ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី ដាក់សំណើ​លើក​ទី​៣ សុំ​ឲ្យ​លុប​បទ​ចោទ​ចេញពី​លោក កឹម សុខា
05, Jan 2019 , 6:59 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក កឹម សុខា
រូបពីហ្វេសប៊ុកលោក កឹម សុខា
 ក្រុម​មេធាវី បានដាក់​សំណើ​ជាថ្មី ទៅកាន់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​បើតាម​លោក ផែង ហេង មេធាវី​ម្នាក់​របស់លោក កឹម សុខា​។


​ក្រុម​មេធាវី យល់ថា ការស៊ើបអង្កេត​លើ​សំណុំរឿង​របស់លោក កឹម សុខា មាន​រយៈពេល​ជាង​មួយឆ្នាំ​ហើយ ដែល​គួរតែ​បញ្ចប់​។ ម្យ៉ាងទៀត រហូតមកដល់​ពេលនេះ ក៏​មិនទាន់​ឃើញ​ភស្តុតាង​ណាមួយ ដែល​អាចដាក់​បន្ទុក​លើ​លោក កឹម សុខា ដូច​ការចោទប្រកាន់​ដែរ​។  
 
​លោក ផែង ហេង បាន​ប្រាប់​សារព័ត៌មាន​ថ្មី​តាម​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩​នេះ​ថា​៖«​វា​អត់​ឃើញ​មាន​ជនបរទេស​ណា ដែល​ត្រូវរ៉ូវ ឬ​គប់គិត​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្តូ​ល​រំលំ​រដ្ឋាភិបាល​ទេ​»​។ 
 
​កន្លងមក ក្រុម​មេធាវី ធ្លាប់​ដាក់សំណើ​បែបនេះ​ពីរដង​រួចមកហើយ ប៉ុន្តែ​មិនដែល​ទទួលបាន​ដំណឹង​អ្វី​ពី​ចៅក្រម​ស៊ើបសួរ​ឡើយ​។ 
​លោក សម រង្ស៊ី និង​ក្រុម​អ្នកប្រឆាំង ដោយ​រួមទាំង​សហគមន៍​អន្តរជាតិ​ខ្លះទៀត បាន​ព្យាយាម​ជា​ដដែល ក្នុងការ​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ និង​ផ្តល់​សេរីភាព​ឲ្យ​បាន​ពេញលេញ​ជូន​លោក កឹម សុខា​។ លោក កឹម សុខា រង​ការចោទប្រកាន់ថា លោក លួច​សហការ​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ 
 
​បច្ចុប្បន្ន សំណុំរឿង​របស់លោក កឹម សុខា កំពុងស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ ដោយ​មិនទាន់​សម្រេច​យ៉ាងណា​នោះទេ​។ មេធាវី​របស់លោក កឹម សុខា ធ្លាប់​លើកឡើងថា ចៅក្រម​ស៊ើបសួរ នៅតែ​បន្ត​ស៊ើបសួរ​និង​រក​ភស្តុតាង​បន្ថែម​។ 
 
​មកដល់ពេលនេះ សំណុំរឿង​របស់លោក កឹម សុខា អូសបន្លាយ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំកន្លះ​ហើយ​។ លោក ត្រូវបាន សមត្ថកិច្ច ចូលទៅ​ចាប់ខ្លួន​ដល់ផ្ទះ កាលពី​ពាក់​កណ្តាលអធ្រាត្រ​ថ្ងៃទី​២​ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ 
 
​ជាប់ឃុំ​ក្នុង​ពន្ធនាគារ បាន​មួយឆ្នាំ ពោលគឺ​ស្ថិតក្នុង​ខែកញ្ញា ឆ្នាំ​២០១៨  ចៅក្រម​ស៊ើបសួរ ក៏​សម្រេច​ឲ្យ​លោក កឹម សុខា រស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ក្រោម​ហេតុផល​ថា គិតគូ​ពី​សុខភាព​របស់លោក​។ ប៉ុន្តែ ចៅក្រម​ស៊ើបសួរ បានដាក់​បម្រាម​យ៉ាង​តឹងរឹង ដោយ​មិន​អនុញ្ញាត​ឲ្យ​លោក ទៅណា​ឆ្ងាយ​ពី​ផ្ទះ​ឡើយ ហើយ​មិន​ឲ្យ​ជួប​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង រួមទាំង​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។ 
 
​ក្រុម​អ្នកប្រឆាំង មិន​ចាត់ទុកថា លោក កឹម សុខា នៅក្រៅ​ឃុំ​នោះទេ​។ ពួកគេ យល់ថា ចៅក្រម​ស៊ើបសួរ គ្រាន់តែ​ប្តូរ​ពី​ការឃុំ​លោក កឹម សុខា ក្នុង​ពន្ធនាគារ ទៅជា​ការឃុំ​ក្នុងផ្ទះ​ប៉ុណ្ណោះ​៕ 
 

Tag:
 កឹម សុខា​
  មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com