ជាតិ
សង្គមជាតិ
២០១៩៖ រាជការ​, ប៉ូលិស​, ទាហាន​, គ្រូបង្រៀន​, ពេទ្យ​, កម្មករ កើន​ប្រាក់ខែ​ទាំងអស់គ្នា​
02, Jan 2019 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មន្ត្រីរាជការ នគរបាល ទាហាន គ្រូបង្រៀន និង គ្រូពេទ្យ ត្រូវបាន​រាជរដ្ឋាភិបាល ដំឡើង​ប្រាក់បៀវត្សរ៍​ប្រចាំខែ​បន្ថែមទៀត ចាប់ពី​ខែមករា ឆ្នាំ​២០១៩​នេះ​តទៅ​។ នេះ​បើតាម​អនុក្រឹត្យ​ស្តីពី​សេ​ក្តី​ព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៩​។

 

 
​បើតាម​ការសម្រេច​រប​ស់​រដ្ឋាភិបាល ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ​ស៊ីវិល កើន​ពី​១.០១៤.៤៥០​រៀល ដល់ ១.០៧០.១០០​រៀល នៅ​ខែមករា ឆ្នាំ​២០១៩ ហើយនឹង​បន្ត​កើនឡើង​ល់ ១.១០០.១០០​រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៩​។ ចំណែក​មន្ត្រីរាជការ ដែល​បាន​ជាប់កិច្ចសន្យា តាម​ក្រសួង​និង​ស្ថាប័ន នឹង​ទទួលបាន​៦៥​ម៉ឺន​រៀល​ក្នុង​មួយខែ ដែល​ពីមុន​ត្រឹម​៦០​ម៉ឺន​រៀល​។  
 
​សម្រាប់​ប្រាក់ខែ​របស់​គ្រូបង្រៀន​និង​គ្រូពេទ្យ ត្រូវ​ដំឡើង​ពី ១,១១៤.៤៥០​រៀល ដល់ ១.១៧០.១០០​រៀល នៅ​ខែមករា ឆ្នាំ​២០១៩ ហើយនឹង​ត្រូវ​ដំឡើង​ដល់ ១.២០០.១០០​រៀល នៅ​ខែមេសា ឆ្នាំ​២០១៩​។ 
 
​ចំពោះ​ប្រាក់ខែ​ទាហាន (​ពលទោ​) ដែល​ពីមុន​ត្រឹម ៩៧៦.៥៥០​រៀល ត្រូវ​បន្ថែម​ដល់ ១.០២៥.៩០០ រៀល នៅ​ខែមករា ឆ្នាំ​២០១៩ ហើយនឹង​ត្រូវ​បន្ថែម​ដល់ ១.០៥៥.៩០០​រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៩​។ ហើយ​ប្រាក់ខែ​របស់​នគរបាល (​ពលបាលត្រី​) ត្រូវ​ដំឡើង​បន្ថែម​ពី ១.០៩៨.៩២៧​រៀល ដល់​១.១៥៤.៥៧៧​រៀល នៅ​ខែមករា ឆ្នាំ​២០១៩ ហើយនឹង​ត្រូវ​ដំឡើង​ដល់ ១.១៨៤.៥៧៧​រៀល នៅ​ខែមេសា ឆ្នាំ​២០១៩​។​
 
​ដោយឡែក គណៈកម្មការ​ប្រឹក្សា​ការងារ បានកំណត់​ប្រាក់ខែ​ឲ្យ​កម្មករ​-​កម្មការិនី​១៨២​ដុល្លារ​ក្នុង​មួយខែ សម្រាប់​ឆ្នាំ​២០១៩​។ ក្នុង​ឆ្នាំ​២០១៨ ប្រាក់ខែ​កម្មករ​-​កម្មការិនី គឺ​១៧៥​ដុល្លារ​។ 
 
​ជាមួយគ្នានេះ​ផងដែរ រាជរដ្ឋាភិបាល គ្រោង​ចំណាយ​ថវិកា​៥០​ប៊ី​លាន​រៀល ដើម្បី​រៀបចំ​ជា​មូលនិធិ​ថែទាំ​សុខភាព​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមទាំង​បុគ្គលិក​បម្រើការ​ងារ​នៅ​ក្រសួងសុខាភិបាល​។  ថវិកា​មួយចំនួនទៀត នឹង​ឧបត្ថម្ភ​ជូន​មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ ដែលជា​ស្ត្រី និង​មួយផ្នែក​ទៀត​ជា​ប្រាក់ឧបត្ថម្ភ​សម្រាប់​មន្ត្រីរាជការ​ណា ដែល​បាន​ស្លាប់ ខណៈ​កំពុង​បំពេញបេសកកម្ម ឬ​គ្រោះថ្នាក់​ការងារ​។   
 
​លើសពីនេះ ថវិកា​ចំនួន​៦​ប៊ី​លាន​រៀល​ទៀត រាជរដ្ឋាភិបាល នឹង​ទ្រទ្រង់​លើ​របប​សន្តិសុខ​សង្គម​ផ្នែក​ការពារ​សុខ​សុវត្ថិភាព​សម្រាប់​មន្ត្រី​សាធារណៈ ដែល​ស្ថិតនៅក្នុង​កញ្ចប់​ថវិកា​របស់​ក្រសួងសុខាភិបាល​៕

Tag:
 ​ប្រាក់ខែ​
 ​រាជការ​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com