំ​ទើប​ចាប់ផ្តើម​ចេញ​ផ្លែ​។ នេះ​បើតាម​លោក បូ នៀម មន្ត្រី​នៃ​អង្គការ Agrisud International Cambodia រៀបរាប់​ប្រាប់​ថ្មីៗ​២៥​រាជធានី​-​ខេត្ត​នៅក្នុង​ពិព័រណ៍​ផលិតផល​បន្លែ និង​ផ្លែឈើ​សុវត្ថិភាព​កម្ពុជា​លើក​ទី​១២ ដែល​រៀបចំ​ដោយ​ក្រសួងពាណិជ្ជកម្ម នៅ​បរិវេណ​សួនច្បារ​ព្រះរាជដំណាក់ ខេត្តសៀមរាប កាលពី​ខែវិច្ឆិកា​កន្លងទៅ​៕

Tag:
 ក្រូចឃ្វិច​
 ​កសិកម្ម​
  សៀមរាប​
  ThmeyThmey25 ​
© រក្សាសិទ្ធិដោយ thmeythmey.com