ជាតិ
មកដល់​កម្ពុជា​ភ្លាម អគ្គរដ្ឋទូត​ចិន​ថ្មី រិះគន់​ប្រទេស​លោកខាងលិច ដែល​យក​បញ្ហា​តូចតាច​មក​លាប​ពណ៌​កម្ពុជា​-​ចិន​
27, Dec 2018 , 11:12 am        
រូបភាព
(រូបខាងឆ្វេង)អគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជាលោក Wang Wentian  ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
(រូបខាងឆ្វេង)អគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជាលោក Wang Wentian ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទំនាក់ទំនង​កម្ពុជា​-​ចិន រឹតតែ​ស្អិតល្មួត​ល្អ ដែល​មិនអាច​បំបែក​បាន ប៉ុន្តែ​ប្រទេស​លោកខាងលិច​ខ្លះ តែងតែមាន​បំណង​ចង់​បំបែក​សម្ព័ន្ធភាព​ភាគី​ទាំងពីរ តាមរយៈ​ការយក​បញ្ហា​តូចតាច​មក​លាប​ពណ៌​។ នេះ​ជាការ​លើកឡើង​របស់​អគ្គ​រដ្ឋទូត​ចិន​ថ្មី ប្រចាំ​កម្ពុជា​លោក Wang Wentian  ក្នុងជំនួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​


 
​លោក Wang Wentian ដែល​ត្រូវ​ចូលកាន់​តំណែង​អគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា បាន​លើកយក​ជំហរ​ថ្នាក់ដឹកនាំ​ចិន មក​ប្រាក់​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ថា ចិន​នៅតែ​គាំទ្រ​រាល់​ការសម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ឡើយ​។ ហើយ​អ្វីដែល​ថ្នាក់ដឹកនាំ​ចិន​ប្ដេជ្ញាចិត្ត​នោះ គឺ​ការបន្ត​អនុវត្ត​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រួមទាំង​ទំនាក់ទំនង​ដូច​ដែកថែប ដែល​មិនអាច​កាត់ផ្ដាច់​បាន​។ 
 
​បន្ទាប់ពី​និយាយ​ពី​ជំហរ​ថ្នាក់ដឹកនាំ​ខ្លួន​ហើយ លោក Wang Wentian ក៏​ឆ្លៀត​រិះគន់​លើ​ប្រទេស​លោកខាងលិច​ថា បណ្ដា​ប្រទេស​ទាំងនោះ តែងតែ​យក​បញ្ហា​តូចតាច​បង្កើត​ទៅជា​រឿង​ធំ ដើម្បី​លាប​ពណ៌​មកលើ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន​។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក កេ​ត សុផាន់ ដែល​បាន​ស្រង់​សម្តី​អគ្គរដ្ឋទូត​ចិន​ថ្មី ក្នុងជំនួប​លោក​ប្រាក់ សុខុន បាន​និយាយ​ដូច្នេះ​ថា​៖« មាន​បរទេស​មួយចំនួន ជាពិសេស​លោកខាងលិច​តែងតែ​លាប​ពណ៌ លើ​រឿង​ករណី​តូចតាច ក៏ប៉ុន្តែ​យក​រឿងនេះ​មក​លាប​ព័ណ៌​ក្នុង​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ចិន​។ ហើយ​នេះ​ជាការ​ប្រឈម ប៉ុន្តែ​មិនមែនជា​រឿង​ធំ វា​ជា​រឿង​តូចតាច ដែល​ប្រទេស​យើង​ទាំងពីរ​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និត​ថែមទៀត​»​។​
 
​ទាក់ទង​នឹង​ចំណុច​នេះ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការបទេស បាន​និយាយ​ក្នុងន័យ​ចំអក​ថា ប្រទេសលោកខាងលិចទាំងនោះ​មិន​សប្បាយចិត្ត ចំពោះ​ទំនាក់ទំនង​កម្ពុជា​-​ចិន គឺ​ពួកគេ​តែងតែ​រក​មធ្យោបាយ ដើម្បី​បំបែកបំបាក់​បែបនេះ​។ «​ជាធម្មតា​ទេ ប្រទេស​ដែល​គេ​មិន​សប្បាយចិត្ត គេ​តែងតែ​យក​រឿង​តូច​តូច​បំប៉ោង​ជា​រឿង​ធំ​។ តែ​តាមពិត​ជាក់ស្តែង​ការវិនិយោគ​ធំ​បែបនេះ គឺ​បាន​នាំមក​នូវ​ផលប្រយោជន៍​ដល់​កម្ពុជា និង​ចិន​»​។​នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ ដែល​បាន​ស្រង់​សម្ដី​លោក ប្រាក់ សុខុន​។​
 
​អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា ភាគី​ចិន ក៏បាន​គាំទ្រ​លើ​កិច្ចការ​អនុវត្ត​ច្បាប់ ចំពោះ​ជនជាតិ​ចិន ដែល​មក​រស់នៅ​កម្ពុជា ហើយ​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ផងដែរ​។ ហើយ​ចិន នឹងចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ជានិច្ច ក្នុងការ​ចាត់វិធានកា​រ​បង្ក្រាប​ជនជាតិ​ចិន ដែល​ប្រព្រឹត្ត​ខុសច្បាប់​ទាំងនោះ​ទៀតផង​៕
 

Tag:
 ប្រាក់ សុខុន​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com