ជាតិ
លោក ហង់ ជួន ណា​រ៉ុ​ន ៖ បើ​យើង​មិនចេះ​ប្រវត្តិសាស្ត្រ នោះ​កំហុស​ប្រវត្តិសាស្ត្រ​អាច​កើតឡើង​វិញ
03, Jan 2019 , 3:28 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
រូបពីហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន ប្រាប់​គរុ​សិស្ស និង​គរុ​និស្សិត ពី​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ ដើម្បី​ជា​ចំណេះដឹង​បន្ថែមទៀត សម្រាប់​ពួកគេ​ក្នុងការ​ចូលរួម​ការពា​រ និង​អភិវឌ្ឍន៍​ប្រទេសជាតិ ដោយ​មិន​ឲ្យ​កំហុស​ក្នុង​ប្រវត្តិសាស្ត្រ​កើតឡើង​ជាថ្មី​ឡើយ​។

 
«​បើ​យើង​មិនដឹង​ប្រវត្តិសាស្ត្រ មិនចេះ​ប្រវត្តិសាស្ត្រ នោះ​ប្រវត្តិសាស្ត្រ​នឹង​កើត​ឡើងវិញ គ្រាន់តែ​កើតឡើង​ដដែល ឬ​របៀប​ផ្សេង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហង់ ជួន ណា​រ៉ុ​ន ដែល​ជំរុញ​ឲ្យ​សាស្ត្រាចារ្យ គរុ​និស្សិត និង​តំណាង​សាកលវិទ្យាល័យ ជួយ​បញ្ជៀប​មេរៀន​ប្រវត្តិសាស្ត្រ ដល់​យុវជន​ជំនាន់​ក្រោយ ដើម្បី​ឲ្យ​ពួកគេ​បាន​យល់ដឹង​ពី​កំហុសឆ្គង​ប្រវត្តិសាស្ត្រ ដោយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​បញ្ហា​នោះ​កើតឡើង​ជាថ្មី​។​

សូមស្តាប់សំឡេង៖


 
 
​ថ្លែង​នៅក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​គោលដៅ​បង្កើន​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា បញ្ចៀស​កំហុស ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ជឿនលឿន នៅ​ព្រឹក​ថ្ងៃទី​៣ មករា រដ្ឋមន្ត្រីក្រសួង​អប់រំ​រូបនេះ បានលើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រដ្ឋា​ភិ​បាល ដែល​បាន​រំដោះប្រទេស​ចេញពី​សង្គ្រាម​រយៈពេល​៤០​ឆ្នាំ​មកនេះ​។ ត្រង់ចំណុច​នេះ​លោក ជួន ណា​រ៉ុ​ន ទទួលស្គាល់ថា ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា នៅមាន​ភាពយឺតយ៉ាវ​នៅឡើយ បើ​ធៀប​ទៅនឹង​ប្រទេស​មួយចំនួន នៅក្នុង​តំបន់​អាស៊ាន ដែល​ត្រូវការ​ធនធានមនុស្ស​មា​ន​គុណភាព​ចូលរួម​ដំណើរការ​អភិវឌ្ឍ​នេះ​។​
 
«​គ្មាន​ការអភិវឌ្ឍ​ណា អាច​កើតឡើង​បាន​ដោយ​គ្មាន​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ឡើយ ហើយក៏​គ្មាន​ភាព​រីកចម្រើន​ណាមួយ ដែល​បានមក ដោយ​គ្មាន​សាមគ្គីភាព និង​ការប្រឹងប្រែង​ទាំងអស់គ្នា​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង់ ជួន ណា​រ៉ុ​ន​។​
 
​ដើម្បី​ឲ្យ​ធនធានមនុស្ស​នៅ​កម្ពុជា សម្បូរ​ទៅដោយ​មនុស្ស​មានគុណ​ភាព​នោះ ក្រសួង​អប់រំ នឹង​កំណែទម្រង់​គុណភាព​អប់រំ នៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​បន្ថែមទៀត បន្ទាប់ពី​ដំណើរការ​កំណែទម្រង់​នៅ​ថ្នាក់មធ្យមសិក្សា​។ បន្ថែម​ពីនេះ​ក្រសួង​អប់រំ ក៏​នឹង​បណ្ដុះបណ្ដាល​គ្រូ​ឲ្យ​មាន​គុណភាព​ខ្ពស់ មុននឹង​អនុញ្ញាត​ឲ្យ​ពួកគាត់​ចេញ​បង្រៀន​ផងដែរ​។ នេះ​បើតាម​រដ្ឋមន្ត្រី​អប់រំ​៕
 

Tag:
 ​ហង់ ជួន ណា​រ៉ុ​ន​
  អប់រំ​
  ប្រវត្តិសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com