រថយន្ត
អន្តរជាតិ
រថយន្តប្រណីត Hypercar តម្លៃពីជាង២លានទៅ៣លានដុល្លារត្រៀមបង្អួតរាងនៅឆ្នាំ២០១៩
× យ៉ាងណាស់ក្រុមហ៊ុនផលិតយានយន្តចំនួន៤នៅលើពិភពលោក បានប្រកាសពីវត្តមានរថយន្តម៉ូដែលដ៏ប្រណីត (Hypercar) ដ៏ប្រណីតរបស់ខ្លួន សម្រាប់ឆ្នាំ២០១៩ ។
យោងតាមការផ្សាយរបស់ msn.com រថយន្តទាំងនោះ រួមមាន Aston Martin Valkyrie, McLaren Speedtail, Mercedes-AMG Project One និង Lamborghini LB48H។
១. Aston Martin Valkyrie
ព័ត៌មានទាក់ទងនឹង Aston Martin Valkyrie បានលេចឮឡើងតាំងពីឆ្នាំ២០១៧។ បច្ចុប្បន្ន ក្រុមហ៊ុនបានដំឡើងថាមពលម៉ាស៊ីន ដែលមានកម្លាំងរង្វិលជុំ១១ ០០០ PRM (Revolution per Minute) និងរត់បានល្បឿនជាង៤០០គីឡូម៉ែត្រក្នុង១ម៉ោង។ របាយការណ៍បង្ហាញថា រថយន្តនេះមានតម្លៃប្រមាណ ៣,២លានដុល្លារអាមេរិក។
២. McLaren Speedtail
រថយន្តមានតម្លៃក្នុងរង្វង់ ២,៤លានដុល្លារអាមេរិក។ ការរចនាលើ Speedtail គឺដើម្បីជំនួសឲ្យម៉ូដែល McLaren P1 តាមរយៈការដំឡើងកម្លាំងសេះពី៩០៣ hp ទៅ១០៣៥ hp។ វាអាចរត់បានល្បឿនជាង៤០០គីឡូម៉ែត្រក្នុង១ម៉ោងផងដែរ ដោយក្រុមហ៊ុនគ្រោងបង្ហាញនៅឆ្នាំ២០១៩ ឬអាចឈានដល់ឆ្នាំ២០២០។
៣. Mercedes-AMG Project One
នាព្រឹត្តិការណ៍ International Motor Show ឆ្នាំ២០១៧នៅប្រទេសអាល្លឺម៉ង់ Mecedes-AMG Project One បានធ្វើឲ្យគេចាំទុកក្នុងចិត្ត។ រថយន្តប្រភេទកូនកាត់នេះ ត្រូវបានរាយការណ៍ថា នឹងដាក់លក់ក្នុងតម្លៃប្រមាណ២,៧២លានដុល្លារអាមេរិក ដោយមានកម្លាំងសេះជាង១០០០ hp និងរត់បានល្បឿនប្រមាណ៣៥០គីឡូម៉ែត្រក្នុង១ម៉ោង។
៤. Lamborghini LB48H
ថ្វីត្បិតក្រុមហ៊ុនមិនទាន់ប្រកាសដាក់លក់ក៏ដោយ តែគេរំពឹងថា ម៉ូដែល LB48H នេះ មានតម្លៃប្រមាណ២,៥លានដុល្លារអាមេរិក ហើយនឹងបង្ហាញវត្តមាននៅលើផ្លូវថ្នល់នាឆ្នាំ២០១៩។ អ្វីដែលអ្នកជំនាញខាងរថយន្តបានដឹងនោះ Lamborghini LB48H ជាប្រភេទរថយន្តកូនកាត់ V12 ដ៏ប្រណីត៕
© រក្សាសិទ្ធិដោយ thmeythmey.com