ជាតិ
សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល ស្នើ JICA សិក្សា​គម្រោង​រថភ្លើង​លើ​អាកាស ដល់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​
28, Dec 2018 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)  កំពុង​សិក្សា​គម្រោង​រថភ្លើង​លើ​អាកាស ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មក​កណ្ដាល​រាជធានី​។ លើសពីនេះ រដ្ឋាភិបាល​បានស្នើ​ឲ្យ JICA ពង្រីក​ការសិក្សា​គម្រោង​នេះ មកដល់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ស្របពេល​កម្ពុជា​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ។​


 
«​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ JICA កំពុងតែ​សិក្សា​គម្រោង​ផ្លូវ​រទេះភ្លើង​លើ​អាកាស (AGT) ខ្ញុំ​ក៏បាន​ស្នើ​ទៅ​ភាគី​ជប៉ុន​ជួយ​សិក្សា​បន្ត​មកដល់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ តែម្ដង​។ គេ​កំពុង​សិក្សា យើង​មិនទាន់​ដឹងថា តើ​ការសិក្សា​នោះ​អាច​ចប់សព្វគ្រប់ ឬ​បន្ត​មកដល់​កន្លែង​នេះ​ឬ​អត់​ទេ​?»​។ នេះ​ជា​ប្រសាសន៍​របស់លោក ស៊ុន ចាន់ថុល ដែល​បាន​ថ្លែងប្រាប់​អ្នកកាសែត​ក្នុង​ឱកាសលោក​ចូលរួម​ជិះ​កង់​អបអរសាទរ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ថ្ងៃទី​២៨​ខែធ្នូ​នេះ​។​
 
​គួររម្លឹកថា លោក ស៊ុន ចាន់ថុល ធ្លាប់​ប្រកាសថា ការសិក្សា​គម្រោង​រថភ្លើង​លើ​អាកាស​នេះ នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៨ ឬ​ឆ្នាំ​២០១៩ ដែល​គម្រោង​នេះ​ត្រូវបាន​ប៉ាន់​ស្មានថា​នឹងត្រូវ​ចំណាយ​មិនតិចជាង ៨០០​លាន​ដុល្លារ​។ ប៉ុន្តែ​ការប្រកាស​លើក​មុន គឺកំណត់​ការសិក្សា​ត្រឹម​ទីតាំង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មក​ម្ដុំ​ផ្សារ​ធំថ្មី ប្រវែង ១៨​គីឡូម៉ែត្រ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com