ជាតិ
២០​ឆ្នាំមុន អៀង សារី​, ខៀវ សំផន​, និង នួន ជា បាន​ទៅដល់​ផ្ទះ​សម្តេច ហ៊ុន សែន​
27, Dec 2018 , 1:04 pm        
រូបភាព
រូបថតពីឆ្វេង៖ លោក ខៀវ សំផន, សម្តេច ហ៊ុន សែន, លោក នួន ជា, និង លោក អៀង សារី ជួបគ្នានៅគេហដ្ឋានសម្តេច ហ៊ុន សែន នាទីក្រុងតាខ្មៅ។ រូប AFP
រូបថតពីឆ្វេង៖ លោក ខៀវ សំផន, សម្តេច ហ៊ុន សែន, លោក នួន ជា, និង លោក អៀង សារី ជួបគ្នានៅគេហដ្ឋានសម្តេច ហ៊ុន សែន នាទីក្រុងតាខ្មៅ។ រូប AFP
​រដ្ឋាភិបាល​បានសម្រេច​រៀបចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ រយៈពេល​៣​ថ្ងៃ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៩​ខែធ្នូ​រហូតដល់​ថ្ងៃទី​៣១ ដែលជា​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល (២០១៨ ចូល ២០១៩) តែម្តង​។
នេះ​គឺជា​ពិធី​សម្ពោធ​សមិទ្ធផល​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ដ៏​អធិកអធម​ក្រៃលែង ដោយសារតែ​វិមាន​ឈ្នះ​-​ឈ្នះ ត្រូវបាន​សាងសង់​រំឭក​ដល់​ការអនុវត្ត​បាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ឌី​ហ្វី​ឌ និង​នយោបាយ​ឈ្នះ​-​ឈ្នះ ដើម្បី​បញ្ចប់​ទាំងស្រុង​នូវ​មូលដ្ឋាន​ចុងក្រោយ​នៃ​ពួក​ឧទ្ទាម​ខ្មែរក្រហម ហើយ​ដែល​បានធ្វើ​ឲ្យ​កម្ពុជា​ឯកភាព​ទឹកដី និង​គ្មាន​សង្គ្រាមស៊ីវិល​ទៀតឡើយ​។​

 
​តើ​ហេតុអ្វី​ការសម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ ត្រូវ​កំណត់​ធ្វើ​នៅ​ថ្ងៃទី​២៩​ខែធ្នូ​? «​លោក ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របប​ខ្មែរក្រហម​, លោក នួន ជា អតីត​ប្រធានសភា​របប​ខ្មែរក្រហម​, លោក អៀង សារី អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​មន្ត្រីជាន់ខ្ពស់​ខ្មែរក្រហម​ជាច្រើនរូប​ទៀត​ដូចជា លោក ជួន ជឿន​, លោក ចាន់ យូរ៉ាន់ ព្រមទាំង​គ្រួសារ​របស់​ពួកគេ បានធ្វើ​ដំណើរ​មក​គេហដ្ឋាន សម្តេច ហ៊ុន សែន នាទី​ក្រុង​តាខ្មៅ ដើម្បី​សុំចូល​រួមជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​១៩៩៨»​។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​សរសេរ​នៅក្នុង​សៀវភៅ​ដែលមាន​ចំណងជើង​ថា «​យុទ្ធសាស្ត្រ​ឌី​ហ្វី​ឌ​តេ​ជោ​សែន​នៃ​កម្ពុជា​» ដែល​ចងក្រង​ដោយ​ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន​។​
 
​ក្រុម​អ្នកនិពន្ធ​បាន​សរសេរ​នៅក្នុង​ផ្នែក​«​អវសាន​នៃ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម​»​ដោយ​វាយតម្លៃ​ព្រឹត្តិការណ៍​នៃ​ការសម្រេច​របស់​ក្រុម​មេដឹកនាំ​ចុងក្រោយ​នៃ​ចលនា​ខ្មែរក្រហម ថា​ជា​ជោគជ័យ​ដ៏​ធំធេង​នៃ​យុទ្ធសាស្ត្រ​ឌី​ហ្វី​ឌ និង​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច ហ៊ុន សែន ក្នុង​ការបញ្ចប់​ទាំងស្រុង​នៃ​អង្គការ​ចាត់តាំង​ខ្មែរក្រហម​។​
 
​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៨ ច្បាស់​ជា​ខួប​ឆ្នាំ​ទី​២០ នៃ​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ឌី​ហ្វី​ឌ និង​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ក៏​ជា​ឆ្នាំ​ទី​២០ នៃ​សន្តិភាព​របស់​កម្ពុជា​ដែល​ពុំមាន​ទៀតឡើយ ការបែងចែក ទឹកដី​គ្រប់គ្រង​ដោយ​ចលនានយោបាយ​ផ្សេងៗ​។​
 
​គួរ​បញ្ជាក់ផងដែរ​ថា ក្រោយពី​មាន​វត្តមាន​លោក អៀង សារី​, លោក ខៀវ សំផន និង​លោក នួន ជា នៅ​គេហដ្ឋាន​របស់​សម្តេច ហ៊ុន សែន ហើយ​នោះ ពិធី​ធ្វើ​សមាហរណកម្ម​ចុងក្រោយ​នៃ​ទាហាន​ខ្មែរក្រហម​ចូល​ជាមួយ​រដ្ឋាភិបាល​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​១៩៩៩​។​
 
​តើ​អ្វី​ជា​យុទ្ធសាស្ត្រ ឌី​ហ្វី​ឌ និង​នយោបាយ ឈ្នះ​-​ឈ្នះ​?
 
​ពាក្យ​ថា ឌី​ហ្វី​ឌ គឺ​ចេញពី​អក្សរ​កាត់​នៃ​ពាក្យ​អង់គ្លេស​ចំនួន​៥ ដែល​រួមមាន​៖ Divide =​បំបែក​, Isolate =  ធ្វើ​ឲ្យ​នៅឯ​កោ​, Finish = បញ្ចប់​, Integrate = ធ្វើ​សមាហរណកម្ម​, Develop = អភិវ​ឌ្ឍ​។​
 
​យោងតាម​សៀវភៅ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន​ដដែល យុទ្ធសាស្ត្រ​ឌី​ហ្វី​ឌ ត្រូវបាន​ផ្តួចផ្តើម និង​គូសវាស​ដោយ​សម្តេច ហ៊ុន សែន ហើយ​បានចាប់ផ្តើម​អនុវត្ត​នៅក្នុង​ខែធ្នូ​ឆ្នាំ​១៩៨៩ ដោយ​ការផ្តើម​ចរចា​បង្រួបបង្រួម​ជាតិ​លើកដំបូង​ជាមួយ​សម្តេចព្រះ​រោ​ត្ត​ម សីហនុ នៅ​ក្រុង Fère-en-Tardenois នៃ​ប្រទេស​បារាំង​។ សម្តេចព្រះ​នរោត្តម សីហនុ កាលណោះ​គឺជា​ប្រមុខ​នៃ​រដ្ឋាភិបាល​ត្រីភាគី ដែលមាន​មូលដ្ឋាន​នៅ​ជាយដែន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ​។​
 
​ការចរចា​សន្តិភាព​បា​ន​ឈានដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​១៩៩១ មុននឹង​មានការ​រៀប​ចំ​ឲ្យ​មានការ​បោះឆ្នោត​សេរី​ពហុបក្ស​នីតិកាល​ទីមួយ​នៅ​កម្ពុជា​ដែល​រៀបចំ​ដោយ​អ៊ុនតាក់ (​អាជ្ញាធរ​បណ្តោះអាសន្នរ​បស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​) នៅក្នុង​ខែឧសភា​ឆ្នាំ​១៩៩៣ ដែល​បាន​ចំណាយ​ថវិកា​ជាង​២​ពាន់​លាន​ដុល្លារ និង​ធនធានមនុស្ស​ជា​យោធា និង​មន្ត្រី​ស៊ីវិល​ជាង​២​ម៉ឺន​នាក់​។ ក្នុងចំណោម​រដ្ឋាភិបាល​ត្រីភាគី មានតែ​ភាគី​ហ្វ៊ុនស៊ីនប៉ិច​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ និង​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​សម្តេច សឺ​ន សាន ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​។ រីឯ​ភាគី​ខ្មែរក្រហម បានប្រកាស​ដកខ្លួន​ពី​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ និង​បាន​ពហិការ​មិន​ចូលរួម​ក្នុងការ​បោះឆ្នោត​នោះឡើយ​។ សៀវភៅ​យុទ្ធសាស្ត្រ​ឌី​ហ្វី​ឌ សរសេរថា ក្រោយពី​មាន​បាតុកម្មហិង្សា​លើ​លោក ខៀវ សំផន នៅ​ភ្នំពេញ លោក ខៀវ សំផន បាន​និយាយថា មាន​ជនជាតិ​វៀតណាម​៥​លាន​នាក់​ដែល​រស់នៅ​បង្កប់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ភាគី​រដ្ឋ​កម្ពុជា​នៅក្នុង​ការបោះឆ្នោត​លើកដំបូង​នោះ​។ ការដកខ្លួន​របស់​ក្រុមខ្មែរក្រហម​នេះ បានបង្ហាញ​អំពី​ការចាប់ផ្តើម​ថយកម្លាំង​របស់​ខ្មែរក្រហម ពី​សម្ព័ន្ធមិត្ត​ត្រីភាគី​ផង និង​បាន​ផ្តល់ឱកាស​ឲ្យ​រដ្ឋសភា​នីតិកាល​ទីមួយ​អនុម័ត​ច្បាប់​ដាក់​ក្រុមខ្មែរក្រហម​នៅក្រៅ​ច្បាប់​នៅក្នុង​ខែកក្កដា​ឆ្នាំ​១៩៩៤​។ ក្រោយពី​បានដាក់​ក្រុមខ្មែរក្រហម​ឲ្យ​នៅឯ​កោ (Isolate) ហើយ​នោះ សម្តេច ហ៊ុន សែន នៅ​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ឌី​ហ្វី​ឌ​ចំណុច F (Finish = បញ្ចប់​) ដោយ​វាយ​សម្អាត​ក្រុមខ្មែរក្រហម​តំបន់ភ្នំ​វ​ល្ល៍ ឱ​រ៉ា​ល់ សំឡូត និង​ទទួល​អ្នកស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​រដ្ឋាភិបាល​។​
 
​តាមពិតទៅ នៅពេលដែល​ប្រមុខ​រដ្ឋាភិបាល​បន្ត​អនុវត្ត​ចំណុច F វា​ក៏​ជាការ​ចាប់ផ្តើម​អនុវត្ត​ចំណុច I (Integrate =  សមាហរណកម្ម​) និង ចំណុច D ( Develop = អភិវឌ្ឍ​) រួចទៅហើយ​។

ប្រតិបត្តិការ​បោសសម្អាត​ទីតាំង​ឈរជើង​របស់​ក្រុមខ្មែរក្រហម តែង​ត្រូវបាន​អនុវត្ត​ទន្ទឹមគ្នា​ជាមួយនឹង​ការផ្សព្វផ្សាយ​គោលនយោបាយ ឈ្នះ​-​ឈ្នះ ដើម្បី​អូសទាញ​ឲ្យ​ពួក​ខ្មែរក្រហម​ចូលរួម​ជាមួយ​រដ្ឋាភិបាល​។​
 
​គោលនយោបាយ ឈ្នះ​-​ឈ្នះ ដែល​សម្តេច ហ៊ុន សែន បានប្រកាស​អនុវត្ត​នោះ គឺជា​ការអនុវត្ត​គោលការណ៍​ចំនួន​៣ ដើម្បី​ផ្តល់​សេចក្តីទុកចិត្ត ការជឿ​កជាក់ និង​លើកទឹកចិត្ត​ឲ្យ​ក្រុម​ទាហាន​ខ្មែរក្រហម​សម្រេចចិត្ត​ចូលរួម​រស់​ជាមួយ​រដ្ឋាភិបាល​។ ទីមួយ គឺ​ការធានា​អាយុជីវិត​, ទី​ពីរ ការថែរក្សា​ទ្រព្យសម្បត្តិ និង​ទី​បី គឺ​ការរក្សា​តំណែង និង​ឋានន្តរសក្តិ​។​
 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ដែលជា​ប្រតិបត្តិ​ករ​ចម្បង​មួយរូប​នៃ​យុទ្ធសាស្ត្រ បាន​សរសេរ​នៅក្នុង​សៀវភៅ​របស់លោក​ថា នយោបាយ​ឈ្នះ​-​ឈ្នះ ជា​យន្តការ​សំខាន់​ក្នុងការ​អនុវត្ត​ចំណុច​ធ្វើ​សមាហរណកម្ម និង​ការអភិវឌ្ឍ​។ លោក​បន្តទៀត​យ៉ាង​ដូច្នេះ​៖«​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ ដើម្បី​ជំរុញ​ល្បឿន​អនុវត្ត​យុទ្ធសាស្ត្រ​ឌី​ហ្វី​ឌ ក្នុងទិសដៅ​បំបាត់​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម ដែលជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ឲ្យ​បាន​លឿន​តាមតែ​អាចធ្វើ​បាន ដើម្បី​មាន​ពេលវេលា និង​ធនធាន​កសាង​ប្រទេស​»​។​
 
«​ការអនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង​នៅ អំឡុង ចុងឆ្នាំ ១៩៩៤ [​ដោយ​សម្តេច ហ៊ុន សែន​] គឺជា​យុទ្ធសាស្ត្រ​ពន្លត់ភ្លើង ដោយ​មិនអង្គុយបក់ផ្សែង​»​។ នេះ​ជា​សំណេរ​នៅក្នុង​សៀវភៅ​យុទ្ធសាស្ត្រ ឌី​ហ្វី​ឌ​តេ​ជោ​សែន​នៃ​កម្ពុជា​៕
 

Tag:
 ឈ្នះ​-​ឈ្នះ​
  ឌី​ហ្វី​ឌ​
  DIFID
  វិមាន​ឈ្នះ​-​ឈ្នះ​
  ខ្មែរក្រហម​
© រក្សាសិទ្ធិដោយ thmeythmey.com