ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សាលា​វិចិត្រសិល្បៈ​ដាក់​ទម្រង់​ចាប៉ីដងវែង​ជា​ឧបករណ៍​ជ្រើសរើស​ឱ្យ​និស្សិត​រៀន​
05, Jan 2019 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បានដាក់​ទម្រង់​សិល្បៈ​ចាប៉ីដងវែង ជា​ឧបករណ៍​ភ្លេង ដើម្បីឱ្យ​សិស្ស​និស្សិត​ជ្រើសរើស និង​សិក្សា​ស្វែងយល់ ក្រៅពី​ជំនាញ​របស់ខ្លួន​។ និស្សិត​ដែល​រៀន​ទម្រង់​ចាប៉ីដងវែង​ជា​ឧបករណ៍​ភ្លេង​ជ្រើសរើស ខ្លះ​មានបំណង​រៀន​យក​ជា​អាជីព ហើយ​ខ្លះទៀត​រៀន​ដើម្បី​ថែរក្សា​ទម្រង់​សិល្បៈ​បុរាណ និង​ដើម្បី​បង្រៀន​សាច់ញាតិ​របស់ខ្លួន​។ គ្រូបង្រៀន​ចាប៉ីដងវែង ថ្នាក់​បំពេញបន្ថែម លោក ពេ​ជ សា​រ៉ា​ត ថា​និស្សិត​រៀន​ថ្នាក់​បរិញ្ញាបត្រ​ចាប៉ីដងវែង ស្ទើរតែ​មិនមាន​ទាល់តែសោះ​។ លោក​ថា ការដាក់​ទម្រង់​ចាប៉ី​ក្នុង​ឧបករណ៍​ជ្រើសរើស គឺជា​វិធី​បញ្ជ្រាប​ទៅដល់​សិស្ស​និស្សិត​។​



​ដើម្បី​បាន​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖
 

 
​តាំងពី​សម័យ​ដើម ចាស់​បុរាណ​បាន​យក​ទម្រង់​ចាប៉ី​ជា​មធ្យោបាយ​អប់រំ​ជនានុជន​ទូទៅ តាមរយៈ​កំណាព្យ​កាព្យ​ចួន ដែល​បង្កប់​ទៅដោយ​ពាក្យពេចន៍​អប់រំ​ដ៏​មាន​ខ្លឹមសារ លម្អ​សិល្បៈ​ភ្លេង​ចម្រៀង​ចាប៉ី​ពីរោះ​ត្រចៀក​។ មនុស្ស​ស្ទើរតែ​គ្រប់​ស្រទាប់ ពេញនិយម​ស្ដាប់​ចម្រៀង​ចាប៉ី​ណាស់​។ 
 
​ក្នុងសម័យ​បច្ចុប្បន្ន មាន​ឯកសារ​ចម្រៀង​ចាប៉ីដងវែង​ជា​សំឡេង និង​ជា​វីដេអូ​ផង ដែល​ច្រៀង​ពី​កំណាព្យ “​ច្បាប់ប្រុស​ច្បាប់ស្រី​” “​សុភាសិត​បុរាណ​” “​ច្បាប់​ល្បើក​ថ្មី​” “​បណ្ដាំ​ក្រុម​ង៉ុ​យ​” “​រឿង​រាមកេរ្តិ៍​” “​រឿង​ពុទ្ធប្រវត្តិ​" រឿងបុរាណ​ខ្មែរ​នានា ព្រមទាំង​ច្រៀង​ពី​ការអប់រំ​ជាច្រើន​ទៀត ដើម្បី​បានជា​គតិ​សម្រាប់​ជន​ប្រុស​ស្រី​។ 
 
​បើ​គេ​ក្រឡេក​ទៅ​មើល​មនុស្ស​ទូទៅ ព្រមទាំង​យុវជន​ក្ដី មាន​តិច​ណាស់​ដែល​បាន​ចូលខ្លួន​ទ្រទ្រង់​សិល្បៈ​បុរាណ​មួយ​ទម្រង់​នេះ ដោយសារ​ហេតុផល​ប្រហែល​គ្នា​។ តែ​ទោះជា​យ៉ាងណាក្ដី ក៏​នៅមាន​យុវជន​មួយចំនួន​មាន​ឆន្ទៈ លើកស្ទួយ​សិល្បៈ​ចាប៉ីដងវែង​តាម​លទ្ធភាព​របស់ខ្លួន​ដែរ​។ 
 
​កញ្ញា នេ​ម រដ្ឋ​គ​ន្ធា ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ផ្នែក​ចម្រៀង​បុរាណ​។ អង្គុយ​កាន់​ចាប៉ី​ក្នុង​ដៃ​នារី​វ័យ​២៣​ឆ្នាំ សម្បុរ​សរូប​នេះ​ថា​ខ្លួន​យក​ចាប៉ី​ជា​ឧបករណ៍​ភ្លេង​ជ្រើសរើស ក៏​ព្រោះតែ​នាង​ស្រឡាញ់ និង​ចង់​ថែរក្សា​ទម្រង់​សិល្បៈ​បុរាណ​ផង​។ កញ្ញា រដ្ឋ​គ​ន្ធា បញ្ជាក់ ៖« ដោយសារ​ចាប៉ី​បាន​ចុះ​ជា​បេតិកភណ្ឌ​ពិភពលោក ចឹ​ង​យើង​ជា​កូន​ខ្មែរ យើង​ត្រូវតែ​រួមគ្នា​ថែរក្សា​។ បើ​មិន​ចុះ​យើង​នៅតែ​ត្រូវ​ជួយ​ថែ ដើម្បី​កុំឱ្យ​បាត់បង់​»​។ 
  
 
​ក្នុង​មួយ​សប្ដាហ៍ គ​ន្ធា បាន​ជួប​គ្រូ​រៀន​ចាប៉ី​តែមួយ​ម៉ោង​តែប៉ុណ្ណោះ ដែលជា​ហេតុនាំឱ្យ​នាង​ពិបាក​ចាំ​សាច់​បទ​ដែល​គ្រូបង្ហាត់​។ ម៉ោង​ជួប​គ្រូ​តិច រៀន​ត្រូវ​ប្រើ​ដៃ​ទាំងពីរ​ចលនា​ផ្សេងគ្នា និង​មាន​ឧបសគ្គ​មួយចំនួនទៀត ដែល​ធ្វើឱ្យ គ​ន្ធា យល់ថា​ពិបាក​រៀន តែ​ទោះជា​យ៉ាងណា​នាង​រៀន​ចាប៉ី​ដើម្បី​យក​ជា​ជំនាញ​ទៅ​ថ្ងៃ​អនាគត​។ នារី​មាឌ​ស្ដើង​រូបនេះ លើកទឹកចិត្ត​យុវជន​ឱ្យ​ខិតខំ​ថែរក្សា​សិល្បៈ​វប្បធម៌​បុរាណ​យ៉ាង​ដូច្នេះ​ថា ៖« ខ្ញុំ​មួយអាទិត្យ​រៀន​បាន​តែមួយ​ម៉ោង​ទេ ហើយ​មួយអាទិត្យ​ទើបបាន​ជួប​គាត់​បាន​ម្ដងទៀត ពេលខ្លះ​ចង់​ភ្លេច អត់​បាន​មាន​ពេល​រៀន​ច្រើន តែបើ​ឧទាហរណ៍​ថា​បាន​រៀន​ជាមួយ​គាត់ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ឬ​ពេញ​មួយអាទិត្យ​ខ្ញុំ​គិតថា​លឿន​ចេះ​។ រៀន​ពិបាក​រត់ដៃ​ឱ្យ​លឿន​។ ខ្ញុំ​ចង់​លើកទឹកចិត្ត​គាត់​ឱ្យ​រៀន​ចាប៉ី កុំឱ្យ​បាត់បង់ ធ្វើ​ម៉េច​យើង​ត្រូវ​រៀន​មរតក​ដែល​ដូនតា​បន្សល់​ទុកឱ្យ​»​។ 
 
​ចំណែក​លោក គង់ វុ​ទ្ធ ក៏​ជា​និស្សិត​នៅក្នុង​សាលា​វិចិត្រសិល្បៈ​ដែរ​។ វុ​ទ្ធ រៀន​អា​យ៉ៃ​ជា​ជំនាញ​ទៅ​ថ្ងៃ​អនាគត ហើយ​គេ​បាន​ចាប់យក​ចាប៉ី​ជា​ឧបករណ៍​ជ្រើសរើស ដោយ​រៀន​ទាំង​កេះ​និង​ច្រៀង​។ ដោយសារតែ​មើលឃើញថា ចាប៉ីដងវែង និង​អា​យ៉ៃ មាន​ទម្រង់​ប្រហាក់ប្រហែលគ្នា ផ្នែក​ច្រៀង​និង​កំណាព្យ​កាព្យ​ចួន លោក​គិតថា​ទម្រង់​ទាំងពីរ​នេះ​អាចជួយ​យឹតយោង​គ្នា​បាន​។​
​វុ​ទ្ធ មិន​រៀន​ចាប៉ីដងវែង​ជា​ជំនាញ ឬ​រំពឹងថា​អាច​រកចំណូលបាន​ពីរ​ទម្រង់​មួយ​នេះ​ទេ តែ​បំណង​របស់​បុរស​រូប​នេះ គ្រាន់តែ​ចង់​រៀន​ឱ្យ​ចេះ ដើម្បី​បង្ហាត់បង្រៀន​សាច់ញាតិ ឬ​អ្នក​ដែល​ចង់​ចេះ​ពី​ខ្លួន​ប៉ុណ្ណោះ​។ «​បើ​យើង​មិន​យក​អាជីព គឺ​ការផ្សព្វផ្សាយ​ហ្នឹង​បាន​តិច​មែន មិនបាន​ធំ​ទេ ក៏ប៉ុន្ដែ​យើង​ផ្សព្វផ្សាយ​នៅតាម​ផ្ទះ​យើង បង្រៀន​កូនក្មួយ​អី​បន្តៗ​អីចឹង ឬក៏​មាន​បងប្អូន​ណា​ចង់​រៀន​ឱ្យគេ​ទៅ​រៀន​ទៅ ពីព្រោះ​ខ្ញុំ​អត់​ចេះ​លាក់​ទេ​»​។​
  
 
​និស្សិត​រៀន​ឆ្នាំ​ទី​៣ រូបនេះ​រៀន​ចាប៉ី​បាន​២​ឆ្នាំ​កន្លងមកហើយ តែ​ដោយ​រៀន​ចេះតែ​ខាន លោក​ទើបតែ​ចេះ​បាន​ប្រមាណ​២​បទ​តែប៉ុណ្ណោះ​។ ផលវិបាក​ក្នុង​ការរៀប​ចាប៉ី​របស់​បុរស​មកពី​ខេត្តកំពង់ស្ពឺ​រូបនេះ ក៏​មិន​ខុសពី​សិស្ស​ចាប៉ី​ដទៃទៀត​ដែរ​។ លោក​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​៖«​ច្រៀង​ចាប៉ី យើង​ឡើង​ភ្លាម​យើង​ច្រៀង​ភ្លាម យើង​ឃើញ​អ្វី​យើង​ច្រៀង​ហ្នឹង អីចឹង​ទាល់តែ​ខួរក្បាល​យើង​ដើរ​មួយ​ជំហាន​មុន ក៏ប៉ុន្ដែ​យើង​វា​នៅ​ក្មេងខ្ចី ស្ទើរ​បទពិសោធន៍​។ យើង​អត់​មាន​ឧបករណ៍​ទៅ​សិក្សា​នៅផ្ទះ គឺ​ពិបាក​ខ្លាំង​មែនទែន​។ ទម្រាំ​បាន​វិលជុំ​ជួប​គ្រូ​បានមក​រៀន​វិញ ដូច​យើង​មក​រៀន​របស់​ចាស់​វិញ​អីចឹង​»​។​
 
​ចំណែកឯ​លោក ពេ​ជ សា​រ៉ា​ត គឺជា​គ្រូបង្រៀន​ចាប៉ី​ក្នុង​ម៉ោង​បំពេញបន្ថែម​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​ពន្យល់​ពី​ការរៀន​ឧបករណ៍​ជ្រើសរើស​យ៉ាង​ដូច្នេះ​ថា​៖«​គាត់​មាន​ជំនាញ​ព្យា​ណូ ប៉ុន្ដែ​ត្រូវ​ចេះ​អំពី​ឧបករណ៍​ខ្មែរ​ខ្លះៗ គឺ​យល់​អំពី​ឧបករណ៍​ខ្មែរ​យើង​ដូចជា ខ្លុយ ទ្រខ្មែរ​ខ្សែ​បី ខ្សែ​មួយ ឬក៏​ចាប៉ីដងវែង​អីហ្នឹង​។ ចឹ​ង​ថ្នាក់ដឹកនាំ​គាត់​យល់ឃើញថា ក្រៅពី​គាត់​ចេះ​ព្យា​ណូ គាត់​អាចយ​ល់ពី​សំនៀង​របស់​ខ្មែរ​យើង និង​ជា​អ្វី​ដែលជា​មរតក​របស់​ខ្មែរ​»​។​
​លោក សា​រ៉ា​ត​ថា នៅក្នុង​សាលា​វិចិត្រសិល្បៈ មាន​ថ្នាក់​បរិញ្ញាបត្រ​ចាប៉ី​ដែរ ក៏ប៉ុន្តែ​ស្ទើរតែ​គ្មាន​សិស្ស​ចាប់អារម្មណ៍​រៀន​សោះ​។ ដោយ​កត្តា​នេះហើយ ទើបបានជា​សាលា​ដាក់​ទម្រង់​ចាប៉ី​ទៅក្នុង​ឧបករណ៍​ជ្រើសរើស ឬ​ហៅថា​ឧបករណ៍​បំពេញបន្ថែម​។ លោក សា​រ៉ា​ត បន្ថែម ៖« សាលា​មធ្យម​មាន​បង្រៀន​ថ្នាក់​អា​យ៉ៃ និង​ថ្នាក់​ចាប៉ីដងវែង​។ រៀន​នៅ​សាលា​មធ្យម​ហ្នឹង គឺ​រៀន​ពី​មូលដ្ឋានគ្រឹះ រៀន​ពី​បាត​អី​ទាំងអស់ ដល់​ឡើងមក​ដល់​សកល​វិទ្យាល័យ គឺ​បំពេញ​នូវ​ចំណេះ គាត់​យល់ដឹង​ពី​ចរិត​នៃ​ឧបករណ៍​ភ្លេង អំពី​បច្ចេកទេស អំពី​ការប្រគំ អំពី​ការសម្ដែង អំពី​ការបង្ហាញ គឺ​កម្រិត​នៃ​ការ​ចូលរៀន​ចាប៉ីដងវែង​ហ្នឹង​មិនមាន​តែម្ដង​»​។​
 
​គ្រូ​ឯកទេស​ចាប៉ី​រូបនេះ បាន​ពន្យល់​ពី​ការរៀន​ចាប៉ី​ក្នុង​ម៉ោង​បំពេញបន្ថែម និង​ថ្នាក់​បរិញ្ញាបត្រ​យ៉ាង​ដូច្នេះ​៖«​សាលា​ជ្រើសរើស​រាល់​ឆ្នាំ តែ​អត់​មាន​បងប្អូន​យើង​ចូលរួម​ទៅ​ដាក់​អីចឹង​ពេល​ឡើងមក​ដល់​សកល​វិទ្យាល័យ​រឹតតែ​អត់​ទៀតហើយ ព្រោះ​លំហូរ​ពី​សាលា​មធ្យម​ចូល​សកល​វិទ្យាល័យ​។ ចឹ​ង​ថ្នាក់ដឹកនាំ​យល់ឃើញថា ត្រូវតែ​ឱ្យមាន​ម៉ោង​បំពេញបន្ថែម ដើម្បីឱ្យ​សិស្ស​គាត់​ស្វែងយល់​ស្រាវជ្រាវ​»​។ 
  
 
​បច្ចុប្បន្ន​សិស្ស​រៀន​ចាប៉ី​ក្នុង​ម៉ោង​បំពេញបន្ថែម​មាន​ចំនួន​១០​នាក់​។ ការជ្រើសរើស​ឧបករណ៍ ដើម្បី​រៀន​បំពេញបន្ថែម មាន​ពីរ​ផ្នែក​ទីមួយ​សិស្ស​រៀន​ផ្នែក​តន្ត្រី អាច​ជ្រើសរើស​ឧបករណ៍​ដែល​ខ្លួន​ពេញចិត្ត​យកមក​បំពេញបន្ថែម​។ ចំណែក​សិស្ស​មួយផ្នែក​ទៀត គឺ​តម្រូវឱ្យ​រៀន​តែម្ដង​។ លោក​បាន​ពន្យល់​បន្ថែម​ថា ៖« មាន​អ្នកខ្លះ​គាត់​សុំ​រៀន​ចាប៉ី សិស្ស​ខ្លះ​យើង​តម្រូវឱ្យ​។ ថ្នាក់ដឹកនាំ​គាត់​ត្រូវ​បង្ហាញផ្លូវ​ហើយ​ថា អូន​ឯង​អាចមក​រៀន​ចាប៉ី​បំពេញបន្ថែម​»​។​
 
​ការបង្រៀន​ចាប៉ី​បំពេញបន្ថែម​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គា​រ៍ ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​១១​ព្រឹក ដែល​មិន​ទាមទារ​ឱ្យ​សិស្ស​ចេះ​ច្បាស់លាស់​ខ្លាំង លើ​ជំនាញ​នេះឡើយ​។ លោក ពេ​ជ សា​រ៉ា​ត បាន​រម្លឹកថា បើ​គេ​ក្រឡេក​ទៅ​មើ​ស​៥​ឆ្នាំមុន ទម្រង់​ចាប៉ី ហាក់​នៅមាន​អ្នក​ស្គាល់ និង​អ្នករៀន​តិច​នៅឡើយ បើ​ប្រៀបធៀប​នឹង​ពេលបច្ចុប្បន្ន​។ តែ​ទោះជា​យ៉ាងណា ចំនួន​នេះ ក៏​នៅតែ​មិនទាន់​អាច​ធានាបាន​ថា អាចឱ្យ​ទម្រង់​ចាប៉ី​នៅ​ឋិតថេរ​បានដែរ​។ លោក​ថា បើ​ចង់ឱ្យ​មនុស្ស​យល់​តម្លៃ​ទម្រង់​សិល្បៈ​ចាប៉ីដងវែង​កាន់​ច្បាស់ គេ​ត្រូវការ​ពេល​យូរ​ឆ្នាំ​ទៅមុខទៀត ៖«​បើ​ខ្ញុំ​ត្រឡប់​ទៅក្រោយ​វិញ ៥​ឆ្នាំមុន ទម្រង់​ចាប៉ី​មាន​ភាគរយ​តិច​មែនទែន គឺ​តែមួយ​ភាគរយ​ទេ ក្នុង​ប្រជាជន​ទូទៅ​ទាំងអស់ ប៉ុន្តែ​ពេល​ចូល​ជា​បេតិកភណ្ឌ​ហើយ យើង​ក្រឡេក​មើលឃើញ​មួយ​ចុច​ទេ​។ យើង​គិតថា​ការធ្វើការ​រួមគ្នា​នៅពេលនេះ មិនទាន់​ជោគជ័យ​នៅឡើយ​ទេ យើង​នៅ​ខ្វះ​ធនធាន ផ្នែក​មូលនិធិ​គាំទ្រ​។ ការធ្វើឱ្យ​ចាប៉ី​ហ្នឹង​ឱ្យបាន​ល្អប្រសើរ ឬ​រីក​សុះសាយ យើង​មិនអាច​ប្រើពេល​វេលា​តិច​បានទេ​»​។​
 
​ពី​សម័យ​ដើម ដោយសារតែ​សង្គម​មិនទាន់មាន​សម្ភារ និង​បច្ចេកវិទ្យា​ទំនើប ដូចជា​ទូរទស្សន៍ វិទ្យុ ទូរ​សព្ទ ភាពយន្ត តន្ត្រី​ទំនើប​ចម្រុះ​ជាដើម ចម្រៀង​ចាប៉ីដងវែង គឺជា​តន្ត្រី​ដ៏​ពេញនិយម​សម្រាប់​មនុស្ស​ស្ទើរតែ​គ្រប់​វ័យ​។ គេ​ស្ដាប់​ចាប៉ី មិនមែន​គ្រាន់តែ​ជាការ​កម្សាន្ត ឬ​ឱ្យតែ​ពីរោះ​ត្រចៀក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ស្ដាប់​ចាប៉ី ដើម្បី​ទទួលបាន​ចំណេះដឹង​បង្កប់​គំនិត​អប់រំ​យ៉ាងជ្រៅ​នោះឯង​។​
 
​អ្នកចេះ​ទម្រង់​ចាប៉ី​ស្ទាត់ មិនមែនជា​មនុស្ស​ធម្ម​តា​នោះឡើយ ពោល​ជន​នោះ គឺ​ច្បា​ស់ទាំង​អក្សរសាស្ត្រ​អក្សរសិល្ប៍​ខ្មែរ ចំណេះដឹង​ទូទៅ ការចងចាំ ចេះ​កំណាព្យ​កាព្យ​ចួន​ច្បាស់លាស់ មាន​បញ្ញា​វាងវៃ ដែល​អាច​ដោះស្រាយ​ប្រស្នា ឬ​សំណួរ​បាន​ភ្លាមៗ​។ សិល្បករ​ចាប៉ី អាច​ច្រៀង​រៀបរាប់​ពី​ទិដ្ឋភាព​ជាក់ស្ដែង​កំពុង​ឃើញនឹងភ្នែក ឮ​នឹង​ត្រចៀក ដោយមាន​ចុងចួន​ច្បាស់លាស់ ពីរោះ​ត្រចៀក និង​មាន​អត្ថន័យ​ផង​៕

 

 

Tag:
 ចាប៉ីដងវែង​
  សិល្បៈ​
  ឧបករណ៍​ភ្លេងខ្មែរ​
  សាលា​រចនា​
  សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com