ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គង់ គាំ លែង​ទុក​លោក សម រង្ស៊ី ជា​មិត្ត​
02, Jan 2019 , 6:05 pm        
រូបភាព
​លោក គង់ គាំ និង លោក សម រង្ស៊ី ដែល​ធ្លាប់​រួមរស់​ជាមួយគ្នា​រាប់​ទសវត្សរ៍ ដើម្បី​ប្រឆាំងនឹង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ក្លាយជា​អ្នកដទៃ​ទៅវិញ ដែល​មនុស្ស​មួយចំនួន​ស្ទើរតែ​មិន​ជឿ​។ ហើយ​មកដល់ពេលនេះ សម្តី​វាយប្រហារ​រវាង​អ្នក​ទាំងពីរ​កាន់តែ​ក្តៅគគុក​។​

 
​ឈានដល់​កាលៈទេសៈ​នេះ លោក គង់ គាំ លែង​និយាយ​បញ្ឆិតបញ្ឆៀង​ទៀតហើយ ដោយ​លោក ប្រកាស​ចំៗ​តែម្តង ពី​ការផ្តាច់​មិត្តភាព​ជាមួយ​លោក សម រង្ស៊ី​។ លោក ថែមទាំង​អះអាងថា លោក រង់ចាំ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី ដើម្បី​ធ្វើ​នយោបាយ​តទល់​គ្នា​។ 
 
​លោក គង់ គាំ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​រង់ចាំ​ជួបគ្នា​នៅ​សមរភូមិ​នយោបាយ​ថ្មី ដែល​លែង​ជា​មិត្ត​ជិតស្និទ្ធ ប៉ុន្តែ​ជា​គូប​ដិ​បក្ស​ដ៏​ខ្លាំងក្លា​នឹកស្មាន​មិន​ដល់​ឡើយ​»​។ 
 
​សារ​របស់លោក គង់ គាំ នៅ​បង្កប់ន័យ​ផ្សេងទៀត ដែលមាន​លក្ខណៈ​ឌឺដង​ឲ្យ​លោក សម រង្ស៊ី​។ លោក​បាន​សរសេរ​ចំអក​បែបនេះ​ថា​៖«​សមាសភាព​របស់ CNRP លេចធ្លោ​នៅតាម​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ បាននិងកំពុង​រង់ចាំ​ការចូល​ស្រុក​របស់​ប្រធានស្តីទី​រួចហើយ​។ សូមអ្នក​ក្លាហាន​ប្រវត្តិសាស្ត្រ កុំ​ក្រឡាស់សម្តី​។ ឆ្លង​ឆ្នាំ​ថ្មី​ មិន​ចូល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ តម្លៃ​ក្លាហាន កាន់តែ​ចុះខ្សោយ​ទៅៗ រហូត​មានឈ្មោះ​ជា​មេដឹកនាំ​នយោបាយ​កុហក បោកប្រាស់ គ្មាន​គូប្រៀប​ក្នុង​ប្រវត្តិសាស្ត្រ​»​។​
 
​ចំណែក​លោក គង់ បូរ៉ា កូនប្រុស​ច្បង​របស់លោក គង់ គាំ ក៏​មិន​នៅ​ស្ងៀម​ដែរ​។ លោក បានរួម​ជាមួយ​ឪពុក ​ឆ្លើយតប​នឹង​លោក សម រង្ស៊ី ដែល​ចោទ​លោក និង ឪពុក ដោយ​ប្រយោល ថា​ជា​ជន​ក្បត់បក្ស​។ 
 
​លោក គង់ បូរ៉ា បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖«​ម៉េច​ក៏ត្រូវ​ក្បត់ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រលាយ​ហើយ​? បើ​ក្បត់​ប្រធានស្តីទី​ប្រហាក់ប្រហែល​ត្រឹមត្រូវ​ជាង ព្រោះ​ខ្ញុំ​មិនបាន​គាំទ្រ​មែន​»​។​
 
​ចំណុច​ចាប់ផ្តើម ដែល​នាំ​ឲ្យ​មិត្តភាព​រវាង​លោក គង់ គាំ និង លោក សម រង្ស៊ី ឈានដល់​ការ​ប្រេះឆា គឺ​នៅពេល​លោក សម រង្ស៊ី យក​ករណី​លោក កឹម សុខា ទៅធ្វើជា​ល្បែងភ្នាល់​គ្នា​ជាមួយ​សម្តេច ហ៊ុន សែន​។ លោក គង់ គាំ មិន​ពេញចិត្ត​សោះឡើយ​ចំពោះ​ទង្វើ​បែបនេះ ដោយ​ចាត់ទុកថា វា​ជាការ​រំលោភ​លើ​សេរីភាព​របស់លោក កឹម សុខា​។​
 
​ចាប់តាំងពី​ពេលនោះ​មក គេ​ក៏​សង្កេតឃើញ​លោក គង់ គាំ ចាប់ផ្តើម​ប្រឆាំងនឹង​អ្វីដែល​លោក សម រង្ស៊ី និយាយ​។ បន្ទាប់មកទៀត លោក គង់ គាំ ក៏​ចាប់​ផ្តើមនិយាយ និង​ធ្វើ​អ្វីដែល​ផ្ទុយ​ពី​លោក សម រង្ស៊ី ។  
 
​ជាពិសេស​នៅពេល​លោក សម រង្ស៊ី ឡើងកាន់តំណែង​ជា​ប្រធានស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ គាំ បាន​ប្រឆាំង​រឹតតែ​ខ្លាំង​។ 
 
​ដំណាក់កាល​ចុងក្រោយ​នេះ លោក គង់ គាំ និង លោក គង់ បូរ៉ា ក៏បាន​ប្រតិកម្ម​ខ្លាំងៗ​ដែរ ក្រោយ​ឮ​លោក សម រង្សី និយាយថា បើ​អ្នកណា​បន្ទាបខ្លួន​ទៅសុំ​សិទ្ធិ​នយោបាយ​ពី​រដ្ឋាភិបាល អ្នកនោះ គឺជា​ជន​ក្បត់បក្ស​។ លោក គង់ គាំ និង​កូនប្រុស បានប្រកាស​រួចហើយ​ថា នឹងធ្វើ​សំណើ​ទៅ​រដ្ឋាភិបាល ដើម្បី​សុំ​សិទ្ធិ​ចូលធ្វើ​នយោបាយ​វិញ  ដែលជា​ទង្វើ​មួយ​បញ្ច្រាស​ពី​បំណង​របស់លោក សម រង្ស៊ី​។ 
 
​លោក សម រង្ស៊ី ប្រឹង​អំពាវនាវ​ជា​ញឹកញាប់​ទៅ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​នាក់ (​សល់​១១៧​នាក់ ព្រោះ​ទទួលមរណភាព​ម្នាក់​) ឲ្យ​បន្ត​រួមគ្នា​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាមុនសិន ហើយ​ចាំ​គិតពី​រឿង​ទទួល​សិទ្ធិ​នយោបាយ​តាម​ក្រោយ​។ 
 
​ទំនងជា​ខឹង​លោក គង់ គាំ និង លោក គង់ បូរ៉ា ដែល​ប្រកាស​សុំ​សិទ្ធិ​នយោបាយ លោក សម រង្ស៊ី ក៏​ប្រើពាក្យ​ថា មាន​មនុស្ស​ក្បត់​តែ​២​នាក់​ទេ ក្នុងចំណោម​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​១១៧​នាក់​។ ទោះ​មិន​និយាយ​ចំឈ្មោះ​ក្តី តែ​លោក សម រង្ស៊ី មិន​សំដៅទៅ​អ្នកណា​ផ្សេង ក្រៅពី​លោក គង់ គាំ និង កូនប្រុស​នោះទេ​។ 
 
«​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​១១៥​នាក់ លើ​១១៧​នាក់ ដែល​ត្រូវបាន​គេ​ដកសិទ្ធិ​ធ្វើ​នយោបាយ មិន​ចាញ់បោក ឬ​មិន​លក់ខ្លួន​ឲ្យ​លោក ហ៊ុន សែន ទេ លើកលែងតែ​មនុស្ស​ថោកទាប ល្ងង់​មើល​ខ្លី តែ​២​នាក់​ប៉ុណ្ណោះ​»​។ នេះ​ជា​សារ​ដែល​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។ 
 
​ក្រោយ​មាន​ជម្លោះ​ជាមួយ​លោក សម រង្ស៊ី លោក គង់ គាំ ក៏ត្រូវ​បាន​គេ​សង្ស័យថា លោក ជា​រនុកក្នុង​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ លោក​ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក មិនមែនជា​រនុកក្នុង​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិនដែល​ចាត់ទុក​លោក ជាស​ត្រូវ​ដែរ​។ 
 
​ទោះជា​លោក គង់ គាំ និង លោក សម រង្ស៊ី បង្ហាញ​ពី​ការ​ទាស់​គ្នា​យ៉ាងនេះ​ក្តី តែមាន​សាធារណៈមតិ​ខ្លះ នៅតែ​មិន​ជឿ ហើយ​អាច​នឹង​លួច​គិតថា នេះ​ជា​យុទ្ធសាស្ត្រ​របស់​ពួកលោក​ទាំងពីរ​។ យ៉ាងណា​ក៏ដោយចុះ ឈ្លោះ​គ្នា​មែនទែន​ឬក៏​ជា​យុទ្ធសាស្ត្រ​នយោបាយ គឺមាន​តែ​ពេល​លោក សម រង្ស៊ី វិល​មក​កម្ពុជា​វិញ​ប៉ុណ្ណោះ ទើប​គេ​អាច​ដឹង​ច្បាស់​៕ 

Tag:
 គង់ គាំ​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com