កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer មិន​ចង់​ចេញពី Man Utd ក្រោយ​ជាប់​កំណត់ត្រា​ឈ្នះទាំង​៤​ប្រកួត​ដំបូង​
03, Jan 2019 , 10:45 am        
រូបភាព
Ole Gunnar Solskjaer បាន​ក្លាយជា​អ្នកចាត់ការ​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​បន្ទាប់ពី​លោក Matt Busby ដែល​ដឹកនាំ Manchester United ឈ្នះ​៤​ប្រកួត​ដំបូង​ជាប់​គ្នា ។ ក្រោម​ការដឹកនាំ​របស់ Solskjaer បានធ្វើ​ឲ្យ​ក្រុម​រហស្ស​នាម​បិសាច​ក្រហម​មួយ​នេះ ទទួលបាន​ជ័យជម្នះ​លើ​ក្រុម Newcastle United ២-០ នៅ​រាត្រី​ថ្ងៃទី​២ ខែមករា ក្នុងការ​ប្រកួត​ក្របខណ្ឌ Premier League​។ Solskjaer ក៏បាន​សារភាពថា លោក​ពិតជា​មិន​ចង់​ចាក​ចេញពី​ក្លិប​នៅពេល​បញ្ចប់​រដូវ​កាល​នេះឡើយ​។​


 
Solskjaer បានតែងតាំង​ជា​អ្នកចាត់ការ​បណ្ដោះអាសន្ន​របស់​បិសាច​ក្រហម​ជំនួស​លោក Jose Mourinho ដែល​ត្រូវ​បានបញ្ចប់​តំណែង ដោយ​ទទួលខុសត្រូវ​ដឹកនាំ​ក្រុម​រហូតដល់​ចុងបញ្ចប់​នៃ​រដូវ​កាល ២០១៨-២០១៩ នេះ​។ អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​សរូប​នេះ នឹង​វិលត្រឡប់​ទៅ​ដឹកនាំ​ក្លិប​ចាស់​របស់លោក​វិញ​គឺ​ក្រុម Molde FK នៃ​លី​គ​បាល់ទាត់​ក្នុងប្រទេស​ន័​រ​វែ​ស​។​
 
​នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់​ក្លិប Man United មានតែ​វីរបុរស​លោក Busby ទេ​ដែល​អាច​នាំ​ក្រុម​នេះ​ឈ្នះ​៤​ប្រកួត​ដំបូង​បាន កាលពី​អំឡុង​ឆ្នាំ​១៩៤៦​។ Matt Busby មាន​សញ្ជាតិ​ស្កុ​តឡែ​ន ហើយ​លោក​បានទទួល​មរណភាព​តាំងពី​ឆ្នាំ​១៩៩៤​មក​ម្លេះ​។​


 
៧២​ឆ្នាំក្រោយ​លោក Solskjaer ក៏​អាចធ្វើ​ដូច្នេះ​បានដែរ តាមរយៈ​ការ​សុទ្ធ​បាល់​បញ្ចូល​ទី​២​គ្រាប់​ពី​សំណាក់​ខ្សែប្រយុទ្ធ Romelu Lukaku និង Marcus Rashford ដោយ​ជួយ Man Utd ឈ្នះ Newcastle ២-០ និង​ជាការ​ឈ្នះ​៤​លើក​ជាប់​គ្នា​ផង​។ សមិទ្ធផល​នេះ​បានធ្វើ​ឲ្យ​លោក​មិន​ចង់​ចាកចេញ​ទៅណា​ពី Man Utd ឡើយ​។​


 
Solskjaer បាន​និយាយ​នៅពេល​សួរ​អំពី​អនាគត​របស់លោក​នៅក្រោយ​ពេល​បញ្ចប់​រដូវ​កាល​នេះ​ថា​៖ «​ខ្ញុំ​មិន​ចង់​ចាកចេញ​ទេ​។ នេះ​ជា​ក្រុម​ដែលមាន​កីឡាករ​ដ៏​អស្ចារ្យ​បរិយាកាស​នៅទីនេះ​ល្អ​ណាស់ ប៉ុន្តែ​យើង​នៅមាន​ការប្រកួត​បន្ទាប់​ទៀត ហើយ​ប្រកួត​បន្ទាប់​នោះ​ខ្ញុំ​នឹងធ្វើ​ការងារ​របស់ខ្ញុំ​ឲ្យ​បានល្អ​ក្នុង​រយៈពេល​យូរ​ទៅមុខទៀត​ដរាបណា​ខ្ញុំ​នៅទីនេះ​»​។​


 
៤​ប្រកួត​ក្រោម​ការដឹកនាំ​របស់ Solskjaer ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យកាល​បានទទួល​ជ័យជម្នះ​លើ​ក្រុម Cardiff City ៥-១, ឈ្នះ Huddersfield Town ៣-១, ស៊ី Bournemouth ៤-១, និង ឈ្នះ Newcastle ២-០ និង​ជួយ​ក្រុម​ឈរ​ចំណាត់ថ្នាក់​ទី​៦​ក្នុង​តារាង តាម​ពីក្រោយ​ក្រុម​លេខ​៤ Chelsea ៦​ពិន្ទុ​។​
 
​ជំនួប​បន្ទាប់ Man Utd ត្រូវធ្វើ​ដំណើរ​ទៅ​ជួប Tottenham នៅ​កីឡដ្ឋាន Wembley ក្នុង​ក្របខណ្ឌ Premier League សប្តាហ៍​ទី​២២ នា​ថ្ងៃទី​១៣ ខែមករា​៕

Tag:
 បាល់ទាត់​
  Ole Gunnar Solskjaer
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com