ជាតិ
កម្ពុជា នឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកដំបូងនៅខេត្តសៀមរាប លោក ឯក ថា អនុប្រធានអនុគណៈកម្មការផ្សព្វផ្សាយ និងសារព័ត៌មាន ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)
× ភ្នំពេញ៖ កម្ពុជា នឹងធ្វើម្ចាស់ផ្ទះ និងជាប្រធាន លើកិច្ចប្រជុំប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) ផ្លូវការ នៅថ្ងៃទី១៥-១៦មករា ក្នុងខេត្តសៀមរាប។ កិច្ចប្រជុំនេះ មានអ្នកចូលរួមជាង៣០០នាក់ មកពីប្រទេសផ្សេងគ្នា ក្នុងតំបន់ដែលជាសមាជិកICAPP។
លោក ឯក ថា អនុប្រធានអនុគណៈកម្មការផ្សព្វផ្សាយ និងសារព័ត៌មាន ACC បាននិយាយក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី៤មករាថា ACC ត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់ កម្ពុជា ចិន នេប៉ាល់ និងរុស្ស៊ី ហើយកិច្ចព្រមព្រៀងភាពជាដៃគូដ៏ល្អប្រសើរនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ ICAPP និងបណ្តាគណបក្សនយោបាយ នៅអាស៊ី។
លោក ឯក ថា បានបញ្ជាក់ដូច្នេះថា៖ « កម្ពុជា ចិន រុស្ស៊ី នេប៉ាល់ ក៏ជាសមាជិកសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី(ICAPP) ដែលមានសមាជិកជាង៣៥០រូប មកពីប្រទេស៥២ នៅក្នុងតំបន់អាស៊ី ផងដែរ»។
លោកបន្តថា គោលបំណងនៃការបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ី គឺដើម្បីបង្ហាញពីការយោគយល់គ្នាទៅវិញទៅមក និងការផ្លាស់ប្តូរគ្នាទៅវិញទៅមក រវាងសមាជិកនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ទាំងរូបិយ និងអរូបិយ។ លើសពីនេះ ដើម្បីលើកកម្ពស់តម្លៃសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាធនធានសំខាន់មួយរបស់ពិភពលោក។
បេតិកភណ្ឌពិភពកលោក ពិតជាមានតម្លៃណាស់ សម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ដែលបង្ហាញឲ្យឃើញនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសក្នុងអាស៊ី តាមរយៈប្រើប្រាស់វប្បធម៌ជាយាន ក៏ដូចជាការផ្សាភ្ជាប់គ្នា និងធ្វើឲ្យតំបន់អាស៊ី រស់នៅក្នុងសុខដុមរនីយកម្មជាមួយគ្នា។បើតាមលោក ឯក ថា។
សូមរម្លឹកថា កម្ពុជាបានក្លាយជាប្រធាននេះ ត្រូវបានបោះឆ្នោតជ្រើសតាំង ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) ឲ្យធ្វើជាម្ចាស់ផ្ទះនៃសម័យប្រជុំលើកទី៣៧ របស់គណៈកម្មាធិការនេះ ដែលបានប្រព្រឹត្តនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០១៣។ ដោយមានការចូលរួមពីគណៈប្រតិភូអន្តរជាតិជាង១.៤០០នាក់ មកពីជាង១២០ប្រទេស ជាមួយនឹងវត្តមានរបស់អ្នកសារព័ត៌មានជាច្រើនរយនាក់ផងដែរ។
កត្តាដែលធ្វើឲ្យកម្ពុជា ត្រូវបានប្រទេសជាសមាជិកបោះឆ្នោតជ្រើសរើស ជាប្រធាន ACCនេះ ដោយសារកម្ពុជា គឺជាប្រទេសមហាអំណាចខាងវប្បធម៌។ ជាក់ស្តែង កម្ពុជា មានប្រាសាទអង្គរវត្ត ប្រាទព្រះវិហារ ប្រាសាទសំបូរព្រៃគុកជាដើម ដែលត្រូវបានចុះបញ្ជីនៅអង្គការបេតិកភណ្ឌភពលោក។ ក្រៅពីប្រាសាទ កម្ពុជា ក៏បានចុះបញ្ជីបេតិកភណ្ឌអរូបបិយមួយចំនួនទៀត ដូចជា របាំព្រះរាជ្យទ្រព្យ ចាប៉ីដងវែង ល្ខោនខោល ល្បែងទាញព្រាត និងល្ខោកស្រមោលស្បែកធំជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com