ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! កាត់បន្ថយ​ជាតិ​ខ្លាញ់​មិនល្អ​ក្នុង​ឈាម ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​ទាំងនេះ​
05, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​ធ្លាប់​បានឮ​អំពី​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ និង​មិនល្អ​រួចមកហើយ​។ ជាធម្មតា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​អាច​បង្ក​ផលប៉ះពាល់​ដល់​សរសៃឈាម ដោយ​ធ្វើឱ្យ​ប្រែជា​ឡើង​រឹង និង​រួម​តូច ខណៈដែល​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អប្រសើរ​សម្រាប់​សុខភាព ដោយ​វា​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម​។ ប៉ុន្តែ​ថា​តើ​អ្វី​ជា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​? តាមពិតទៅ​វា​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា ជាតិ​ខ្លាញ់​មិនល្អ​ទ្រី​គ្លី​សេរី​ដ (triglycerides) ប្រភេទ​នៃ​ជាតិ​ខ្លាញ់​ក្នុង​ចរន្តឈាម​។ កាលណា​កម្រិត​នៃ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឡើង​ខ្ពស់ វា​ក៏​មិន​ខុសពី​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែរ គឺ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរឱ្យ​ព្រួយបារម្ភ​។  ទោះជា​យ៉ាងណា ជម្រើស​នៃ​ការទទួល​ទាន​អាហារ​បាន​ត្រឹមត្រូវ​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​មិនល្អ​ក្នុង​ឈាម​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វីខ្លះ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ប្រភេទ​នៃ​អាហារ​ដែល​អ្នក​គួរ​ទទួលទាន ដើម្បី​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម ៖
 
១. បន្លែ​បៃតង​
 
​ការរួមបញ្ចូល​បន្លែ​បៃតង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ជា​វិធី​ដ៏​ប្រសើរ និង​ងាយ​បំផុត ប្រសិនបើ​អ្នក​ចង់​កាត់បន្ថយ​ជាតិ​ខ្លាញ់ triglycerides ក្នុង​ឈាម​។ នោះ​ក៏​ព្រោះតែ​បន្លែ​បៃតង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​ដែល​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​មិនល្អ​ចេញពី​រាងកាយ ក៏ដូចជា​សរសៃឈាម​។ លើសពីនេះទៅទៀត បន្លែ​បៃតង​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ alpha-lipolic acid ដែល​អាចជួយ​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​ខ្លាញ់ triglyceride ក្នុង​ចរន្តឈាម​បាន​ដល់​ទៅ ៦០ ភាគរយ​ឯណោះ​។ ក្រៅពី​បន្លែ​បៃតង​ហើយ​នោះ សារធាតុ alpha-lipolic acid ក៏មាន​ផ្ទុក​នៅក្នុង​ផ្លែក្រូច​, ទំពាំងបាយជូរ​, ប្ល៊ូ​បឺ​រី​, ក្រូចឆ្មារ និង​ប៉េងប៉ោះ​ផងដែរ​។​
 
២. សណ្ដែក​
 
​អ្នកជំនាញ​ជាច្រើន​បាន​ណែ​នាំឱ្យ​ទទួលទាន​សណ្ដែក នោះ​ក៏​ព្រោះតែ​ប្រភេទ​នៃ​សណ្ដែក​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ខ្លាញ់ triglyceride​។​
 
៣. ត្រី​សាល​ម៉ុ​ន​
 
​ត្រី​សាល​ម៉ុ​ន មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​ល្អ​អូ​មេ​ហ្គា ៣ ជួយ​កាត់បន្ថយ​ម៉ូលេគុល​ជាតិ​ខ្លាញ់ triglyceride ដែល​លើស​ចេញពី​ក្នុង​រាងកាយ​។ ក្រៅពី​ត្រី​សាល​ម៉ុ​ន អ្នក​ក៏​អាច​ទទួលបាន​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា ៣ ពី​ប្រភេទ​ត្រី​សម្បូរ​ខ្លាញ់​ផ្សេងទៀត​ដូចជា ត្រី​សា​ឌី​ន​, ត្រី​ធូ​ណា​, ត្រី mackerel និង​ត្រី trout​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ក៏មាន​ផ្ទុក​នៅក្នុង​គ្រាប់​ធញ្ញជាតិ និង​ប្រេង​អូ​លីវ​ផងដែរ​។​
 
៤. នំ​បុ័ង​ស្រូវ​សាឡី​សុទ្ធ​
 
​នំ​បុ័ង​ផ្សំ​ឡើង​ពី​ស្រូវ​សាឡី​សុទ្ធ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់ triglycerides ក្នុង​ឈាម​គួរឱ្យកត់សម្គាល់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com