ជាតិ
ហ្វេ​ស​ប៊ុ​កស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា នឹង​អសកម្ម ដោយសារ​បញ្ហា​ថវិកា​រដ្ឋាភិបាល​អាមេរិក​
27, Dec 2018 , 1:51 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ទូត​អាមេរិក​ប្រចាំ​កម្ពុជា នឹង​អសកម្ម​មួយរយៈ ដោយសារ​បញ្ហា​បែងចែក​ថវិកា​រដ្ឋាភិបាល​អាមេរិក​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ស្ថាន​ទូត​អាមេរិក​។​


 
​ស្ថានទូត​អាមេរិក បានសរសេរថា ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន នឹង​អាក់ខាន​បង្ហោះ​ព័ត៌មាន យ៉ាងសកម្ម​ដូច​មុន​ទៀតហើយ លើកលែង​ព័ត៌មាន​បន្ទាន់ ទាក់ទង​និង​សុវត្ថិភាព និង​សន្តិសុខ​ប៉ុណ្ណោះ​។ ស្ថានទូត​អាមេរិក​បាន​សរសេរ​ដូច្នេះ​ថា​៖«​ដោយសារ​មាន​បញ្ហា​នៅក្នុង​ការកំណត់​ការបែងចែក​ថវិកា​សម្រាប់​ចំណាយ​ក្នុង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក គណនី​នេះ​នឹង​មិនមាន​បង្ហោះ​ខ្លឹមសារ និង​រូបភាព​ថ្មីៗ​ទៀងទាត់​ទេ រហូត​ទាល់តែ​កិច្ចដំណើរការ​ការងារ​មាន​ភាព​ពេញលេញ​ឡើងវិញ ដោយ​លើកលែងតែ​ករណី​ព័ត៌មាន​បន្ទាន់​ទាក់ទង​នឹង​សុវត្ថិភាព និង​សន្តិសុខ​»​។​
 
​បើទោះជា​ទំព័រ​ហ្វេ​ស​ប៊ុ​ក​គ្មាន​សកម្មភាព​ដូច​មុន​ក្តី ប៉ុន្តែ​សេវា​ទាក់ទង​នឹង​លិខិតឆ្លងដែន និង​ទិដ្ឋាការ​ទាំងអស់​ដែល​បាន​កំណត់ពេល​រួចហើយ នៅ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ នឹង​បន្តធ្វើ​ដដែល​។ «​ចំពោះ​ព័ត៌មាន​ស្តីពី​សេវា និង​កិច្ចដំណើរការ​ការងារ​របស់​យើង សូម​ចូល​មើល​ក្នុង​គេហទំព័រ​ http://ow.ly/cQqm50k2bNo »​។ នេះ​បើតាម​ទូត​អាមេរិក​។​


 
​កញ្ចប់​ថវិកា​របស់រ​ដ្ឋា​ភិ​បាល​អាមេរិក មានការ​កំណត់​បែងចែក​សម្រាប់​ប្រើប្រាស់​នេះ គឺ​វា​មានការ​ពាក់ព័ន្ធ​នឹង​បំណង​របស់លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែល​ចង់​សាងសង់​ជញ្ជាំង​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ លោក ត្រាំ បាន​ទារ​ឲ្យ​សភា​បញ្ចូល​លុយ​៥​ពាន់​លាន​ដុល្លារ​ក្នុង​ច្បាប់​ថវិកា​ថ្មី ប៉ុន្តែ​សំណើត្រូវបាន​បដិសេធ​ដោយ​បណ្តាបក្សប្រជាធិបតេយ្យ និង​សមាជិក​បក្ស​សាធារណរដ្ឋ​មួយចំនួន​ផង​។​
 
​ដោយសារ​ការទាស់ទែង​ខ្វែងគំនិត​គ្នា​នេះហើយ ទើប​លោក ត្រាំ បដិសេធ​ចុះហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​ថវិកា​ ព្រោះតែ​លោក​មិនបាន​ទទួល​លុយ​សង់​ជញ្ជាំង​តាម​បំណង​។ ដោយសារ​គ្មាន​ការអនុម័ត​កញ្ចប់​ហិរញ្ញវត្ថុ​សម្រាប់​ចាយវាយ​នេះហើយ ទើប​វា​បណ្តា​ល​ឲ្យ​ក្រសួង និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​អាមេរិក​ជាច្រើន​ត្រូវ​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន​ដោយសារ​ខ្វះ​លុយ​។​
 
​តាម​លក្ខខណ្ឌ​បច្ចេកទេស ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកា​នៅ​ព្រឹទ្ធសភា វា​ចាំបាច់​មាន​សំឡេងគាំទ្រ ដល់​ទៅ ៦០ ។ បច្ចុប្បន្ន​បក្ស​សាធារណរដ្ឋ​ក្តោប​ក្តាប់​អាសនៈ​ភាគច្រើន ៥១​ក្នុង​ព្រឹទ្ធសភា ប៉ុន្តែ​គេ​នៅ​ត្រូវការ​សំឡេងគាំទ្រ​ប្រាំបួន​ទៀត​ពី​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ដើម្បី​បង្គ្រប់​សំឡេង​៕
 

Tag:
 អាមេរិក​
  ហ្វេ​ស​ប៊ុ​ក
© រក្សាសិទ្ធិដោយ thmeythmey.com