លោក ឯម សំអាន លោក ណៃ ប៉េណា ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន លោកវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ លោក អៀវ បណ្ណាការ អ្នកម្នាង អ៊ុក ផល្លា លោក ជាម ច័ន្ទនី និងលោក យូ បូ ជាដើម ស្ថិតក្នុងចំណោមបុគ្គលសំខាន់ៗ និងល្បីៗ ដែលបានទទួលមរណភាពក្នុងឆ្នាំ២០១៨។
សារព័ត៌មាន ThmeyThmey សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមដួងវិញ្ញាណក្ខន្ធឥស្សរជន អ្នកនយោបាយ អ្នកសិល្បៈ អ្នកកីឡា សង្គមស៊ីវិល ជនបរទេសដែលមានគុណបំណាច់ចំពោះប្រជាជាតិខ្មែរ ក៏ដូចជាជនរួមជាតិដែលបានធ្វើមរណកាល ឆ្ពោះទៅកាន់សុគតិភព។
ខាងក្រោមនេះ ជាសម្រង់ឈ្មោះបុគ្គលសំខាន់ៗ និងល្បីៗ មួយចំនួនដែលបានទទួលមរណភាពក្នុងឆ្នាំ២០១៨៖
០៥-មករា៖ លោក
សឹម សុន អតីតអតីតអភិបាលខេត្តសៀមរាប នៃគណបក្សហ្វ៊ុនស៊ិនប៉ិច បន្ទាប់មកបានទៅចូលរួមបង្កើតគណបក្សខ្មែររួបរួមជាតិ បានទទួលមរណភាព។
២៣-មករា៖ លោក
ស៊ាន ប៉េងសែ ស្ថាបនិកនិងជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង បានទទួលមរណភាព ដោយរោគាពាធក្នុងជន្មាយុ៨២ឆ្នាំ។
១៧-កុម្ភៈ៖ លោក ឯក វីរៈដេដ្ឋ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាកូនបង្កើតរបស់លោក ឯក សំអុល បានទទួលមរណភាព ក្នុងជន្មាយុ ៥២ឆ្នាំ ដោយរោគាពាធ។
២១-កុម្ភៈ៖ អ្នកឧកញ៉ា
ដួង ឈីវ អតីតប្រធានសមាគមខ្មែរ-ចិន និងជាអ្នកជំនួញដ៏ល្បីល្បាញម្នាក់នៅកម្ពុជា បានទទួលមរណភាពក្នុងអាយុ៧៧ឆ្នាំ ដោយរោគាពាធ។
២៤-កុម្ភៈ៖ លោក ឃុន ឈី ឧត្តមទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលមរណភាព ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។
២០-មីនា៖ តារាចម្រៀងស្រីរ៉ុកខេនរ៉ូល អ្នកស្រី
កាក់ ចន្ធី បានទទួលមរណភាពក្នុងអាយុ៣៨ឆ្នាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយតាមបណ្តោយផ្លូវម៉ៅសេទុង ។
២៤-មីនា៖ លោក
ឯម សំអាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ ។
៣០-មីនា៖ តារាកំប្លែងជើងចាស់ លោក
ម៉ៅ សាមឿន ហៅ វីតាមីនសេ បានទទួលមរណភាពក្នុងអាយុ៦៩ឆ្នាំក្រោយរស់នៅត្រាំត្រែងជាមួយជំងឺរ៉ាំរៃ ដុំសាច់ដុះលើថ្លើម និងជំងឺផ្សេងៗ អស់ជាច្រើនខែ។
១០-ឧសភា៖ លោក
អៀវ បណ្ណាការ អតីតសមាជិកព្រឹទ្ធសភា បានទទួលមរណភាពក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។
១៣-ឧសភា៖ លោក
រស់ សារិន អ្នកចម្រៀងបទជីវិតក្មេងវត្តបានទទួលមរណភាពក្នុងអាយុ៦៨ឆ្នាំ។ ជីវិតក្មេងវត្តជាស្នាដៃនិពន្ធរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។
០២-មិថុនា៖ អ្នកនិពន្ធជើងចាស់ អ្នកស្រី អ៊ុំ សុផានី បានទទួលមរណភាពក្នុងអាយុ៧២ឆ្នាំដោយសាររោគាពាធ។
១៧-មិថុនា៖ អ្នកម្នាង
អ៊ុក ផល្លា បានទទួលមរណភាពហើយ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាស្វាមី នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២៨-មិថុនា៖ កញ្ញាឌីជេ អាលីយ៉ា ឈ្មោះដើម កែវ អាលីយ៉ា បានទទួលមរណភាព ដោយសារជំងឺរលាកទងសួតរ៉ាំរ៉ៃ។
២៦-កក្កដា៖ សាស្ត្រាចារ្យបារាំង Pierre Andre Lablaude អ្នកជំនាញផ្នែកអភិរក្ស ដែលបានដើរតួនាទីយ៉ាងសំខាន់លើការដាក់រមណីយដ្ឋានអង្គរចូលបញ្ជីបេតិកភណ្ឌពិភពលោក បានទទួលមរណភាពក្នុងអាយុ៧១ឆ្នាំនៅក្នុង Versailles ប្រទេសបារាំង ដោយសារជំងឺគាំងបេះដូង។
២៩-កក្កដា៖ លោក ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាព ក្នុងជន្មាយុ ៦៦ឆ្នាំដោយរោគាពាធ។ លោក ស ថេង ជាប្អូនបង្កើតរបស់សម្ដេច ស ខេង។
០៨-សីហា៖ លោក
យូ បូ អ្នកនិពន្ធជើងចាស់ និងជាអ្នកដែលបានបង្កើតសមាគមអ្នកនិពន្ធខ្មែរឡើងវិញ ក្រោយពីសម័យខ្មែរក្រហម បានទទួលមរណភាពក្នុងអាយុ៧៦ឆ្នាំ ដោយរោគាពាធ។
០៣-កញ្ញា៖ លោក
ម៉ម ប៊ុនណារាយ តន្ត្រីករ និងជាកវី នាអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ បានទទួលមរណភាពក្នុងអាយុ៨៥ឆ្នាំ ដោយសារជរាពាធ។
០៩-កញ្ញា៖ ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោក
វេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុ ៧១ ឆ្នាំ នៅប្រទេសស្វ៊ីសដែលជាប្រទេសកំណើតរបស់លោក។
២៧-កញ្ញា៖ លោក
ឯម ចាន់សុផល គ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរជើងចាស់បានទទួលមរណភាពក្នុងអាយុ៦៧ឆ្នាំ ដោយសារជំងឺទឹកនោមផ្អែម និងរលាកសួត។
២៨-កញ្ញា៖ លោក អុន ឈន ទីប្រឹក្សារបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលមរណភាព ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។
២៩-កញ្ញា៖ លោក
នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា បានទទួលមរណភាព ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។
៧-តុលា៖ លោក ទេស ហ៊ាញ អតីតតំណាងរាស្ត្រខេត្តបាត់ដំបង បានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ។
២៣-តុលា៖ ឧត្តមសេនីយ៍ឯក
ជា ម៉ន អគ្គមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានទទួលមរណភាពដោយរោគាពាធ។
២៥-តុលា៖ លោក
ជាម ច័ន្ទនី អតីតតំណាងរាស្ត្រមណ្ឌលកំពង់ធំរបស់គណបក្សសង្គ្រោះជាតិ បានទទួលមរណភាពដោយសារជំងឺឈាមកកក្នុងបេះដូង និងមានដុះសាច់ក្នុងខួរក្បាល។
២៧-តុលា៖ លោកនូ យុទ្ធារិទ្ធ សាស្ត្រាចារ្យសាស្ត្រាចារ្យមហាវិទ្យាល័យសិល្បៈនាដសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាតារាសម្តែងបានទទួលមរណភាព ដោយជំងឺគាំងបេះដូងក្នុងអាយុ៥៦ឆ្នាំ ។
១៥-វិច្ឆិកា៖ ព្រឹទ្ធាចារ្យនាដភក្តីនិម្មិត អ៊ុំ សាមិត្ត អ្នកជំនាញផ្នែកល្ខោនបាសាក់បានទទួលមរណភាពហើយ ជន្មាយុ៨២ឆ្នាំ ដោយសាររោគាពាធ។
១៧-វិច្ឆិកា៖ លោកតា
ប្រាជ្ញ ឈួន ព្រឹទ្ធភិរម្យវោហាសាស្ត្រ ប្រាជ្ញ ឈួន បានមរណភាពក្នុងព្រះជន្ម៨២ឆ្នាំ។
២៦-វិច្ឆិកា៖ អ្នកស្រី អ៊ឹង រ៉ាមី សាស្ត្រាចារ្យនៅដេប៉ាតឺម៉ង់ភាសាបារាំងនៃវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរណភាពក្នុងអាយុ៥៣ឆ្នាំដោយសាររោគាពាធ។
២៧-វិច្ឆិកា៖ លោក
កេន ចាន់ថន អតីតប្រធាន និងជាស្ថាបនិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានទទួលមរណភាព ដោយសារខ្យល់គរក្នុងអាយុ៣៩ឆ្នាំ។
២៩-វិច្ឆិកា៖ លោក អន នាង នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ បានទទួលមរណភាព ក្នុងជន្មាយុ៦១ឆ្នាំ ដោយរោគាពាធ។
០៤-ធ្នូ៖ លោក
ព្រហ្ម ញាណវិចិត្រ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងអតីតទីប្រឹក្សារដ្ឋាភិបាល បានទទួលមរណភាព ក្នុងអាយុ៧៤ឆ្នាំ ដោយរោគាពាធ។
១៥-ធ្នូ៖ លោក ឡេង ស្រេង សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (Ecosocc) បានទទួលមរណភាពក្នុងអាយុ៤៦ឆ្នាំដោយរោគាពាធ ។
២០-ធ្នូ៖ លោក
និល សីហា គ្រូបង្វឹកគុនល្បុក្កតោវ័យ២៧ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បន្ទាប់ពីត្រឡប់មកពីអញ្ជើញសំបុត្រការមិត្តភក្តិ។
២០-ធ្នូ៖ លោកស្រី
សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន បានទទួលមរណភាពក្នុងអាយុ៥៦ឆ្នាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅភូមិសាស្ត្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
២៣-ធ្នូ៖ លោក អ៊ុំ យ៉ាត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងសៀមរាប បានទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយរោគាពាធ ។
២៣-ធ្នូ៖ លោក ឌី ភីន អតីតទីប្រឹក្សាសម្តេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភានៃកម្ពុជា បានទទួលមរណភាព ក្នុងជន្មាយុ៨៣ឆ្នាំ ដោយសាររោគាពាធ។
២៨-ធ្នូ៖ លោក ផន សូគីម អគ្គលេខាធិការរងព្រឹទ្ធសភា បានទទួលមរណភាព ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ៕