ជាតិ
សេដ្ឋកិច្ច
NBC៖ កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច ៧,៣​ភាគរយ​ឆ្នាំ​២០១៨ តែ​ប្រឈម​បញ្ហា​ក្នុង និង​ក្រៅប្រទេស​
03, Jan 2019 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​ភាពរឹងមាំ ទោះបី​បាន​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន​ក្ដី​។ ជាមួយគ្នានេះ​សេដ្ឋកិច្ចកម្ពុជា ត្រូវបាន​ប៉ាន់​ស្មានថា​មាន​កំណើន ៧,៣​ភាគរយ​នៅ​ឆ្នាំ​២០១៨ ហើយ​កំណើន​នេះ​នៅតែ​បន្ត​រឹងមាំ​ក្នុង​រង្វង់ ៧​ភាគរយ​នៅ​ឆ្នាំ​២០១៩​នេះ​។ នេះ​បើតាម​របាយការណ៍​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ​២០១៨ និង​ទស្សនវិស័យ​ឆ្នាំំ​២០១៩ ដែល​ចេញផ្សាយ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) នៅ​ថ្ងៃទី​២​ខែមករា​។


 
​កំណើន​ខ្លាំងក្លា​នេះ ត្រូវបាន​គាំទ្រ​ដោយ​ការនាំចេញ​ផលិតផល​ទៅ​ទីផ្សារ​អន្តរជាតិ​។ ការនាំចេញ​របស់​កម្ពុ​ជា​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​ផលិតផល​កាត់ដេរ ត្រូវបាន​ប៉ាន់​ស្មានថា​កើនឡើង ២៤,៧​ភាគរយ អង្ករ ២៣​ភាគរយ កង់ ១២​ភាគរយ គ្រឿងបន្លាស់​កើនឡើង ៣​ដង​។  ទេសចរ​កើនឡើង ១១,៥​ភាគរយ ដែល​ឈានដល់​ចំនួន ៦,២​លាន​នាក់​នៅ​ឆ្នាំ​២០១៨​។ 
 
​កម្រិត​ថ្លៃ និង​អត្រា​ប្ដូរប្រាក់​រក្សាបាន​ស្ថិរភាព​ល្អប្រសើ​។ អត្រា​អតិផរណា​បន្ត​មាន​កម្រិត​ទាប​ប្រមាណ ២,៥​ភាគរយ ទាប​ជាង ២,៩​ភាគរយ​នៅ​ឆ្នាំ​២០១៧ ។​
​ទន្ទឹមនឹង​វាយតម្លៃ​ពី​ភាពស្វាហាប​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា NBC បានបង្ហាញ​ហានិភ័យ​មួយចំនួន​ផងដែរ​។ ការឡើង​ថ្លៃ​លុយ​ដុល្លារ​អាមេរិក ការ​ប្រឈម​លទ្ធភាព​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA  និង​ប្រឈម​ការប្រកួតប្រជែង​កាន់តែខ្លាំង​ជាង​មុន ដោយសារ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ក្នុង​តំបន់​មួយចំនួន​។​
 
​ក្រៅពី​ហានិភ័យ​ក្រៅប្រទេស កម្ពុជា​នៅ​បន្ត​ប្រឈម​បញ្ហា​មួយចំនួន ទាក់ទង​នឹង​ថ្លៃដើម​ផលិត​ខ្ពស់ និង​ការកើនឡើង​ល្បឿន​វិស័យ​សំណង់ និង​អចលនទ្រព្យ ដែល​អាចជា​ហានិភ័យ​សម្រាប់​វិស័យ​ធនាគារ​៕
 

Tag:
 កំណើនសេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com