វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
UN ប្រើ​យន្តហោះ​ដ្រូ​ន​ដើម្បី​ដឹក​វ៉ាក់សាំង​ទៅ​ជួយ​កុមារ​នៅ​ទី​ដាច់ស្រយាល​
06, Jan 2019 , 8:30 am        
រូបភាព
រូបតំណាង (UNICEF)
រូបតំណាង (UNICEF)
​អង្គការ UNICEF ដែលជា​ផ្នែក​មួយ​នៃ​អង្គការសហប្រជាជាតិ​មាន​បន្ទុក​ខាង​ផ្នែក​សុខភាព​កុមារ​ពិភពលោក​បាន​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន​សម្រាប់​ដឹកជញ្ជូន​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​សម្រាប់​កុមារ​​តូចៗ​នៅតាម​ទី​ដាច់ស្រយាល​នានា​នៅ​កោះ​ប៉ាស៊ីហ្វិក​។​

 
​ការអនុវត្ត​វិធីសាស្ត្រ​ថ្មី​មួយ​នេះ​ត្រូវបាន​គេ​ធ្វើឡើង​នៅក្នុង​ប្រទេស​កោះ Vanuatu ដែលជា​ប្រជុំ​កោះដាច់​ស្រយាល​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង​។ ការធ្វើដំណើរ​ឆ្លង​ការ​នៅតាម​ប្រជុំ​កោះ​ទាំងនោះ​ភាគច្រើន​ប្រើប្រាស់​រយៈពេល​ជាច្រើន​ម៉ោង​ក្នុង​ចម្ងាយ​ប្រមាណ​ជា​៤០​គីឡូ​មែត្រ​ប៉ុណ្ណោះ​។ 
 
​នៅលើ​កោះ កុមារ​ប្រមាណ​២០​ភាគរយ​មិនបាន​ទទួល​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ការពារ​សុខភាព​នោះឡើយ​។ ហេតុដូចនេះ ការពឹង​ផ្អែកលើ​យន្តហោះ​ដ្រូ​ន​គឺជា​ជម្រើស​មួយ​យ៉ាងសំខាន់​និង​ងាយស្រួល​ក្នុងការ​ចែកចាយ​សម្ភារៈ​សុខាភិបាល​ទាំងនោះ​ទៅកាន់​ភូមិ​ប្រជាជន​ដែល​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ដែរ​។​
 
​សារព័ត៌មាន​អង់គ្លេស BBC កាលពី​ថ្ងៃទី​១៩​ខែធ្នូ បាន​ដកស្រង់​សម្តី​របស់​លោកស្រី Henrietta Fore ដែលជា​អ្នកទទួលបន្ទុក​ជាន់ខ្ពស់​នៅ​អង្គការ UNICEF ថា​៖«​ការប្រើប្រាស់​ដ្រូ​ន​សម្រាប់​ចែកចាយ​វ៉ាក់សាំង​គ្រាន់តែ​ជា​សកម្មភាព​មួយ​តូច​ប៉ុណ្ណោះ​ក្នុងពេល​សព្វថ្ងៃ ប៉ុន្តែ​វា​អាចជា​សកម្មភាព​មួយ​ដ៏​ចាំបាច់​សម្រាប់​សុខភាព​កុមារ​ក្នុង​ពិភពលោក​នៅក្នុង​ពេលអនាគត​»​។ 
 
​អ្នកស្រី​ក៏បាន​បន្តទៀតថា ដោយសារតែ​កត្តា​របាំង​ភូមិសាស្ត្រ​ទើប​ធ្វើ​ឲ្យ​ការធានា​សុខភាព​កុមារ​ពី​មេរោគ​និង​ជំងឺឆ្លង​មួយចំនួន​មាន​ភាពរអាក់រអួល ពេលខ្លះទៀត​ការប្រើប្រាស់​ធនធាន និង​ពេលវេលា​ច្រើន​ក្នុងការ​ផ្គត់ផ្គង់​ចែកចាយ​។ 
 
​ប្រទេសមួយ​ចំនួន​កំពុង​ចុះ​កិច្ចព្រមព្រៀង​មួយក្រុម​ហ៊ុន​ដ្រូ​ន​ដើម្បី​ផលិត និង​ព​ង្រឹ​ក​សេវាកម្ម​ដឹកជញ្ជូន​ថ្នាំពេទ្យ​និង​វ៉ាក់សាំង​ទាំងនោះ​ផង​។ ក្នុងការ​អនុវត្ត​វិធីសាស្ត្រ​ថ្មី​មួយ​នេះ អង្គការ UNICEF បាន​ពឹង​ផ្អែកលើ​ក្រុមហ៊ុន​ដ្រូ​ន​នៅ​ប៉ែក​ខាងកើត​ប្រទេស​អូស្ត្រាលី​ដើម្បី​ចែកចាយ​វ៉ាក់សាំង​ទាំងនោះ​ទៅកាន់​កោះ Vanuatu ។ 
 
​នៅលើ​ដ្រូ​ន​នោះ វ៉ាក់សាំង​និង​ថ្នាំពេទ្យ​ត្រូវបាន​គេ​ដាក់​នៅក្នុង​ប្រអប់​ស្នោ​ពិសេស ដែល​អាច​រក្សា​សីតុណ្ហភាព​អាច​ការពារ​ការបាត់បង់​គុណភាព​របស់​ថ្នាំ​បាន​។ ការហោះហើរ​របស់​ដ្រូ​ន​ត្រូវការ​រយៈពេល​តែ​២៥​នាទី បើ​ប្រៀប​ការធ្វើដំណើរ​តាម​ទូក​ដែល​ត្រូវ​ចំណាយពេល​ច្រើន​ម៉ោង​។ នៅពេល​ទៅដល់​កន្លែង​ដែល​ត្រូវ​ចុះចត គ្រូពេទ្យ​នៅក្នុង​ភូមិ​ទាំងនោះ​នឹង​អាច​ប្រើប្រាស់​ថ្នាំ និង​វ៉ាក់សាំង​ក្នុងការ​ព្យាបាល​និង​មើលថែទាំ​កុមា​រដែរ​។ 
 

Tag:
 អន្តរជាតិ​
  វ៉ាក់សាំង​
  ដ្រូ​ន​សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com